សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស​ សង្គ្រោះជនរងគ្រោះម្នាក់ និង​តាម​ប្រមាញ់​ជនសង្ស័យ​២នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

សមត្ថកិច្ចចម្រុះបង្ក្រាបករណីបង្ខាំងមនុស្ស​ សង្គ្រោះជនរងគ្រោះម្នាក់ និង​តាម​ប្រមាញ់​ជនសង្ស័យ​២នាក់

 កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះករណីចាប់ជំរិត ស្ថិតនៅ​ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានជួយសង្គ្រោះជនរងគ្រោះម្នាក់ជាជនជាតិបង់ក្លាដេសឱ្យរួចផុតពីការបង្ខាំងធ្វើទុកបុកម្នេញពី​សំណាក់​ក្រុម​ឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។


ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ​ម្សិល​មិញ ជនសង្ស័យជាជនជាតិបង់ក្លាដែសចំនួន ២នាក់ ត្រូវបានឃាត់ខ្លួន ហើយ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ជនសង្ស័យ​បង់ក្លាដែស​ ២នាក់ ទៀតដែល​កំពុងរត់គេខ្លួន។


ការបង្ក្រាបនេះ ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​ទទួលពាក្យបណ្តឹងថា មានករណី​បង្ខាំង ធ្វើទារុណកម្ម ជំរិតយកលុយបានសម្រេចចំនួន ៥០០០ដុល្លារ ដោយជនសង្ស័យចំនួន៤នាក់ជនជាតិបង់ក្លាដេស។ នេះ​បើ​តាម​លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។


រងគ្រោះបានប្រាប់សមត្ថកិច្ចខណ្ឌសែនសុខថា ខ្លួនត្រូវបានចាប់ជំរិតចេញពីទីតាំងប្រព្រឹត្ត​បទ​ល្មើស​ឆបោក​ online scam មួយកន្លែង ដែលខ្លួនផ្ទាល់​ជា​អ្នក​ធ្វើ​ការ​នៅ​ទីនោះ ស្ថិត​នៅផ្ទះលេខ G31 ផ្លូវបេតុងផ្សារខេស៊ី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការចុះត្រួតពិនិត្យទីតាំងផ្ទះលេខ G31 រកឃើញមានជនជាតិបង់ក្លាដែស ស្នាក់នៅប្រមូលផ្តុំ ចំនួន១៤នាក់ មានលិខិតឆ្លងដែន ចំនួន​៤នាក់ មិនមានលិខិតឆ្លងដែន ចំនួន ១០នាក់។


សមត្ថកិច្ច​រឹបអូស​សម្ភារៈ​ដែល​បម្រើ​ឲ្យ​សកម្មភាព​ឆបោក​តាម​អនឡាញ ដូចជា កុំព្យូទ័រ និង​ទូរស័ព្ទ ព្រម​ទាំង​រក​ឃើញ​ខ្សែកពណ៌លឿង ចំនួន ៥ខ្សែ ខ្សែកពណ៌ស ចំនួន ៩ខ្សែ ខ្សែដៃពណ៌លឿង ចំនួន ៣ខ្សែ  ខ្សែដៃពណ៌ស ចំនួន ២ខ្សែ និងបន្តោងខ្សែកពណ៌លឿង ចំនួន ១។


សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បាននាំជនសង្ស័យនិងជនរងគ្រោះមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងចាត់ការតាមនីតិវិធីច្បាប់។ នេះ​បើ​យោង​តាម​លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)៕


Post a Comment (0)
Previous Post Next Post