កម្ពុជា-បារាំង សន្យានឹង​ជំរុញ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី​ឱ្យ​កាន់​តែប្រសើរថែម​ទៀត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា-បារាំង សន្យានឹង​ជំរុញ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី​ឱ្យ​កាន់​តែប្រសើរថែម​ទៀត

 កម្ពុជា-បារាំង​ បាន​សន្យានឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគជាមួយគ្នា​​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត​ ខណៈ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ កាល​ពីឆ្នាំ​២០២៥ សម្រេចបាន​ជិត ៥៧០ លាន​ដុល្លារ​។​


ការ​អះអាង​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​​រវាង ​លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយ​នឹង​ លោក Thomas Lam សមាជិកសភា​ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង នៅ​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។


ជាកិច្ច​ចាប់​ផ្តើម​ លោក សួន សុផល បាន​ស្វាគមន៍ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូបារាំង​ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ និង​បានមក​​ជួប​ពិភាក្សា​ជា​មួយ​តំណាង CDC ក្នុង​ន័យ​ដើម្បី​ផ្លាស់ប្តូរទស្សនៈពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគី​ឱ្យ​កាន់​តែ​ប្រសើរ​។ លោក​បានរំលឹក​​​ថា ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ​សុទ្ធតែ​មាន​ការប្តេជ្ញាចិត្តខ្ពស់​ក្នុងការបន្តពូនជ្រុំទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាង​ប្រទេស​ទាំង ២ ជាពិសេសការលើកកម្ពស់សកម្ម​ភាព​ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី​ តាមរយៈការផ្សារភ្ជាប់ធុរកិច្ចបារាំងដែលមានសក្តានុពលចូលមកកាន់ទីផ្សារកម្ពុជា​។


លោក​បាន​​ប្រាប់​ភាគី​បារាំង​ទៀត​​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​​​កំពុង​ខិតខំយ៉ាង​ខ្លាំង​​ក្នុងការកែលម្អបរិយាកាសវិនិយោគ តាមរយៈការដាក់ចេញនូវរបបវិនិយោគដែលមានភាពឆ្លាតវៃ និងអនុគ្រោះខ្ពស់, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យស្របតាមតម្រូវការទីផ្សារ, ព្រមទាំងការដាក់ចេញនូវយន្តការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែក​ឯកជនកម្ពុជា-សហភាពអឺរ៉ុប(ប្រទេស​បារាំង គឺ​ជា​សមាជិក​​សហភាព​អ៊ឺរ៉ុប) ដែលបានប្រព្រឹត្តទៅចំនួន ៣ លើករួចមកហើយ ដើម្បីកសាងជំនឿទុកចិត្ត និងដោះស្រាយរាល់កង្វល់របស់វិនិយោគិនប្រកបដោយប្រសិទ្ធភាព។


លោក​ថ្លែង​ថា៖​«​ខ្ញុំ​សូមស្នើឱ្យក្រុមមិត្តភាពកម្ពុជា-បារាំង បន្តរួមគ្នាដាក់ចេញនូវគំនិតផ្តួចផ្តើម និងផែនការសកម្មភាពនានាសំដៅ​ពង្រឹងទំនាក់ទំនងធុរជន និងធុរជន​(B2B) នៃប្រទេសទាំងពីរ ជាពិសេសការចាប់យកកាលានុវត្តភាពនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំវេទិកាវិនិយោគ និងធុរកិច្ចឱ្យក្លាយជាព្រឹត្តិការណ៍អមដ៏មានសារៈសំខាន់មួយ»។


ក្នុងនាម​តំណាងស្ថាប័ននីតិប្បញ្ញត្តិបារាំង លោក Thomas Lam បានបង្ហាញ​ពី​ការ​ប្តេជ្ញាចិត្តបន្តជំរុញ​ធុរកិច្ចបារាំងលើវិស័យកសិឧស្សាហកម្ម, យានយន្ត, អេឡិចត្រូនិក, សុខាភិបាល និងភស្តុភារកម្ម ឱ្យ​ចូល​មកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះភាគីបារាំងក៏បាន​សន្យាជំរុញឱ្យក្រុមហ៊ុនបារាំងចូលរួមយ៉ាងសកម្មក្នុង «វេទិកាវិនិយោគ និងធុរកិច្ច» ដែលនឹងត្រូវរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនា​ពេល​ខាង​មុខ​។


លោក​បាន​និយាយ​ថា៖​«​ខ្ញុំ​សូម​សម្តែងការអបអរសាទរចំពោះកម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសន្យានឹងបន្តជំរុញឱ្យធុរកិច្ចបារាំងដែលមានសក្តានុពលខ្ពស់ ឱ្យ​មកចាប់ផ្តើម និងពង្រីកប្រតិបត្តិការវិនិយោគនៅកម្ពុជាលើវិស័យដែលមានស្រាប់ ក៏ដូចជាវិស័យដែលទាក់ទាញនវានុវត្តន៍នានារួមមានវិស័យកសិឧស្សាហកម្ម, គណនេយ្យ និងហិរញ្ញវត្ថុ, ទេសចរណ៍, យានយន្ត និងអេឡិចត្រូនិក, សុខាភិបាល, និងភស្តុភារកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន»។


តាម​ការ​ផែនការ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ (កិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង) នៅខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រមុខដឹកនាំប្រទេស​ជាច្រើន ក្នុង​នោះ​ក៏​នឹង​មាន​ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ផងដែរ​។


ទិន្នន័យ​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា-បារាំង​មាន​ទឹក​ប្រាក់​សរុប ៥៦៨,៧៤ លាន​ដុល្លារ កើន​ ១១,៧% បើ​ធៀប​ឆ្នាំ​២០២៤ ក្នុង​នោះ​កម្ពុជា​នាំ​ទៅបារាំង ៤៤៧,៥២ លាន​ដុល្លារ កើន ១២,៥% ចំណែក​បារាំង​នាំចូល​វិញ ១២១,២១ លាន​ដុល្លារ កើន ៩%។ បារាំង គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​​ធំ​ជាង​គេ​ទី​១៦ របស់​កម្ពុជា។​


អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​២៥ ខែកុម្ភៈថា ទំនាក់​ទំនង​​រវាង​ប្រទេស​​កម្ពុជា-​បារាំង គឺ​មានរយៈ​ពេល​ជិត ២ សតវត្ស​មក​ហើយ ដូច្នេះ​ប្រសិន​បើ​បារាំង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​គឺ​ជា​ការ​ល្អ​ណាស់។ បារាំង គឺ​ជា​ប្រទេស​មាន​​សេដ្ឋកិច្ចរីក​ចម្រើន និង​ធំ​មួយ​នៅ​តំបន់​អឺរ៉ុប ដូច្នេះ​បើរដ្ឋាភិបាល​​បារាំង​ជួយ​លើក​ទឹក​ចិត្ត​​វិនិយោគិន​របស់​ខ្លួន​ឱ្យ​​​មក​បើក​រោងចក្រ​ផលិតនៅ​កម្ពុជាដើម្បី​នាំចេញ​ទៅ​ទីផ្សារ​របស់​ខ្លួន ឬ​តំបន់​អឺរ៉ុប គឺ​ជា​ការ​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​។


លោក​ថ្លែង​ថា៖​«​ក្រៅ​ពី​ធ្លាប់​ដាក់​អាណានិគមលើ​ប្រទេស​កម្ពុជា ប្រទេស​បារាំងក៏​មាន​ទំនាក់​ទំនង​ការទូត និង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​កម្ពុជាដែរ។ ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​យើង​ពិត​ជា​ចង់​ឃើញ​វិនិយោគិន​បារាំង និង​ជន​បរទេស​ផ្សេង​ទៀត​ចូល​មក​វិនិយោគ​ផ្ទាល់​នៅ​កម្ពុជា​កាន់​តែ​ច្រើន​»។​


បើ​​គិតចាប់ពីឆ្នាំ១៩៩៤ មកដល់ពាក់កណ្តាល​ឆ្នាំ​២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើ​គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកពីប្រទេសបារាំងសរុបចំនួន ៤៤ គម្រោង​ដែលមានទុនវិនិយោគប្រមាណ ៣៨០ លានដុល្លារ។ នេះ​បើ​យោង​តាម CDC៕


Post a Comment (0)
Previous Post Next Post