អ៊ីរ៉ង់កំពុងពិនិត្យសំណើមួយពីសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្រ ប៉ុន្តែមិនមាន បំណងចូលរួមការចរចាដើម្បីបញ្ចប់ជម្លោះដែលកំពុងរីករាលដាលនៅមជ្ឈឹមបូព៌ានោះទេ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់។
លោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ បានធ្វើការអត្ថាធិប្បាយនៅថ្ងៃទី ២៥ ខែមីនាថា អ៊ីរ៉ង់បានបង្ហាញពីឆន្ទៈមួយក្នុងការចរចាបញ្ចប់សង្គ្រាម ប្រសិនបើការទាមទាររបស់ខ្លួន ត្រូវបានបំពេញ ទោះបីជាមានការឆ្លើយតបដំបូងដែលលក្ខណៈអវិជ្ជមានក៏ដោយ ខណៈដែលមន្ត្រីអ៊ីរ៉ង់ មួយចំនួនបានបង្ហាញការមិនពេញចិត្ត ចំពោះគំនិតនៃការចរចាណាមួយជាមួយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ
លោក Araqchi បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋថា «ការផ្លាស់ប្តូរសារតាមរយៈអ្នកសម្របសម្រួល មិនមានន័យថាការចរចាជាមួយសហរដ្ឋអាមេរិកទេ»។ លោកបានបន្ថែមថា អាមេរិកបានដាក់សំណើ ចេញនូវគំនិតនៅក្នុងសាររបស់ពួកគេ ដែលត្រូវបានបញ្ជូនទៅអាជ្ញាធរកំពូល ហើយប្រសិនបើចាំបាច់ ជំហរមួយនឹងត្រូវបានប្រកាសដោយពួកគេ។
បន្ថែមពីនេះ អ៊ីរ៉ង់បានប្រាប់អ្នកសម្របសម្រួលថា ប្រទេសលីបង់ត្រូវតែរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀង បទឈប់បាញ់ណាមួយជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ង់។
លោក ត្រាំបាននិយាយនៅក្នុងព្រឹត្តិការណ៍មួយនៅយប់ថ្ងៃពុធទី ២៥ ខែមីនាថា៖ «មេដឹកនាំអ៊ីរ៉ង់កំពុង ចរចា ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងយ៉ាងខ្លាំង ប៉ុន្តែពួកគេខ្លាចក្នុងការនិយាយអំពីវា ពីព្រោះពួកគេអាចត្រូវ បានសម្លាប់ដោយប្រជាជនរបស់ពួកគេ ហើយពួកគេក៏ខ្លាចថាពួកគេ នឹងត្រូវបានសម្លាប់ ដោយពួកយើងផងដែរ»។
សំណើដែលលោកត្រាំបានផ្ញើតាមរយៈប្រទេសប៉ាគីស្ថាន គឺអំពាវនាវឱ្យលុបបំបាត់ស្តុកអ៊ុយរ៉ាញ៉ូម ដែលបានបំលែងរបស់អ៊ីរ៉ង់ បញ្ឈប់ការបំលែងអ៊ុយរ៉ាញ៉ូម ទប់ស្កាត់កម្មវិធីមីស៊ីលបាល់លីស្ទិក និងកាត់ផ្តាច់មូលនិធិសម្រាប់សម្ព័ន្ធមិត្តក្នុងតំបន់។ នេះបើយោងតាមប្រភពពីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ចំនួនបីនាក់ដែលបានដឹងពីបញ្ហានេះ៕

