អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជា វុទ្ធី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនលំដាប់អន្តរជាតិ IDECGROUP ASIA ធ្វើការសិក្សាពីការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ខណៈនៅកម្ពុជាបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចប្រមាណ ៦០ កំពុងមានប្រតិបត្តិការ។
សំណើនេះត្រូវបាន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លើកឡើងក្នុងឱកាសនៃជំនួបមួយគណៈប្រតិភូក្រុមហ៊ុន IDECGROUP ASIA ដឹកនាំដោយលោក Francois MAGNIER អគ្គនាយកក្រុមហ៊ុន។
លោក ជា វុទ្ធី បាននិយាយថា កម្ពុជាគឺជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើគ្រប់វិស័យ ហេតុនេះលោកចង់ឃើញ IDECGROUP ASIA ចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជា ជាពិសេសការវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយផ្តោតលើកន្សោមឧស្សាហកម្មជាក់លាក់ណាមួយ។ ក្រុមហ៊ុនអាចមានលទ្ធភាពរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយប្រើប្រាស់នូវជំនាញក្នុងការសាងសង់របស់ក្រុមហ៊ុន ព្រមទាំងអាចផ្តល់សេវាសាងសង់រោងចក្រជូនដល់អតិថិជនដែលបណ្តាក់ទុនវិនិយោគក្នុងតំបន់របស់ខ្លួនផងដែរ។
បន្ថែមលើនេះ លោក វុទ្ធី ក៏លើកឡើងនូវវិស័យមួយចំនួនដែលមានសក្តានុពល ដូចជា ការកែច្នៃស្រូវ ការកែច្នៃស្វាយចន្ទី ការកែច្នៃជ័រកៅស៊ូ ឧស្សាហកម្មឈើដាំ ដើម្បីឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពធ្វើការបណ្តាក់ទុនវិនិយោគទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យទាំងនេះ។
ក្រុមហ៊ុន IDECGROUP ASIA ត្រូវបានបង្កើតឡើងរួមគ្នារវាងក្រុមហ៊ុន GROUPE IDEC និងក្រុមហ៊ុន ARCHETYPE GROUP ដែលមានកម្មវត្ថុអាជីវកម្មក្នុងការរចនាប្លង់សាងសង់ និងផ្តល់សេវាសាងសង់, ការផ្តល់ដំណោះស្រាយថាមពល, ឧស្សាហកម្មបៃតង និងភស្តុភារកម្ម។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី១៩ ខែកុម្ភៈថា នៅពេលប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសកាន់តែច្រើន ឱកាសក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនផ្ទាល់ក៏មានកាន់តែច្រើនផងដែរ។ ការបើករោងចក្រ/សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ច គឺអាចបង្កភាពងាយស្រួលច្រើន ព្រោះទីនោះជាតំបន់រដ្ឋបាលប្រមូលផ្តុំដែលទាក់ទងនឹងនីតិវិធីនៃការបំពេញបែបបទនាំចេញ-នាំចូលទំនិញ ការបង់ពន្ធ មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនល្អប្រសើរ និងសម្បូរកម្លាំងពលកម្មផងដែរ។
លោកប្រាប់ទៀតថា បើនិយាយតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជានាពេលបច្ចុប្បន្នក៏មានច្រើនគួរសមដែរ ដោយភាគច្រើនមានម្ចាស់ជាវិនិយោគិនចិន។ នេះក៏ជាមូលហេតុដែលកម្ពុជាទទួលបានវិនិយោគិនចិនច្រើនផងដែរ។
លោកបានថ្លែងថា៖«ខ្ញុំពិតជាចង់ឃើញមានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ព្រោះតាមរយៈតំបន់សេដ្ឋកិច្ចពិសេសគឺនឹងជួយឱ្យកម្ពុជានឹងមានឱកាសកាន់តែច្រើនដើម្បីទាក់ទាញរោងចក្រឱ្យ/សហគ្រាស ឱ្យមកបើកដំណើរការដោយផ្ទាល់ ខណៈច្បាប់វិនិយោគរបស់កម្ពុជាក៏មានភាពអំណោយផលច្រើនដែរ»។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧ តំបន់។ បើគិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០ គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។
លោកបានថ្លែងថា៖«តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន ខណៈបច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះមាន ១១តំបន់ គឺជាការវិនិយោគរបស់វិនិយោគិនចិន»៕

