លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង បានចុះស្វែងយល់អំពីទុក្ខលំបាករបស់ជនភៀសសឹកកម្ពុជា នៅឃុំក្រឡាញ់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន។
ការចុះសួរសុខទុក្ខនេះធ្វើឡើងនៅវត្តធម្មរង្សី ក្នុងស្រុកក្រឡាញ់ ដែលនៅទីនោះមានជនភៀសសឹក ៤១៤ គ្រួសារ ស្មើនឹង ១ ៣៩៥នាក់ គិតត្រឹមថ្ងៃទី២ ខែមីនា។ នេះបើតាមតួលេខរបស់រដ្ឋបាលខេត្តសៀមរាប។
លោកស្រី ល្វីស មូស៊ីគីវ៉ាបូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា មុនពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ នេះ។
ថ្លែងនៅជំរំភៀសសឹក លោកស្រីបានលើកឡើងថា អង្គការរបស់លោកស្រី ដែលមានស្នាក់ការនៅប្រទេសបារាំង បានដឹងពីស្ថានភាពនៅកម្ពុជា។ លោកស្រីផ្ទាល់ក៏យល់ច្បាស់ពីការលំបាកនេះដោយសារលោកស្រីបានឆ្លងកាត់ការភៀសខ្លួនដូចគ្នាដែរ នៅក្នុងប្រទេសរវ៉ានដា របស់លោកស្រី។
លោកស្រីថ្លែងថា៖«ខ្ញុំយល់ពីអារម្មណ៍របស់អ្នកទាំងអស់គ្នាដោយសារខ្ញុំជាអ្នកធ្លាប់ឆ្លងកាត់ការលំបាកបែបនេះ។ ក្នុងនាមខ្ញុំធ្លាប់ជាជនរងគ្រោះ និងធ្លាប់បានធ្វើបំលាស់ទីនៅឆ្នាំ១៩៦០ គឺបានបំលាស់ទីមកនៅទីក្រុងជាមួយគ្រួសារដ៏ធំ ខ្ញុំបានឆ្លងកាត់។ ដូច្នេះខ្ញុំសូមសម្ដែងសាមគ្គីភាពជាមួយអ្នកទាំងអស់គ្នាក្នុងនាមប្រទេសសមាជិកដែលនិយាយភាសាបារាំង»។
លោកស្រីបន្តថា៖«ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នាឆ្លងកាត់ការលំបាកនេះបានឆាប់បំផុត និងសង្ឃឹមថានឹងមានដំណោះស្រាយឆាប់ៗដើម្បីអ្នកទាំងអស់គ្នាបានរស់នៅតាមធម្មតាវិញ»។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ដែលរួមដំណើរជាមួយលោកស្រី ល្វីស មូស៊ីគីវ៉ាបូ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកដំណោះស្រាយដោយសន្តិវិធី។
នៅក្នុងខេត្តសៀមរាបទាំងមូលមានជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញចំនួន ៤ ២៣៧គ្រួសារ ស្មើនឹង ១៣ ៤៥១នាក់។ ក្នុងចំណោមនោះមានជាង ៨ពាន់នាក់បានស្នាក់នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ចំណែកជាង ៥ ពាន់នាក់ផ្សេងទៀតស្នាក់នៅជាមួយគ្រួសារដែលជាសាច់ញាតិ។
បើនិយាយពីចំនួនមរណភាពវិញ ខេត្តសៀមរាប មានយោធិនពលីចំនួន ១៥នាក់ និងនគរបាលការពារព្រំដែន១នាក់ នៅក្នុងការឈ្លានពានរបស់យោធាថៃលើកទី២។ ក្រៅពីនេះ ជនស៊ីវិលភៀសសឹកមកពីខេត្តផ្សេងដែលបានមកកាន់ខេត្តសៀមរាបបានស្លាប់ចំនួន ២០នាក់។ នេះបើតាមរដ្ឋបាលខេត្ត។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា ប្រទេសជាច្រើនបានទទួលស្គាល់ថា កម្ពុជាពិតជាបានរងគ្រោះពីការឈ្លានពានរបស់ប្រទេសថៃ។ លោកបន្តថា ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការអង្គការនិយាយភាសាបារាំង មានសារសំខាន់ក្នុងការយល់កាន់តែច្បាស់អំពីស្ថានភាពជាក់ស្ដែងនៃការឈ្លានពានរបស់ថៃ ទោះបីជាស្ថានប័នដ៏ធំមួយនេះ មិនមែនជាផ្នែកមួយរបស់អង្គការសហប្រជាជាតិក៏ដោយ។
លោកថ្លែងថា៖«ជនភៀសសឹកទាំងអស់នៅសល់រាប់ម៉ឺននាក់ គឺជាផលវិបាកនៃការឈ្លានពានរបស់ថៃ ដែលដាក់បន្លាលួស ទូរកុងតឺន័រ ហុំព័ន្ធយកភូមិឋាន ស្រែចម្ការរបស់ពួកគាត់ ធ្វើឱ្យពួកគាត់មិនអាចវិលត្រឡប់ទៅភូមិឋានវិញបាន។ សកម្មភាពឯកតោរបស់ភាគីរបស់យោធាថៃ ធ្វើឡើងក្រោយបទឈប់បាញ់ជាធរមាន»។
លោក គិន ភា ថ្លែងថា តាមរយៈការស្វែងយល់តថភាពជាក់ស្ដែងនេះ លោករំពឹងថានឹងមានការវាយតម្លៃដោយឈរលើការពិត ដូចដែលអន្តរជាតិបានមកឃើញផ្ទាល់ភ្នែក។ លោកបន្តថា ប្រទេសរាប់សិបដែលជាសមាជិករបស់អង្គការនេះនឹងបានឮសំឡេងហៅរកយុត្តិធម៌ ការពិត និងសន្តិភាព ពីកម្ពុជាពីជនភៀសសឹកខ្មែររាប់ម៉ឺននាក់។
យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី២ ខែមីនា នៅមានពលរដ្ឋភៀសសឹកជិត ៥ ម៉ឺននាក់ទៀតដែលមិនអាចត្រឡប់ទៅភូមិឋានវិញបាន ដោយសារតែការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ក៏ដូចជាការរស់នៅក្នុងតំបន់ក្រហមជាប់នឹងព្រំដែន៕

