នាយករដ្ឋមន្ត្រីអង់គ្លេសលោក គៀរ ស្តាមើរ បានយល់ព្រមតាមសំណើរបស់សហរដ្ឋអាមេរិកក្នុងការ អនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានយោធាអង់គ្លេស សម្រាប់ការវាយប្រហារការពារ (defensive strikes) ទៅលើមីស៊ីលអ៊ីរ៉ង់ ដែលស្ថិតនៅក្នុងឃ្លាំងផ្ទុក ឬនៅលើឧបករណ៍បាញ់មីស៊ីល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក ស្តាមើរ បាននិយាយនៅក្នុងសារវីដេអូមួយលើបណ្ដាញសង្គម X កាលពីថ្ងៃទី ១មីនា ថា៖ «សហរដ្ឋអាមេរិកបានស្នើសុំការអនុញ្ញាតប្រើប្រាស់មូលដ្ឋានយោធាអង់គ្លេស សម្រាប់គោលបំណងការពារដែលមានលក្ខណៈជាក់លាក់ និងមានកំណត់។ អង់គ្លេសបានសម្រេចចិត្តទទួលយកសំណើនេះ ដើម្បីបង្កាអ៊ីរ៉ង់មិនឲ្យបាញ់មីស៊ីលនៅទូទាំងតំបន់»។
លោក ស្តាមើរ បានបញ្ជាក់សាជាថ្មីថា ចក្រភពអង់គ្លេស មិនបានចូលរួមក្នុងការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់លោក អាលី ខាមេនី កាលពីថ្ងៃសៅរ៍ ទី ២៨កុម្ភៈនោះទេ ហើយចក្រភពអង់គ្លេសក៏នឹងមិនចូលរួមក្នុងការវាយប្រហារបន្ថែមទៀតដែរ។
ប៉ុន្តែលោកបាននិយាយថា អ៊ីរ៉ង់បានឆ្លើយតបវិញ ដោយបើកការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងតំបន់ ហើយមីស៊ីលរបស់អ៊ីរ៉ង់បានប៉ះទង្គិចទៅលើអាកាសយានដ្ឋាន និងសណ្ឋាគារ ដែលមានពលរដ្ឋអង់គ្លេសកំពុងស្នាក់នៅ។
លោកបានបន្ថែមថា៖ «ការសម្រេចចិត្តរបស់អង់គ្លេសដែលមិនចូលរួមវាយប្រហារទៅលើអ៊ីរ៉ង់ គឺជាការសម្រេចចិត្តដោយចេតនា ពីព្រោះយើងជឿថា ផ្លូវល្អបំផុតសម្រាប់តំបន់ និងសម្រាប់ពិភពលោក គឺជាដំណោះស្រាយតាមរយៈការចរចា ដែលអ៊ីរ៉ង់យល់ព្រមបោះបង់មហិច្ឆតាណាមួយ ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់នៅតែវាយប្រហារលើផលប្រយោជន៍របស់អង់គ្លេស និងកំពុងដាក់ជីវិតប្រជាជនអង់គ្លេសក្នុងហានិភ័យយ៉ាងខ្លាំង»។
លោកបានបញ្ជាក់ទៀតថា ដៃគូរបស់ចក្រភពអង់គ្លេសនៅតំបន់ឈូងសមុទ្របានស្នើឲ្យអង់គ្លេសធ្វើអ្វីមួយបន្ថែមទៀតដើម្បីការពារពួកគេ ហើយវាជាកាតព្វកិច្ចរបស់លោកក្នុងការការពារជីវិតប្រជាជនអង់គ្លេស។ យន្តហោះចម្បាំងរបស់អង់គ្លេសកំពុងចូលរួមរួចហើយ ក្នុងប្រតិបត្តិការការពារដែលសម្របសម្រួលគ្នា ហើយបានស្ទាក់ចាប់ការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់មួយចំនួន។
ការទទួលយកសំណើរបស់សហរដ្ឋអាមេរិក គឺផ្អែកលើគោលការណ៍ការការពារខ្លួនរួមគ្នារបស់មិត្ត និងសម្ព័ន្ធមិត្តយូរអង្វែង និងដើម្បីការពារជីវិតប្រជាជនអង់គ្លេស ស្របតាមច្បាប់អន្តរជាតិ។ នេះជាការលើកឡើងរបស់លោក ស្តាមើរ៕

