សិស្សានុសិស្ស​នៅទូទាំងប្រទេស ត្រូវបាន​ណែនាំ​ឱ្យ​​លេង​ល្បែង​ និងរាំរបាំ​ប្រជាប្រិយខ្មែរ នៅអំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ តែ​មិនឱ្យលេងបាញ់ទឹក និងប៉ាតម្សៅ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សិស្សានុសិស្ស​នៅទូទាំងប្រទេស ត្រូវបាន​ណែនាំ​ឱ្យ​​លេង​ល្បែង​ និងរាំរបាំ​ប្រជាប្រិយខ្មែរ នៅអំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ តែ​មិនឱ្យលេងបាញ់ទឹក និងប៉ាតម្សៅ




សិស្សានុសិស្ស បានមក​ហាត់សមលើការសម្តែងក្បាច់រាំយុវជនប្រចាំវិទ្យាល័យ និងការសាកល្បងលេងល្បែងប្រជាប្រិយខ្មែរ នៅទីតាំងមុខវត្តឧណ្ណាលោម កាលពីថ្ងៃទី ២៤ ខែមីនា ដើម្បី​ត្រៀម​លេង និង​រាំច្រៀង នៅអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខ្មែរ ខាងមុខនេះ។ រូប​ថត ក្រសួងអប់រំ

នៅ​គ្រប់​មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំង​ប្រទេស ត្រូវបានណែនាំ​ឱ្យ​បង្ក​លក្ខណៈ​​ដល់​​សិស្សានុសិស្ស និង​យុវជន ឱ្យ​ចូលរួម​លេង​ល្បែង​ និងរាំរបាំ​ប្រជាប្រិយខ្មែរ នៅ​ក្នុងឱកាសត្រៀមអបអរសាទរ និង​ថ្ងៃប្រារព្ធ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​ខាងមុខនេះ តែមិនអនុញ្ញាត​ឱ្យ​លេងបាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ និង​ការរាំច្រៀងណា ដែលមានកាយវិការមិនសមរម្យនោះ​ទេ។

ក្រសួងអប់រំ យុវជន និងកីឡា ទើបតែ​បាន​សេចក្ដីណែនាំស្តីពី «ការរៀបចំកម្មវិធីកម្សាន្តលេងល្បែង និង​រាំរបាំ​ប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរ និង​ថ្ងៃប្រារព្ធ​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅ​តាម​គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន» កាលពី​ថ្ងៃទី ២៤ ខែមីនា ដើម្បីចូលរួមអភិរក្ស និងលើក​កម្ពស់​វប្បធម៌ ទំនៀម​ទម្លាប់ ប្រពៃណី​ជាតិ​ខ្មែរ​ដ៏​ល្អផូរ​ផង់​ឱ្យ​បាន​គង់​វង្ស និង​រីក​ចម្រើន ព្រមទាំង​បញ្ចៀស​ពី​គ្រោះ​ថ្នាក់ផ្សេងៗ ដែល​អាចកើត​មាន។

 ក្រសួង​អប់រំ បាន​ណែនាំ​ដល់​​មន្ទីរអប់រំ យុវជន និង​កីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សាសាធារណៈ​និង​ឯកជន បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង ឱ្យ​សិស្សានុសិស្ស និង​យុវជន ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ ដូច​ជា​ល្បែង​ស្ដេច​ចង់ ឈូង ចាប់កូនខ្លែង លោតអន្ទាក់ បោះអង្គញ់ លាក់កន្សែង ទាញព្រ័ត្រ វាយក្អម ដណ្ដើមស្លឹកឈើ ឆក់កូនខ្លែង លោតបាវ ជាដើម។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានណែនាំ​​ឱ្យ​សិស្សានុសិស្ស និង​​យុវជន​​កម្ពុជា ​រាំរបាំ​ប្រជាប្រិយខ្មែរ ដូច​ជា​​​របាំត្រុដិ គោះ​ត្រឡោក គោះអង្រែ នារី​ជា​ជួរ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ តាលុង ចូកកំពិស កខ្ទឹម។ល។ នៅ​មុន​ពេល និង​អំឡុង​ពេល​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ។

លើកពី​នេះ ក្រសួង​អប់រំ បាន​​លើក​ទឹក​ចិត្ត​ឱ្យ​លោក​គ្រូ អ្នកគ្រូ ក្រុម​ប្រឹក្សាកុមារ ក្រុម​ប្រឹក្សា​យុវជន យុវជន​ស្ម័គ្រចិត្ត ឱ្យ​ចូលរួម​សហការ និង​សម្រប​សម្រួល រៀបចំ​តុបតែង​តាម​បែប​ប្រពៃណី ដើម្បីគាំទ្រ​ដល់​ដំណើរ​ការ​​លែង​ល្បែង​ប្រជាប្រិយ រាំរបាំប្រពៃណី​ជាតិ និង​ធានា​បាន​នូវ​សុខ​សុវត្ថិភាព សណ្ដាប់​ធ្នាប់ និង​របៀប រៀបរយ ហើយ​​អ្នក​ទាំង​នេះ ក៏​​ត្រូវ​បាន​​លើក​ទឹក​​ចិត្ត​​ឱ្យ​​តុប​តែង​ខ្លួន ស្លៀកសម្លៀក​បំពាក់ ប្រពៃណី​ខ្មែរ ឬ​ស្លៀក​ពាក់​សមរម្យ ប្រកប​ដោយ​កាយ​វិការ​សុភាព​រាបសា និង​ការទទួល​ខុស​ត្រូវ​ខ្ពស់។

ប៉ុន្តែ​ចំពោះ​សកម្ម​ភាព «លេង​បាញ់ទឹក គប់ទឹក ប៉ាតម្សៅ ប៉ាតធ្យូង លេងភក់ ការ​រាំច្រៀង​ដែលមាន​កាយ​វិការ​មិន​សមរម្យ ការ​ប្រព្រឹត្ត​អំពើ​បៀតបៀន ការ​ស្លៀក​ពាក់​មិន​សមរម្យ ការ​ទទួល​ទានគ្រឿង​ស្រវឹង ការ​ប្រើ​ប្រាស់​បារី​គ្រប់​ប្រភេទ និង​ការ​លេង​ល្បែង​ស៊ីសង​គ្រប់ប្រភេទ​​ជាដើម» គឺក្រសួង មិន​អនុញ្ញាត​ឱ្យ​លេង ឬ​រាំច្រៀងនោះទេ។

ដើម្បី​បង្ក​​ភាព​មិន​​ប្រក្រតីទាំងអស់នេះ ក្រសួងអប់រំ  បាន​ស្នើ​​គ្រប់​​ភាគី​ពាក់ព័ន្ធ ត្រូវ​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី គណៈកម្មការ​គ្រប់គ្រង​សាលា​រៀន មាតាបិតា អាណាព្យាបាល សហគមន៍ ដើម្បី​ផ្ដល់​និង​ទទួល​ព័ត៌មាន​អំពី​បាតុភាព​មិន​ប្រក្រតី និង​ការ​ប្រព្រឹត្ត​មិន​សមរម្យ​ បង្ក​អំពើហិង្សា និង​បាតុភាព​អវិជ្ជមាន​ផ្សេង​ទៀត ក្នុង​គ្រឹះស្ថានសិក្សា ក្នុង​ន័យ​រួម​ចំណែក​ទប់​ស្កាត់ និង ដើម្បី​ដោះស្រាយ​បញ្ហា​បាន​ទាន់​ពេលវេលា។

ប៉ុន្តែ​ក្រសួងបញ្ជាក់ថា ​ការ​ណែនាំ​​ខាងលើនេះ ត្រូវបាន​អនុញ្ញាត​ឱ្យ​​អនុវត្ត​ចាប់​ពី​ថ្ងៃ​ចាប់​ផ្តើម​នៃវិស្សម​កាល​​តូច និង​ថ្ងៃប្រារព្ធពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​តែ​ប៉ុណ្ណោះ ហើយ​​មន្ទីរអប់រំ យុវជន និង​កីឡារាជធានី-ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និង​គណៈគ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​សាធារណៈនិង​ឯកជន ត្រូវ​​ចូលរួម​អនុវ​ត្តសេចក្តី​ណែនាំនេះ​ឱ្យ​មាន​ប្រសិទ្ធភាព ប្រកប​​ដោយ​​ស្មារតី​ទទួលខុស​ត្រូវ​ខ្ពស់៕

Post a Comment (0)
Previous Post Next Post