ដោយគោរពតាមអភិក្រម «ពង្រឹង ជាជាងពង្រីក»។
ចំពោះអង្គភាពដែលបានកាត់បន្ថយទាំងនោះរួមមានកម្រិតអគ្គនាយកដ្ឋានចំនួន ១ និងកម្រិតនាយកដ្ឋានចំនួន១៧ ហើយនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយគ្នា ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ដោយឡែកក្រសួង ស្ថាប័នដទៃទៀត កំពុងបន្តពិភាក្សា និងពិនិត្យជាបន្តបន្ទាប់ ដោយត្រូវគោរពតាមអភិក្រមដដែល។
ព័ត៌មាននេះ ត្រូវបានទម្លាយឱ្យដឹងនៅក្នុងបទបង្ហាញក្រោមប្រធានបទ «វឌ្ឍនភាពនៃការដឹកនាំ និងអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៖ ពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន» របស់លោកស្រ្តី តឹក កុស្សនា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈក្រសួងមុខងារសាធារណៈ។
អ្វីដែលលោកស្រី តឹក កុស្សនា ការលើកឡើងនេះ គឺជាការធ្វើវឌ្ឍនភាពនៃការពិនិត្យឡើងវិញនូវ រចនាសម្ព័ន្ធ និងការវិភាគមុខងាររបស់ក្រសួង ស្ថាប័ន ដោយកន្លងមកក្រសួងមុខងារសាធារណៈ បានសហការជាមួយក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិទាំងអស់ ដើម្បីអនុវត្តការងារនេះ ដែលជាវិធានគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។
ជុំវិញការងារនេះ ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រោយការប្រជុំពិភាក្សាបច្ចេកទេសជាច្រើនដង ក្រសួង ស្ថាប័ននីមួយៗ បានបញ្ជូនសេចក្តីព្រាងនៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ខ្លួន មកក្រសួង ដើម្បីពិនិត្យនិងផ្តល់យោបល់ស្របតាមអភិក្រមរបស់រាជរដ្ឋាភិបាល គឺការ «ពង្រឹងជាជាពង្រីក» និង «រៀបចំផ្ទះឱ្យរៀបរយ» ហើយការរៀបចំការងារវិភាគមុខងារកន្លងមក គឺក្នុងគោលដៅដើម្បីសម្រេចបាននូវការរៀបចំមុខងារ រចនាសម្ព័ន្ធ ការប្រើប្រាស់ធនធានមនុស្ស និងការប្រើប្រាស់ថវិកា កាន់តែច្បាស់លាស់។
អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈក្រសួងមុខងារសាធារណៈ លោកស្រី តឹក កុស្សនា បានបញ្ជាក់ថា៖ «លទ្ធផលនៃការវិភាគមុខងារនេះ បានជួយឱ្យក្រសួង ស្ថាប័នមានមូលដ្ឋានច្បាស់លាស់ក្នុងការរៀបចំ រចនាសម្ព័ន្ធថ្មីឱ្យសមស្របជាមួយភារកិច្ចពិតប្រាកដ ហើយក៏ជួយកាត់បន្ថយការស្ទួនភារកិច្ច និងបង្កើនការសម្របសម្រួលរវាងអង្គភាពកាន់តែល្អប្រសើរ»៕

