ភ្នំពេញៈ កូនផ្សោតកើតថ្មីទី៤ត្រូវបានប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ខណៈដែលកូនផ្សោតកើតថ្មីទី៣ ត្រូវបានក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានប្រទះឃើញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់ផ្សោតកាំពី នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី២២ ខែមីនានេះបានចាត់ទុក កំណើតថ្មីទាំង២នេះថាជា «ដំណឹងល្អផ្ទួនៗ » ខណៈដែលមិនទាន់មានករណីស្លាប់ទៅវិញ។ សម្រាប់ឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ ដែលបានកើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះនោះផង។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានចំនួនសរុប ១១៦ក្បាល។
ក្រសួងលើកឡើងថា កំណើតកូនផ្សោតថ្មីជាបន្តបន្ទាប់ និងពុំមានករណីសត្វផ្សោតទន្លេមេគង្គស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ គឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នា ទាំងក្រសួងកសិកម្ម ដែលមាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល ជាអង្គភាពសម្របសម្រួលអនុវត្តផ្ទាល់ រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង អង្គភាពពាក់ព័ន្ធក្រោមឱវាទខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការ WWF និងមន្រ្តីឆ្មាំទន្លេ ដែលបានសហការពង្រឹងការល្បាត ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងតាមដានសុខភាពសត្វផ្សោត ការលើកកម្ពស់ការយល់ដឹងសាធារណៈ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ទន្ទឹមនេះ ប្រសិនបើប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត ក្រសួងសូមអំពាវនាវឱ្យបងប្អូនប្រជានេសាទផ្តល់ព័ត៌មានទៅសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣/០១១ ៣៥៥ ៨៨៣/០៩៩ ៧៩១ ៩១៩/០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២។
អង្គការ WWF កម្ពុជាបានឱ្យដឹងថា ដើម្បីពិភាក្សាការងារស្តីពី ការពង្រឹង និងការចូលរួមការពារសត្វផ្សោតទន្លេមេគង្គ, ដៃគូរដ្ឋាភិបាល ឆ្មាំទន្លេ និងដៃគូអភិរក្សជាច្រើន បានចូលរួមប្រជុំនៅសាលាខេត្តក្រចេះ កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦។ កិច្ចប្រជុំនេះបានបង្ហាញពីវឌ្ឍនភាព ដោយក្នុងឆ្នាំ ២០២៥ នេះមិនមានករណីសត្វផ្សោតស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់ឡើយ ហើយកាន់តែល្អបំផុតនោះ គឺមានកូនផ្សោតកើតថ្មីចំនួន ៨ ក្បាលនៅក្នុងទន្លេមេគង្គផងដែរ។
តាមរយៈការប្រជុំនេះអ្នកចូលរួមទាំងអស់បានឯកភាព បន្តពង្រឹងការងារល្បាត បង្កើនការតាមដាន និងត្រួតពិនិត្យដោយប្រើបច្ចេកវិទ្យាដ្រូន និងជំរុញដល់ការផ្សព្វផ្សាយឱ្យកាន់តែច្រើនទៅកាន់សហគមន៍។ តាមរយៈការសហការ និងការចូលរួមក្នុងការងារអភិរក្សនេះ កម្ពុជាកំពុងបន្តខិតខំប្រឹងប្រែង ដើម្បីធានាថា សត្វផ្សោតទន្លេមេគង្គនឹងកាន់តែរីកចម្រើន ហើយការការពារទន្លេនឹងរួមចំណែកគាំទ្រជីវភាពប្រជាពលរដ្ឋរាប់ពាន់គ្រួសារ៕



