នាយករដ្ឋមន្ត្រីបញ្ជាក់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ជាមួយ​តំណាង​អង្គការ​សហប្រជាជាតិ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នាយករដ្ឋមន្ត្រីបញ្ជាក់​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ជាមួយ​តំណាង​អង្គការ​សហប្រជាជាតិ

 លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​​ ម៉ាណែត ថ្លែង​ប្រាប់​លោកស្រី Vladanka Andreeva អ្នកសម្រប​សម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ខណៈ​ UN ចង់ឃើញ​ថៃ និង​កម្ពុជា ដោះស្រាយជម្លោះដោយ​សន្តិវិធី។


ក្នុ​ងជំនួប​នៅ​ថ្ងៃទី២ មីនា​នេះ លោក​ ហ៊ុន ម៉ាណែត ថ្លែង​ថា កម្ពុជា​មាន​ជំហរ​ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។


លោក​ ហ៊ុន​ ម៉ាណែត ទើប​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​ដើម្បីចូលរួម​ក្រុមប្រឹក្សា​សន្តិភាព និង​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​អង្គការ​សហប្រជាជាតិ រួមមាន​លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោកស្រី Annalena Baerbock ប្រធានសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និង​លោក​ Volker Türk ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។


​ក្នុង​ជំនួប​នេះ លោកស្រី Andreeva ក៏​បាន​ថ្លែង​ថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសកម្ពុជា និង ថៃ ដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។


លោកស្រី Andreeva ទើប​តែ​ត្រូវ​បាន​តែង​តាំង​ជា​អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីពេល​ថ្មីៗ​នេះ ប៉ុន្តែ លោកស្រី​ធ្លាប់បម្រើការនៅទីភ្នាក់​ងារ​របស់​ UN ជាច្រើន​ឆ្នាំ​មក​ហើយ នៅ​កម្ពុជា។


លោកស្រី ថ្លែង​អំណរគុណ ដល់​កម្ពុជា សម្រាប់​បេសកកម្ម ២០ ឆ្នាំរបស់​កម្ពុជា នៅក្នុងបេសកកម្មរក្សាសន្តិភាពពិភពលោក តាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនៅឆ័ត្រក្រោមអង្គការសហប្រជាជាតិ។ 


លោកស្រី​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ក្រោយ​ជំនួប​នេះ​ថា៖ «ខ្ញុំបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខសកល។ កម្ពុជាបានវិវត្តខ្លួនពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ មកជាសសរស្តម្ភនៃសន្តិសុខសកលវិញ។ ឆ្នាំនេះគឺជាខួបលើកទី ២០ នៃការចូលរួមរបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ ២០០៦ មក កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង ១០,០០០ នាក់ ក្នុងនោះមានស្ត្រីជាង ៩០០ នាក់ ទៅកាន់បេសកកម្មតាមបណ្តាប្រទេសនានា»។


លោកស្រី​ថា បានលើក​ឡើង​ពី​កិច្ច​សហការ​ល្អ​រវាង​ស្ថាប័ន​នានា​របស់​កម្ពុជា ជាមួយ​ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហើយ​អង្គការ​សហប្រជាជាតិ​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​បន្ត​ទៀត ដូចជា​ការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម (Upskilling), ការកសាងមូលធនមនុស្ស ជាដើម។


លោកស្រី​ថ្លែង​ថា៖ «អង្គការសហប្រជាជាតិប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះជំពូកថ្មីរបស់កម្ពុជា។ ខណៈពេលដែលប្រទេសជាតិកំពុងត្រៀមខ្លួនចាកចេញពីស្ថានភាពប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ខ្ញុំបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់គ្រួសារអង្គការសហប្រជាជាតិ ក្នុងការផ្តល់ជំនួយបច្ចេកទេសដែលចាំបាច់ដើម្បីសម្រេចបាននូវសមិទ្ធផលនេះ ដោយធានាថាគ្មានសហគមន៍ណាមួយ ពិសេសគឺសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននាពេលថ្មីៗនេះ ត្រូវបានបោះបង់ចោលនោះឡើយ»៕


Post a Comment (0)
Previous Post Next Post