ក្រសួងយុត្ដិធម៌បន្ដកំណែទម្រង់​ប្រព័ន្ធយុត្ដិធម៌ឆ្នាំ ២០២៦ ផ្ដល់ទំនុកចិត្ត​ដល់​សាធារណជន​កាន់តែ​ខ្លាំង​​​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងយុត្ដិធម៌បន្ដកំណែទម្រង់​ប្រព័ន្ធយុត្ដិធម៌ឆ្នាំ ២០២៦ ផ្ដល់ទំនុកចិត្ត​ដល់​សាធារណជន​កាន់តែ​ខ្លាំង​​​

 ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​កំពុង​ជំរុញ​កំណែទម្រង់​វិស័យ​យុត្តិធម៌ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​តុលាការ និង​ស្តារ​ជំនឿ​ទុកចិត្ត​របស់​សាធារណជន ខណៈ​បញ្ហា​ពន្យារពេល​ដោះស្រាយ​រឿងក្តី និង​ភាពមិនប្រក្រតី​នៅ​តុលាការ ត្រូវបាន​ទទួលស្គាល់ថា​ជា​បញ្ហា​ប្រឈម​សំខាន់ៗ​នៅតែ​បន្ត​មាន​។​


​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​ឆ្នាំ​២០២៥ និង​កំណត់​ទិសដៅ​អាទិភាព​សម្រាប់​ឆ្នាំ​២០២៦ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ  លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ដឹកនាំ​កិច្ចពិភាក្សា​ដើម្បី​វាយតម្លៃ​ស្ថានភាព​បច្ចុប្បន្ន និង​ដាក់ចេញ​វិធាន​ការបន្ត​សម្រាប់​ការកែលម្អ​វិស័យនេះ​។​


​សន្និបាត​រយៈពេល​ពីរ​ថ្ងៃនេះ មានការ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ប្រមាណ​៥០០​នាក់ រួមទាំង​ថ្នាក់ដឹកនាំ​តុលាការ អយ្យការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​ជាក់ស្តែង សំដៅលើ​ការលើកកម្ពស់​គុណភាព​សេវា​យុត្តិធម៌ និង​ការអនុវត្ត​ច្បាប់ឱ្យ​កាន់តែ​​មាន​ប្រសិទ្ធភាព​ ​។​


​តាម​ការបញ្ជាក់​របស់​ក្រសួងយុត្តិធម៌ សន្និបាត​ឆ្នាំនេះ​បាន​ផ្តោតលើ​ការវាយតម្លៃ​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ ពិសេស​លទ្ធផល​នៃ​យុទ្ធនា​ការជំរុញ និង​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី​នៅតាម​តុលាការ ក៏ដូចជា​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាពមិនប្រក្រតី ដែល​ត្រូវ​បានដាក់​អនុវត្ត​ក្នុង​រយៈពេល​កន្លងមក​។​


​យោងតាមក្រសួងយុត្ដិធម៌ បាន​ឱ្យដឹងថា​៖ «សន្និបាតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃវិស័យយុត្តិធម៌ ស្វែងរកឱ្យឃើញនូវបញ្ហាប្រឈមជាមូលដ្ឋាននៅក្នុងវិស័យនេះ និងដាក់ចេញនូវដំណោះស្រាយ និងទិសដៅការងារជាអាទិភាពបន្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការបម្រើប្រជាជន»។


​ក្រសួងបានបន្ដថា​៖ «​ជាមួយគ្នានេះ អង្គសន្និបាត​ក៏បាន​​សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ និងរួមចំណែកដល់ការលើកកម្ពស់ជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់របស់ស្ថាប័នអយ្យការ និងស្ថាប័នតុលាការ ក៏ដូចជា អាជ្ញាធរមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធ»​។​


អង្គសន្និបាតក៏បានពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗនៅក្នុងរដ្ឋបាលតុលាការ រួមទាំងការគ្រប់គ្រងថវិកា ការកែលម្អប្រព័ន្ធទិន្នន័យថ្កោលទោសជាតិ និងការគ្រប់គ្រងវត្ថុតាង ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាសាធារណៈដែលកាន់តែខ្ពស់។


​សម្រាប់​ឆ្នាំ​២០២៦ ក្រសួងយុត្តិធម៌​បានដាក់​ចេញ​ទិសដៅ​អាទិ​ភាពជា​ចម្បង​លើ​ការបន្ត​ព​ន្លឿ​ន​ការដោះស្រាយ​រឿងក្តី ការពង្រឹង​វិន័យ និង​គណនេយ្យភាព​រប​ស់ម​ន្ត្រី​តុលាការ និង​ការធានាឱ្យ​មាន​សង្គតិភាព​ក្នុងការ​អនុវត្ត​ច្បាប់​នៅ​ទូទាំងប្រទេស​។​


​បន្ថែម​ពីនេះ កិច្ច​ពិភាក្សាបាន​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ ​ដូចជា សុពលភាព​នៃ​កិច្ចសន្យា​ទិញ​លក់​អចលនវត្ថុ បញ្ហា​ក្នុង​សំណុំរឿង​អនុវត្ត​ដោយ​បង្ខំ និង​ក្របខ័ណ្ឌ​វិន័យ​សម្រាប់​អង្គចៅក្រម ដែល​ត្រូវបាន​រំពឹងថា​នឹង​នាំទៅរក​សេចក្តីសម្រេច​រួម ដើម្បី​កែលម្អ​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ភាពច្បាស់លាស់ និង​ស្មើភាព​។​


​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា ការជំរុញ​កំណែទម្រង់​ទាំងនេះ មាន​គោលដៅ​ចម្បង​ក្នុងការ​លើកកម្ពស់​គុណ​ភាពយុត្តិធម៌ និង​ស្តារ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ស្ថាប័ន​តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ ខណៈដែល​វិស័យនេះ​ត្រូវបាន​ចាត់ទុកថា​មាន​តួនាទី​សំខាន់​ក្នុងការ​រក្សា​ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ប្រទេស​។​


Post a Comment (0)
Previous Post Next Post