ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ដៃគូ RCEP ទាំង​អស់​មាន​ទឹកប្រាក់​ជាង ៣,៧៦ ពាន់លាន​ដុល្លារ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ដៃគូ RCEP ទាំង​អស់​មាន​ទឹកប្រាក់​ជាង ៣,៧៦ ពាន់លាន​ដុល្លារ

 សមាជិក​នៃ​កិច្ច​ព្រម​ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់​(RCEP) គឺជាដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កម្ពុជា ដោយ​ក្នុង​ខែដំបូង​នៃ​​ឆ្នាំ​២០២៦ ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ទាំង​អស់​នោះ​មាន​ទឹក​ប្រាក់ប្រមាណ ​៣,៧៦ ​ពាន់លានដុល្លារ ក្នុងនោះកម្ពុជា​បាន​ចេញ​ជាង ៩២៧ លានដុល្លារ កើនឡើង ១៩,៣៤% និង​នាំចូល​មក​វិញ​ ២,៨៣ ពាន់លានដុល្លារ កើនឡើង ១៣,៣២%។​


RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មលក្ខណៈ​តំបន់​ដែលផ្តួចផ្តើម​បង្កើត​ឡើងដោយប្រទេសសមាជិកអាស៊ានទាំង ១០ (ឆ្នាំ​២០១២)។ បច្ចុប្បន្ន RCEP មានសមាជិក ១៥ ប្រទេស ដោយ ១០​ប្រទេស​ជាសមាជិកអាស៊ាន និងប្រទេស​ដៃគូ​ចំនួន ៥ ​រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ កិច្ច​ព្រមព្រៀង​នេះ​បានចូលជាធរមាន​នៅឆ្នាំ២០២២ ដោយ​ផ្តោត​ការអនុគ្រោះ​ពន្ធគយ និង​ជំរុញការវិនិយោគ។


ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE)បង្ហាញ​ថា ​ប្រទេសសមាជិក RCEP ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​របស់​​​កម្ពុជា រួមមាន ចិន វៀតណាម ជប៉ុន និង​កូរ៉េខាងត្បូង​។ ក្នុង​នោះ​សមាជិក RCEP ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ គឺ​វៀតណាម មានទឹកប្រាក់ ៣៣៧,៥៤ លាន​ដុល្លារ​ កើន ២១,១% តាមពីក្រោយដោយជប៉ុន ១៧៦,៣ លាន​ដុល្លារ​ កើន ១៦,៦%, ចិន ១៦៤,១៦ លាន​ដុល្លារ​​ កើន ៥៩,៣% និង​កូរ៉េខាងត្បូង ៣៤,៦ លាន​ដុល្លារ កើន​ ២៣,៥%​​។


ចំណែក​សមាជិក RCEP ដែល​នាំ​​ចូល​កម្ពុជា​ច្រើន​ជាង​គេ គឺ​ចិន មាន​ទឹក​ប្រាក់ ១,៧៤ ពាន់​លាន​ដុល្លារ កើន​ឡើង ១៩,៩%, វៀតណាម ៣៨២,២១ លាន​ដុល្លារ ថយចុះ ២,៥%, សិង្ហបុរី ១៦៦,៦១ លាន​ដុល្លារ កើន២៥២%, ថៃ ១៥១,០២ លាន​ដុល្លារ ថយចុះ ៤៩,៣%, ម៉ាឡេស៊ី ១០៣,៥៩ លាន​ដុល្លារ កើន​ ៣៦,២% និង​ប្រទេស​ជប៉ុន ១០០ លាន​ដុល្លារ កើន ៣៦%។​


អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ក្នុង​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ​ថា RCEP គឺ​ជា​កិច្ច​ព្រម​ព្រៀង​លក្ខណៈ​តំបន់​ដែល​មាន​ការ​ចូល​រួម​ពី​បណ្តាល​ប្រទេស​មាន​ប្រជាជន​ច្រើន ​និង​សេដ្ឋកិច្ច​រីក​ចម្រើនលំដាប់​ពិភពលោក ដូចជា ចិន ជប៉ុន និងកូរ៉េខាង​ត្បូង។ កិច្ច​ព្រម​ព្រៀង​នេះ​ពិត​ជា​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​ទំនិញកម្ពុជា​ទៅ​ក្រៅ​ប្រទេស​។ វា​ក៏​ជួយ​ឱ្យ​​ទីផ្សារ​នាំ​ចេញ​កាន់​តែ​មាន​ភាព​ចម្រុះ និង​បើក​ទូលាយ​កាន់​តែ​ធំ។


លោក​បន្ត​ថា ក្នុង​កាលៈទេសៈ​ដែល​នយោបាយ និង​សេដ្ឋកិច្ចពិភពលោក​​ ស្ថិត​ក្នុង​​ភាព​មិន​ច្បាស់​លាស់​​គឺ​វា​ពិត​ជា​ចាំបាច់​ណាស់​ដែល​កម្ពុជាត្រូវ​ខិត​ខំ​ស្វែង​រក​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​របស់​ខ្លួន​ឱ្យ​បាន​កាន់​តែ​ច្រើន​។


លោក​បាន​ថ្លែង​ថា៖​«​រាល់​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម ទោះ​លក្ខណៈ​ទ្វេភាគី ឬ​ពហុភាគី​ គឺ​សុទ្ធ​តែ​​ផ្តល់​ផល​វិជ្ជមាន​​ដល់​គូភាគី​តាម​រយៈ​ការរក្សា និង​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​បោះ​ជំហាន​ទៅមុខ​កាន់​តែ​លឿន​។ ដោយសារ RCEP មាន​ប្រទេស​ជា​សមាជិក​ច្រើន ​ទំហំ​សេដ្ឋកិច្ច​ និង​ទីផ្សារ​ធំ ដូច្នេះវា​ក៏​ជួយ​ទាក់​ទាញ​​វិនិយោគិន​បរទេស ​ជា​ពិសេស​ក្រុមហ៊ុន​​លំដាប់​អន្តរជាតិធំៗ​​ឱ្យ​មក​វិនិយោគ​ផ្ទាល់​​​នៅ​កម្ពុជា​កាន់តែ​ច្រើនផងដែរ​»។


បើ​តាម​លោក វណ្ណៈ អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើនាពេរល​នេះ​​គឺ​ការ​ង្រឹង​សមត្ថភាពផលិតកម្មរបស់​ខ្លួន​ឱ្យ​កាន់​តែ​ប្រសើរ និង​មាន​ភាព​បត់បែន​​​ស្រប​តាម​ការ​ចង់​បាន​ពី​គ្រប់​មជ្ឈដ្ឋាន​បញ្ជាទិញ។​​


អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម លោក ប៉ែន សុវិជាតិ ធ្លាប់​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា កិច្ចព្រមព្រៀង RCEP កំពុង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ជំរុញ​សកម្ម​ភាព​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា តាមរយៈ​ការបង្កើនសមត្ថភាព​នាំ​ចេញ-នាំចូល​ទំនិញ​​រវាង​ប្រទេស​សមាជិក​ទាំង ១៥។ ​លោក​បានបន្ត​ថា អត្ថ​ប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​ព្រម​ព្រៀង​នេះ រួម​មាន​ការ​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ផ្សេងៗ ការ​ផ្ទេរ​បច្ចេក​វិទ្យា ការ​អភិវឌ្ឍ​ជំនាញ និង​ឱកាស​ការងារ​ដែល​ជំរុញ​ដោយ​ការ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​(FDI)​​។​


លោកបាន​ថ្លែង​ថា៖​«​«អត្ថប្រយោជន៍ ដែល RCEP បានផ្ដល់មកកម្ពុជា គឺមានទំហំធំធេងណាស់សម្រាប់ការនាំចេញរបស់កម្ពុជា ក៏ដូចជាការបង្កើនពាណិជ្ជកម្មពិភពលោក​ដែលជាការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូល នៃបណ្ដាប្រទេស RCEP»។


ទាក់​ទង​នឹង​ចំនួន​ទឹក​ប្រាក់​នាំចូលច្រើន​ជាង​ការ​នាំ​ចេញ លោក​ពន្យល់ថា តួលេខនាំចូលច្រើនគឺ​មិន​មែន​ជា​ក្តី​បារម្ភ​នោះ​ទេ ព្រោះ​ទំនិញ​ដែល​កម្ពុជា​នាំចូល​ក្រោម​កិច្ច​ព្រមព្រៀង RCEP គឺ​ជា​វត្ថុធាតុដើម គ្រឿងបន្លាស់ គ្រឿងបង្គុំរថយន្ដ និងប្រេង ដែល​ផលិតផល​ទាំង​អស់នេះ​ភាគ​ច្រើន​បាន​ចូល​រួម​ក្នុង​ផលិតកម្មកែច្នៃសម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។


ទិន្នន័យ GDCE បង្ហាញថា ក្នុងឆ្នាំ ​២០២៥ ​ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយប្រទេសសមាជិក ​RCEP ​មានទំហំទឹកប្រាក់​ប្រមាណ ​៤០,២៣ ​ពាន់លានដុល្លារ ​កើនឡើង ១៦,២៦% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ ​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៩,៨ ពាន់លានដុល្លារ ចំណែកឯការនាំចូល​ប្រទេស​ជាសមាជិក​មានទឹក​ប្រាក់​ប្រមាណ ​៣០,៤៤ ​ពាន់លានដុល្លារ ​កើន ១៩,៥៨%​៕​


Post a Comment (0)
Previous Post Next Post