រោងចក្រ​ធុនធំ​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០២៥ មាន​ចំនួនជាង ៦០០​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រោងចក្រ​ធុនធំ​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០២៥ មាន​ចំនួនជាង ៦០០​

 រោងចក្រធុនធំកំពុង​ដំណើរការ​នៅ​កម្ពុជា គិត​ត្រឹម​ចុង​ឆ្នាំ​២០២៥ មានប្រមាណ​ជាង ៣ ពាន់រោងចក្រ​ ដោយ​កើនឡើង​​ជិត ៣០% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈរោងចក្រធុនធំដែល​បាន​​បិទទ្វារក្នុងឆ្នាំ២០២៥មានចំនួនជាង ៤០រោងចក្រ។ នេះ​បើ​យោងតាម​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍។​​


របាយការណ៍​​ក្រសួង​ឧស្សាហកម្ម បង្ហាញ​​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥ នៅកម្ពុជា​មាន​រោងចក្រធុនធំដំណើរការចំនួន ៣ ០៤៣ រោងចក្រ ដោយកើនឡើង ៦៥៨ រោងចក្រ ឬស្មើនឹង ២៧,១៣% បើធៀបនឹងឆ្នាំ២០២៤។ ជាមួយ​គ្នា​នេះក៏មាន​​រោងចក្រធុនធំបិទទ្វារចំនួន ៤២ ផងដែរ ខណៈ​ក្នុង​ឆ្នាំ​២០២៤ មាន​​រោងចក្រ​ ២៦ បិទទ្វារ។


ក្នុង​ចំណោម​រោងចក្រ​ទាំង ៣ ០៨៣ គឺចំនួន ៨៩៥ ស្ថិតក្នុង​រាជធានីភ្នំពេញ, ៦០៣ នៅ​ខេត្ត​កំពង់ស្ពឺ, ៤០៣ នៅ​ខេត្ត​កណ្តាល, ៣២៧ នៅ​ខេត្តស្វាយរៀង, ៣០៥ នៅ​ខេត្ត​ព្រះសីហនុ, និង ២៣១ នៅខេត្ត​តាកែវ ​ជា​ដើម។ ភាគ​ច្រើន​នៃ​រោងចក្រ​ទាំង​នោះ គឺជា​​រោងចក្រ​កាត់ដេរសម្លៀកបំពាក់, កែច្នៃផលិតផល​ពីស្បែក, ក្រដាស និង​ផលិតផលពីក្រដាស, ផលិតផល​ម្ហូបអាហារ, បរិក្ខាអគ្គិសនី, ផលិតផល​កៅស៊ូ និង​ផ្លាស្ទិក, ​គ្រឿង​សង្ហារិម, ផលិតផល​ពីរ៉ែអលោហៈ, និង​ផលិតផល​ពី​ឈើ​។


ជាមួយ​គ្នា​នេះចំនួន​កម្លាំងពលកម្ម​ដែល​កំពុង​បម្រើការ​តាមបណ្តា​រោងចក្រ​​ ក្នុង​ឆ្នាំ​២០២៥ គឺ​​ប្រមាណ ១,២៧ លាននាក់ កើន​ឡើង ៩,៣៨%​ បើ​ធៀប​នឹង​ឆ្នាំ​២០២៤។​ នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម។​


ក្រសួង​បាន​លើក​ឡើង​ថា ចាប់តាំង​ពី​ដើមនីតិកាលទី៧ រាជរដ្ឋាភិបាលកម្ពុជា​បានខិតខំយ៉ាង​ខ្លាំង​​ក្នុងការកែទម្រង់ជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលនៅតែបន្តខិត​ខំ​ពង្រឹងភាពប្រកួតប្រជែង ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិតាមរយៈការកែលម្អបរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកសំដៅជំរុញការតភ្ជាប់ទៅនឹងខ្សែច្រវាក់ផលិតកម្ម​ក្នុងតំបន់ និងសកល, ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើនតម្លៃបន្ថែម​កាន់តែខ្ពស់, ការបង្កើតការងារបន្ថែមកាន់តែច្រើន​សម្រាប់ពលកម្មមាន​ជំនាញ, និង​ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យកាន់តែទូលំទូលាយ។ល។


ក្រសួង​បញ្ជាក់​​ថា៖​«​វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ជាឧបករណ៍យុទ្ធសាស្ត្រចាំបាច់មួយ​ក្នុង​ការ​ឈានទៅសម្រេចនូវចក្ខុវិស័យនានា ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងជាកម្លាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមកម្ពុជា។ ជាក់ស្តែង​ក្នុងឆ្នាំ២០២៥ វិស័យឧស្សាហកម្មបានបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៩,៣% ដោយឡែកក្នុងឆ្នាំ២០២៦ នេះទោះបីត្រូវប្រឈមនឹងបញ្ហាជាច្រើន រួមទាំងអរិភាពព្រំដែនជាមួយប្រទេសជិតខាងក្តី ក៏វិស័យ​នេះត្រូវបានព្យាករណ៍មានកំណើន ៧,២% ផងដែរ»។


អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ថា ការ​កែទម្រង់​ប្រព័ន្ធ​ច្បាប់វិនិយោគ កំណើន​ផលិតភាព​នៃ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក និង​មាន​​ទីផ្សារ​នាំចេញធំទូលាយ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ​វិនិយោគិនជាតិ និង​អន្តរជាតិ​កាន់​តែ​ច្រើន​ឱ្យ​បើក​រោងចក្រ​ផលិត​ផ្ទាល់​។ លោក​បន្ត​ថា កំណើន​រោងចក្រ ជា​ពិសេស​រោងចក្រ​ធុនធំ គឺ​ពិត​សារៈ​សំខាន់​ណាស់​សម្រាប់​កម្ពុជា​នា​ពេល​នេះ។ មួយ​វិញ​ទៀត​បើ​គេ​សង្កេតមើល​ជា​ទូទៅ គឺ​រោងចក្រ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​មិន​មែន​សុទ្ធ​តែជាប្រភេទ​ឧស្សាហកម្ម​ធុន​ស្រាល​ដូច​កាល​ពី​មុន​ឡើយ​។​​


លោកបាន​ថ្លែង​ថា៖​«​ ការ​កែលម្អច្បាប់​វិនិយោគឱ្យ​​​ទាក់​ទាញ សម្បូរពលកម្ម​ មាន​​ទីផ្សារ​បរទេស​​ចាំបញ្ជា​ទិញ​ និង​ការ​ចូល​ជា​ធរមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី​ដែល​កម្ពុជា​បាន​ចុះ​ជាមួយ​ប្រទេសនានា គឺ​ជា​ចំណែក​​សំខាន់ដែល​​ជួយ​ជំរុញ​កំណើន​ការ​នាំ​ចេញ​ទំនិញ និង​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រីក​ចម្រើន​»។ លោក​បន្ត​ថា៖​«ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​​វិស័យកម្មន្តសាល គឺ​នឹង​ផ្តល់​ភាព​រឹងមាំ និង​ជាក់​លាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា។ កំណើន​រោងចក្រ​នឹង​ជួយ​ធ្វើ​ឱ្យសមត្ថភាពនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិកាន់​តែ​ប្រសើរ»៕​


Post a Comment (0)
Previous Post Next Post