រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បដិសេធ និងច្រានចោលទាំងស្រុងចំពោះហេតុផល និងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ របស់ព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃភាគីទាំងពីរ។
ការបដិសេធនេះធ្វើឡើងក្រោយពេលគណៈកម្មការចំពោះកិច្ចមួយនៃព្រឹទ្ធសភាថៃ បានលើកឡើងនូវអនុសាសន៍ និងហេតុផលនានាដើម្បីព្យាយាមលុប MOU ឆ្នាំ២០០០ ដោយអ្នកនយោបាយថៃអះអាងថា MOU នេះទទួលស្គាល់ផែនទី១:២០០.០០០ ដែលធ្វើឲ្យថៃមិនទទួលបានផលចំណេញ ហើយថា MOU នេះបានផ្ដល់អំណាចដល់គណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោក JBC ភាគីថៃ ដែលគ្មានសមត្ថកិច្ចលើរឿងនេះ។
ការព្យាយាមលុបចោល MOU នេះបានប៉ុនប៉ុងធ្វើឡើងតាំងពីឆ្នាំ២០២៥ ក្រោយពេលមានជម្លោះព្រំដែនជាមួយកម្ពុចាសាជាថ្មី ទោះបីជា JBC ភាគីកម្ពុជានិងថៃ បានប្រើយន្តការនេះជាង១០ឆ្នាំមកហើយ ហើយវាត្រូវបានពន្យារពេលម្ដងហើយម្ដងទៀតដោយភាគីថៃ ក្រោយពេលពួកគេបានកាន់កាប់ទឹកដីកម្ពុជាជាច្រើនទីតាំង។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជានៅថ្ងៃទី ២៦ ខែមីនានេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុកថៃ បានផ្សព្វផ្សាយព័ត៌មានដែលបានលើកអំពីហេតុផលនិងអនុសាសន៍ស្នើលុប MOU ៤៣ (MOU ឆ្នាំ ២០០០) របស់គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនប្រកាសបដិសេធ និងច្រានចោលទាំងស្រុងចំពោះហេតុផលនិងអនុសាសន៍ស្នើលុប MOU ឆ្នាំ២០០០ ដោយ គណៈកម្មាធិការចំពោះកិច្ចព្រឹទ្ធសភាថៃ ដែលធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវនិងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ និងបំផ្លាញសមិទ្ធផលដែលសម្រេចបានដោយគណៈកម្មការ JBC នៃ ភាគីទាំងពីរនាពេលកន្លងមក។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បំភ្លឺថា MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ និង បានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការ សហប្រជាជាតិ។ MOU ឆ្នាំ២០០០ មានចរិតលក្ខណៈជាសន្ធិសញ្ញាឬកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនឹង ព្រំដែនដែលបង្កើតកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិ និងជាកិច្ចព្រមព្រៀងដ៏មានសារសំខាន់សម្រាប់ភាគីទាំង ពីរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការគណៈកម្មការ JBC ។
ទន្ទឹមនឹងនេះ តាមគោលការណ៍ច្បាប់អន្តរជាតិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយក ហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ (យោងតាមមាត្រា៦២ ចំណុចទី២ នៃ អនុសញ្ញាទីក្រុងប៉ែន ស្តីពីច្បាប់សន្ធិសញ្ញា-VCLT ឆ្នាំ1969)។
អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា MOU ឆ្នាំ២០០០ បានផ្តល់សមត្ថកិច្ចនិងសិទ្ធិអំណាចពេញលេញដល់គណៈកម្មការ JBC នៃភាគី ទាំងពីរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើមូលដ្ឋានអនុសញ្ញាបារាំង-សៀម ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ១៩០៧, ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ ព្រំដែនឥណ្ឌូចិន-សៀម, កំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម, បែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ និងកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC នៃភាគីទាំងពីរ។
ជាក់ស្តែង នាពេល កន្លងមក គណៈកម្មការ JBC នៃភាគីទាំងពីរសម្រេចបាននូវសមិទ្ធផលជាវិជ្ជមានដូចជា ការស្វែងរុករកទីតាំង ពិតប្រាកដនៃបង្គោលព្រំដែនសម័យបារាំងទាំង៧៤, ការជួសជុលនិងថែទាំបង្គោលព្រំដែនសម័យបារាំង ដែលបានឯកភាពគ្នា, ការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន, ការកសាងបណ្តាញបង្គោលប្រឹថពីវិភាគរួមកម្ពុជា-ថៃ និងការងារវាស់វែងលម្អិតនៅតាមច្រកទ្វារព្រំដែនជាដើម។
ជាមួយគ្នានេះ ភាគីកម្ពុជា តែងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធី រួមទាំងយន្តការទ្វេភាគី ដែលមានស្រាប់ ជាពិសេសយន្តការ JBC និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការអនុវត្តការងារ វាស់វែងនិងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែងជាមួយភាគីថៃឱ្យបានចប់ជាស្ថាពរក្នុងគោលដៅរក្សាសន្តិភាព យូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនគូសបញ្ជាក់ថា ការលុប MOU ឆ្នាំ២០០០ ដោយហេតុផលណាមួយ គឺមិនត្រឹមតែរំលោភច្បាប់អន្តរជាតិនិង គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)ប៉ុណ្ណោះទេ ថែមទាំងបង្កជាឧបសគ្គដល់ការ ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី និងមិនអាចឈានទៅកសាងព្រំដែនមួយដែល មានស្ថិរភាព សន្តិភាព និងអភិវឌ្ឍន៍បានឡើយ៕

