កម្ពុជានឹងរៀបចំទិវាវប្បធម៌ជាតិលើកទី២៨ នៅថ្ងៃទី៣ មីនានេះ ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន។
នៅចំពោះមុខនៃការសង្គ្រាមឈ្លានពានពីប្រទេសថៃជិតខាង ការរៀបចំទិវាវប្បធម៌ឆ្នាំ២០២៦នេះ មានសារៈសំខាន់ក្នុងការរំលឹកដល់យុវជនដល់កាតព្វកិច្ចការពារជាតិ និងស្មារតីស្នេហាជាតិ។ នេះបើតាមខ្លឹមសារនៃសារាចរស្ដីពីការរៀបចំទិវានេះ ចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលផ្សព្វផ្សាយនៅថ្ងៃទី១ ខែមីនា។
ទិវាវប្បធម៌ជាតិត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ ដើម្បីដឹងគុណដល់បុព្វបុរសកម្ពុជា ក៏ដូចជាដើម្បីបំផុសនូវមនសិការស្នេហាជាតិ ចូលរួមការពារ ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សិល្បៈ ទំនៀមទម្លាប់ ប្រពៃណី និង កេរដំណែលដូនតាជាច្រើនទៀត ដែលជាអត្តសញ្ញាណជាតិរបស់ប្រជាជនខ្មែរគ្រប់រូប។
លោក ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងសារាចរថា៖ «ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ដល់ការការពារ ថែរក្សា និងលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិ ដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសស្ថិតក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដី ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ រាជរដ្ឋាភិបាលសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់ របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាពនិងបរិយាបន្ន»។
លោកបន្តថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» គឺដើម្បីលើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស។
លោកបន្តថា ប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនត្រូវចូលរួមជាកម្លាំងចលករ ក្នុងកិច្ចការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបាន ស្ថិតស្ថេរគង់វង្ស និងរីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និង ជាតិពន្ធុនោះឡើយ។
យោងតាមសារាចរដដែល ការប្រារព្ធទិវាវប្បធម៌ជាតិឆ្នាំនេះ និងធ្វើឡើងចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពាក់កណ្ដាលខែមេសា។
ក្នុងអំឡុងពេលនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិអាចរៀបចំកម្មវិធីនិងសកម្មភាពគាំទ្រនានា ទាំងតាមលទ្ធភាព ទាំងជាក់ស្ដែង និងលើបណ្ដាញសង្គមនិងតាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយការងារពាក់ព័ន្ធនឹងការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ស្របពេលជាមួយគ្នានេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ បានចេញព្រះរាជសារដាច់ដោយឡែកសម្រាប់ការរៀបចំទិវាវប្បធម៌ជាតិ នេះដែរ។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា៖ «យើងប្រារព្ធទិវាវប្បធម៌ជាតិទាំងអស់គ្នាដើម្បីលើកកម្ពស់ មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ»៕

