បន្ទាយមានជ័យ៖ សំឡេងសម្រែកនឹកផ្ទះ និងការខ្វះខាតជីវភាពកំពុងបន្តរំខានដល់ជនភៀសសឹករាប់ពាន់នាក់នៅតំបន់ព្រំដែនកម្ពុជា–ថៃ ខណៈពួកគេនិយាយថា «ជម្រកបណ្ដោះអាសន្ន» មិនអាចជំនួស «ផ្ទះពិតប្រាកដ» បានឡើយ។
អ្នកស្រី រឹម ឌីឃឹម មកពីភូមិថ្នល់បំបែក តំបន់បឹងត្រកួន ដែលបានភៀសខ្លួនមកស្នាក់នៅជម្រកបណ្ដោះអាសន្ន បាននិយាយថា ទោះបីលក្ខខណ្ឌនៅទីនេះល្អប្រសើរជាងនៅជំរំវត្តកណ្ដោលកន្លងមកក្តី ក៏វាមិនមែនជាអ្វីដែលពួកគេចង់បានពិតប្រាកដឡើយ។
អ្នកស្រីបានប្រាប់ ខណៈសំឡេងនឹកផ្ទះបន្តបង្ហាញពីភាពពិបាកចិត្តថា៖ «ជម្រកបណ្ដោះអាសន្នមិនមែនជាផ្ទះរបស់ពួកខ្ញុំទេ។ ពួកខ្ញុំចង់បានផ្ទះវិញ ជាភូមិឋានដែលធ្លាប់រស់នៅ និងផ្ដល់អារម្មណ៍កក់ក្ដៅជាងនេះ»។
អ្នកស្រីពិពណ៌នាថា ជីវិតក្នុងជម្រកគឺពិបាកខ្លាំង ដោយតង់មានកម្ដៅខ្លាំងនៅថ្ងៃ និងរងការលិចទឹកពេលភ្លៀង ខណៈប្រជាជនរាប់ពាន់នាក់ត្រូវចែករំលែកបន្ទប់ទឹកដ៏តិចតួច។
មុនពេលផ្ទុះការឈ្លានពាននៅដើមខែធ្នូឆ្នាំមុន អ្នកស្រីគឺជាអ្នកលក់អីវ៉ាន់ចាប់ហួយ ទាំងបោះដុំ និងលក់រាយ ហើយបានវិនិយោគទិញទំនិញសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំ។ ប៉ុន្តែទំនិញទាំងនោះត្រូវបានបំផ្លាញទាំងស្រុង។
ប្រជាពលរដ្ឋជាង ៨០០គ្រួសារដំបូងបានរើមកស្នាក់នៅជម្រកបណ្ដោះអាសន្នថ្មីក្នុងភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ដបន្ទាយមានជ័យ។ រូបថត ហុង រស្មី
អ្នកស្រីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំទើបទិញអីវ៉ាន់ដាក់ពេញផ្ទះបានតែ៣ថ្ងៃ ស្រាប់តែផ្ទុះសង្គ្រាម។ ឥឡូវនេះ មុនចូលឆ្នាំ ខ្ញុំមិនមានអ្វីត្រូវត្រៀមទេ ហើយផ្ទះក៏អស់រលីងដែរ»។
នៅពេលសំឡេងគ្រាប់ផ្ទុះឮរន្ថើន អ្នកស្រីមានឱកាសយករថយន្តដឹកទំនិញភៀសខ្លួន ប៉ុន្តែបានជ្រើសរើសជួយអ្នកជិតខាងជំនួសយកទ្រព្យសម្បត្តិ។
អ្នកស្រីបានរំឭកថា៖ «ខ្ញុំមិនអាចចោលអ្នកជិតខាងដែលគ្មានមធ្យោបាយធ្វើដំណើរ ហើយមានស្ត្រីមានផ្ទៃពោះបានឡើយ។ ទោះគាត់មានគភ៌ តែគាត់ស៊ូលោតឡើងរថយន្ដដើម្បីសុវត្ថិភាព។ ខ្ញុំមិនអាចយកអីវ៉ាន់ដោយមិនគិតពួកគាត់ឡើយ។ ខ្ញុំជ្រើសយកមនុស្ស មិនមែនអីវ៉ាន់»។
អ្នកស្រីបានអំពាវនាវដល់រាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ឱ្យជួយសម្រួលឲ្យប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះវិញបានឆាប់ៗ ដោយបញ្ជាក់ថា កុមារកំពុងខកខានការសិក្សា និងគ្រួសាររងការលំបាកយ៉ាងខ្លាំង។
«ខ្ញុំលើកដៃសំពះខាងរាជរដ្ឋាភិបាល និងអន្ដរជាតិជួយពួកខ្ញុំឆាប់បានចូលត្រឡប់ទៅផ្ទះសម្បែង ភូមិឋានរបស់ពួកខ្ញុំវិញ។ ពួកខ្ញុំមិនចង់បន្ដរស់នៅជាជនភៀសសឹកទៀតទេ យើងខ្ញុំទាមទារយកដី យកផ្ទះរបស់ពួកខ្ញុំទាំងអស់មកវិញ ដើម្បីបានត្រឡប់ទៅផ្ទះវិញ ពីព្រោះពួកខ្ញុំពិបាកណាស់ ជាពិសេស កូនៗកំពុងតែរៀន ដែលកំពុងតែត្រូវការការអប់រំ»។
បើយោងតាមអាជ្ញាធរ តំបន់បឹងត្រកួននៅតែមានភាពតានតឹង ទោះមានបទឈប់បាញ់ចាប់ពីថ្ងៃទី២៧ ធ្នូ ក៏ដោយ។ កងទ័ពថៃត្រូវបានរាយការណ៍ថា នៅតែបន្តដាក់ខ្សែលួស និងបំពាក់សម្ភារៈនៅក្នុងដែនដីកម្ពុជា ប្រហែល១គីឡូម៉ែត្រពីច្រកព្រំដែន។
ទិដ្ឋភាពនៃការចាកចេញរបស់ជនភៀសសឹកនៅវត្ដកណ្ដោលទៅកាន់ជម្រកបណ្ដោះអាសន្នថ្មី។ រូបថត ហុង រស្មី
ទិន្នន័យផ្លូវការបង្ហាញថា ដីប្រមាណ ២៩២ ហិកតា នៅតំបន់នេះនៅតែស្ថិតក្រោមការកាន់កាប់ រួមមានដីលំនៅឋាន និងដីកសិកម្ម។ ផ្ទះជាង ១,៣៦៥ ខ្នង និងប្រជាពលរដ្ឋជាង ៦,០០០ នាក់ ត្រូវបានប៉ះពាល់ និងភៀសខ្លួនចេញពីភូមិ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជាបានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ចំពោះសកម្មភាពដែលរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយអំពាវនាវឱ្យភាគីថៃបញ្ឈប់សកម្មភាព និងដោះស្រាយវិវាទតាមវិធីសន្តិភាព។
ក្នុងពេលដូចគ្នា ក៏មានរបាយការណ៍អំពីផ្សែងឡើងពីតំបន់បឹងត្រកួន ដែលគេជឿថាជាផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានបំផ្លាញ បន្ថែមលើការរាយការណ៍ថាមានសកម្មភាពវាស់វែង និងចែកដីនៅតំបន់ជាប់ព្រំដែន។
សម្រាប់អ្នកស្រី រឹម ឌីឃឹម និងជនភៀសសឹកជាច្រើនផ្សេងទៀត បញ្ហានេះមិនមែនជារឿងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជារឿងជីវិតប្រចាំថ្ងៃ។
អ្នកស្រីបានបញ្ជាក់ថា៖ «ពួកខ្ញុំមិនចង់រស់នៅជាជនភៀសសឹកទៀតទេ។ ពួកខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ»៕



