ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជំរុញការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងបច្ចេកវិទ្យាថ្មីៗ រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនល្បឿនការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍ និងសម្រេចគោលដៅប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ក្នុងសារលិខិតអបអរសាទរ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាកត្តាចាំបាច់សម្រាប់ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទភាពមិនប្រាកដប្រជាសកលកាន់តែខ្លាំងឡើង។
លោកបានថ្លែងថា៖ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនត្រឹមតែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍មិនអាចខ្វះបានក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់លើគ្រប់វិស័យ»។
សារលិខិតនេះបានបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ចពីការពឹងផ្អែកលើកសិកម្មប្រពៃណី និងកម្លាំងពលកម្ម តាមរយៈការផ្លាស់ប្តូរទៅសេដ្ឋកិច្ចចម្រុះផ្អែកលើចំណេះដឹង ដែលជំរុញដោយនវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែមខ្ពស់។
ក្នុងចំណោមវិធានការសំខាន់ៗ រាជរដ្ឋាភិបាលបានប្រកាសបង្កើតមូលនិធិស្រាវជ្រាវជាតិ ដើម្បីគាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅក្នុងគ្រឹះស្ថានសាធារណៈ និងឯកជន ដោយមានគោលបំណងពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិឱ្យមានប្រសិទ្ធភាព និងចីរភាព។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការវិនិយោគលើ R&D គឺជាគន្លឹះសម្រាប់បង្កើតចំណេះដឹងថ្មី បច្ចេកវិទ្យា ផលិតផល និងសេវាកម្មថ្មីៗ ដែលអាចជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពប្រជាជន។
លោកបានបន្ថែមថា នេះជាជំហានសំខាន់ក្នុងការផ្លាស់ប្តូរកម្ពុជាពីប្រទេសនាំចូលបច្ចេកវិទ្យា ទៅជាប្រទេសដែលអាចបង្កើតបច្ចេកវិទ្យាផ្ទាល់ខ្លួន។
បញ្ញាសិប្បនិម្មិត (AI) ត្រូវបានមើលឃើញជាបច្ចេកវិទ្យាដែលកំពុងអភិវឌ្ឍលឿនបំផុត និងផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល និងបង្កើនផលិតភាពទាំងក្នុងវិស័យសាធារណៈ និងឯកជន។
លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគី ដោយលើកឡើងពីការអនុវត្តអភិក្រម «ប្រព័ន្ធតួអង្គតែមួយ» ដែលរួមមានក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន សាកលវិទ្យាល័យ ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋ ដើម្បីរួមគ្នាកសាងប្រព័ន្ធនវានុវត្តន៍ជាតិ។
លោកបានថ្លែងថា នវានុវត្តន៍មិនមែនជាកម្មសិទ្ធិរបស់វិស័យណាមួយនោះទេ ប៉ុន្តែជាវប្បធម៌ដែលត្រូវបណ្តុះនៅគ្រប់កន្លែង ចាប់ពីគ្រួសារ សាលារៀន រហូតដល់កន្លែងធ្វើការ និងសហគមន៍។
សារលិខិតក៏បានផ្តោតលើសារៈសំខាន់នៃធនធានមនុស្ស ជាពិសេសការលើកកម្ពស់ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីធានាថាកម្ពុជា មានកម្លាំងពលកម្មមានជំនាញគ្រប់គ្រាន់សម្រាប់គាំទ្រកំណើនផ្អែកលើនវានុវត្តន៍។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា នវានុវត្តន៍ក៏មានតួនាទីសំខាន់ក្នុងការពង្រឹងសន្តិសុខជាតិ និងការពារអធិបតេយ្យភាព ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងហានិភ័យ និងភាពមិនប្រាកដប្រជាកាន់តែច្រើន។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦ ត្រូវបានរៀបចំជាមួយនឹងសកម្មភាពជាច្រើន រួមមានពិព័រណ៍ ការប្រកួតប្រជែង និងវេទិកាពិភាក្សា ដែលមានការចូលរួមពីសិស្ស និស្សិត អ្នកស្រាវជ្រាវ ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីបង្ហាញសមត្ថភាព និងនវានុវត្តន៍ក្នុងស្រុក។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យគ្រប់ភាគីបន្តគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកសាងប្រព័ន្ធនវានុវត្តន៍ជាតិដែលមានប្រសិទ្ធភាព បរិយាបន្ន និងចីរភាព ស្របតាមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ»៕

