ពង់ស្ពឺៈ សត្វទន្សោងញីមួយក្បាលត្រូវបានជនល្មើសលួចបាញ់សម្លាប់ទាំងកណ្តាលអធ្រាត្រ នាថ្ងៃសុក្រ ទី២៧ ខែកុម្ភៈនៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុម ស្ថិតក្នុងភូមិត្រពាំងក្រើយ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលក្រុមអ្នកអភិរក្សចាត់ទុកទង្វើនេះថាជា «អំពើដ៏ថោកទាប និងព្រៃផ្សៃបំផុត» ចំពោះសត្វព្រៃ ដែលជាប្រភេទជិតផុតពូជបំផុតនៅក្នុងពិភពលោក។
សហគមន៍ព្រៃឈើប្រាំបីមុមបានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះថា សត្វទន្សោងញីមួយក្បាល(Banteng)ត្រូវបានជនល្មើសមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះឡានលួចធ្វើសកម្មភាពបាញ់ដោយប្រើប្រាស់កាំភ្លើង នៅវេលាម៉ោង២អធ្រាត្រ ដែលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងនៅតាមផ្លូវថ្នល់ក្នុងដែនសហគមន៍ នៅពេលដែលវាកំពុងតែដើររកចំណី។
សហគមន៍បានបញ្ជាក់ថា៖«ពួកជនល្មើសទាំងអស់នោះវាបាញ់ចេញពីដីចម្ការអំពៅក្រុមហ៊ុននមកក្នុងដីសហគមន៍ដែលជាដីរបស់សត្វទន្សោងរស់នៅរាល់ថ្ងៃ...វាអំពើដ៏ថោកទាបបំផុតពីអ្នកមានអំណាច មានអាវុធបើកឡានមកបាញ់សត្វទន្សោងនៅតំបន់ការពារសត្វព្រៃនៅសហគមន៍ប្រាំបីមុម»។
ក្រុមអ្នកអភិរក្ស Natural Network ក៏បានចាត់ទុកអំពើបាញ់ប្រហារនេះថា «ព្រៃផ្សៃខ្លាំងណាស់»ចំពោះសត្វព្រៃដែលនៅសេសសល់។ ក្រោយពីបានបាញ់ស្លាប់ ក្រុមប្រដាប់អាវុធ ប៉ុនប៉ងលើកសត្វទន្សោងនោះដាក់ឡានដើម្បីបើកគេចខ្លួន ប៉ុន្តែ ក្រុមប្រជាការពារសហគមន៍ប្រាំមុមបានទៅទាន់ ដែលធ្វើឱ្យពួកគេបើកឡានរត់គេចទៅតាមតំបន់ចំការអំពៅបាត់ស្រមោល។
Natural Networkបានសម្តែងការសោកស្តាយចំពោះការបាត់បង់សត្វទន្សោងនេះ ដោយបានលើកឡើងដូច្នេះថា៖«ប្រជាពលរដ្ឋខំការពារសម្បត្តិធម្មជាតិ អ្នកមានលុយ មានអាវុធកាន់ បែរជាមកបំផ្លាញទៅវិញ»។
កាលពីឆ្នាំ២០២៤ សត្វទន្សោងត្រូវបានប្តូរចំណាត់ថ្នាក់ពី «ប្រភេទជិតផុតពូជ» ទៅជា «ប្រភេទជិតផុតពូជបំផុត» ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាចំណាត់ថ្នាក់ដែលកំពុងប្រឈមមុខនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលងាយនឹងឈានដល់ការផុតពូជ។
គម្រោង USAID មរតកបៃតងបានលើកឡើងថា ប្រទេសកម្ពុជា គឺជាជម្រករបស់សត្វប្រភេទនេះច្រើនជាងគេនៅលើពិភពលោកហើយដែលត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនប្រហែលតិចជាង ១ ០០០ ក្បាលតែប៉ុណ្ណោះ។
សហគមន៍ព្រៃឈើប្រាំបីមុម មានទំហំសរុប ១ ១៩០ ហិកតា ត្រូវបានទទួលស្គាល់ជាផ្លូវការ តាមប្រកាសលេខ១៨៩ ប្រក.កសក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ និងប្រកាសលេខ១៨៣ ប្រក.កសក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សហគមន៍នេះគ្របដណ្តប់ដោយព្រៃល្បោះនិងព្រៃឫស្សី ដែលជាប្រភពចំណីនិងជម្រកដ៏ល្អសម្រាប់សត្វព្រៃ ព្រមទាំងជាតំបន់ខ្ពង់រាបនិងជួរភ្នំដែលមានសក្តានុពលសំខាន់សម្រាប់ទេសចរណ៍ធម្មជាតិ។ ក្រៅពីមានវត្តមានសត្វព្រៃដ៏សម្បូរបែប តំបន់នេះគាំទ្រយ៉ាងសំខាន់នូវវត្តមានសត្វទន្សោង ដែលតាមការប៉ាន់ស្មានមានចំនួនប្រមាណពី ១០០ ទៅ ១៣០ក្បាលកំពុងរស់នៅ៕



