គម្រោងវិនិយោគចំនួន ១៨ ដែលមានដើមទុនសរុប ១៤៤ លានដុល្លារ និងអាចបង្កើតការងារថ្មីប្រហែល ១ ០០០កន្លែង ត្រូវបានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុលើកយកមកពិនិត្យពិភាក្សា មុននឹងសម្រេចថា គួរផ្តល់ឱ្យនូវកម្មវិធីលើកទឹកចិត្តពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាដែរ ឬអត់។
កាលពីថ្ងៃទី២៥ ខែ មីនា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ លើកទី ២៤ ដែលដឹកនាំដោយលោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។
លោក ហ៊ាន សាហ៊ីប បាននិយាយថា មានគម្រោងវិនិយោគក្នុងខេត្តព្រះសីហនុចំនួន ១៨ ដែលបានស្នើសុំទទួលបាននូវការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។ គម្រោងទាំងនោះមានដូចជា គម្រោងសាងសង់រោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និងគម្រោងអគារសហកម្មសិទ្ធិ ជាដើម។ គម្រោងដែលស្ថិតក្នុងកម្មវិធីលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល នឹងទទួលបានផលវិជ្ជមានជាច្រើនដូចជា ការលើកទឹកចិត្តផ្នែកពន្ធដារ ពន្ធគយ ការផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រ រួមទាំងការចុះបញ្ជីក្រុមហ៊ុន ជាដើម។
លោកបន្តថា នៅពេលដំបូងគម្រោងនេះត្រូវបានបញ្ចប់ត្រឹមចុងឆ្នាំ២០២៥ ប៉ុន្តែដោយផ្អែកតាមលទ្ធផលល្អប្រសើរ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យបន្តអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត គឺរហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយនឹងការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន : ១. ការជំរុញការវិនិយោគក្នុងស្រុក, ២. ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ៣. ការជំរុញការប្រើប្រាស់ និងការផ្ទេរជំនាញ/បច្ចេកវិទ្យាដល់កម្លាំងពលកម្មក្នុងស្រុក និង ៤. ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ។
លោកអះអាងថា៖«ជាលទ្ធផល គិតចាប់ពីឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨,១៨ ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ៥៥ ១២៤ កន្លែង។ ក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២០៩, គម្រោងថ្មី ២១៧, គម្រោងពង្រីកសមត្ថភាព ២៦, និងគម្រោងមានស្រាប់ចំនួន ១៥ គម្រោង»។
លោកបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ ក្រុមការងារក៏កំពុងខិតខំដោះស្រាយបញ្ហាអគារជាប់គាំង និងជំរុញការវិនិយោគលើគម្រោងថ្មីៗ ជាពិសេសគម្រោងក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍៕

