ភ្នំពេញៈ «ទឹក គឺជាជីវិត» ហើយកង្វះខាតទឹកស្អាតនាំឱ្យមានហានិភ័យសុខភាពធ្ងន់ធ្ងរដល់សុខភាព ដែលក្នុងនោះ កុមារអាយុក្រោម ៥ឆ្នាំ ជិត ១ ០០០នាក់ស្លាប់ជារៀងរាល់ថ្ងៃ ពាក់ព័ន្ធនឹងជំងឺបង្កឡើងដោយទឹកមិនស្អាត និងខ្វះអនាម័យនៅក្នុងពិភពលោក។ នេះជាការលើកឡើងរបស់អង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជានៅក្នុង «ទិវាទឹកពិភពលោក» នាថ្ងៃទី ២២ ខែមីនានេះ។
អង្គការ Oxfam ប្រចាំកម្ពុជា បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ វិសមភាព និងការវិនិយោគមិនពេញលេញ នៅតែបន្តធ្វើឱ្យវិបត្តិទឹកកាន់តែខ្លាំងជាងមុន ជាពិសេសសម្រាប់ស្ត្រី និងក្រុមងាយរងគ្រោះ ដែលទទួលបន្ទុកធ្ងន់បំផុត ខណៈដែលរបាយការណ៍របស់ UN បានបង្ហាញថា វិបត្តិទឹកបានជះឥទ្ធិពលលើមនុស្សគ្រប់គ្នា ប៉ុន្តែផលប៉ះពាល់នេះមានកម្រិតមិនស្មើគ្នានោះទេ ហើយនៅតំបន់ដែលខ្វះខាតទឹកស្អាត និងប្រព័ន្ធអនាម័យ ស្ត្រីនិងកុមារី ជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ។
អង្គការ Oxfamបានជឿជាក់ថា ការទទួលបានទឹក គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សគ្រប់រូប មិនមែនជាឯកសិទ្ធិទេ។ អង្គការ Oxfamបានអំពាវនាវរួមគ្នាជាមួយសហគមន៍នៅជុំវិញពិភពលោក ឱ្យមានការទទួលបានទឹក និងអនាម័យប្រកបដោយសមធម៌។ សូមរួមគ្នាការពារធនធានទឹក វិនិយោគលើប្រព័ន្ធភាពធន់ និងធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។
ក្នុងឱកាសនេះ អង្គការ WWF-កម្ពុជា បានរំលេចថា «ទឹក គឺជាជីវិត ហើយព្រៃឈើការពារប្រភពទឹក» ដោយបានគូសបញ្ជាក់ថា ទិវានេះគឺរំលឹកដល់មនុស្សទាំងអស់គ្នាថា ប្រព័ន្ធទន្លេដែលមានសុខភាពល្អ គឺក៏អាស្រ័យទៅនឹងព្រៃឈើផងដែរ។ ជាក់ស្តែងនៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើត (EPL) និងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ (MFF) គេអាចយល់បានថា ព្រៃឈើមានតួនាទីសំខាន់ក្នុងការការពារប្រភពទឹក គ្រប់គ្រងលំហូរទឹក និងគាំទ្រប្រព័ន្ធអេកូឡូស៊ី រួមទាំងសត្វផ្សោតទន្លេមេគង្គ និងជីវៈចម្រុះផ្សេងៗទៀត។
ទាក់ទងនឹងបញ្ហាទឹកនេះផងដែរ ព្រឹត្តិបត្រកសិឧតុនិយមដែលចេញផ្សាយរួមគ្នាដោយអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានថា ធាតុអាកាសក្តៅស្ងួតត្រូវបានព្យាករណ៍ថានឹងកើតមាននៅក្នុងខែមីនានេះ ហើយកសិករត្រូវបានណែនាំឱ្យគ្រប់គ្រងទឹកដោយប្រុងប្រយ័ត្នផងដែរ។
ប្រជាកសិករនៅខេត្តភាគខាងជើងបឹងទន្លេសាប ត្រូវបានព្យាករណ៍ថានឹងប្រឈមជាមួយស្ថានភាពក្តៅស្ងួតជាងធម្មតានៅខែមីនានេះ។ ការព្យាករណ៍បង្ហាញថាទឹកភ្លៀងអាចមានកម្រិតទាបជាងមធ្យម ចំនួនថ្ងៃដែលមានភ្លៀងមានតិចតួច សីតុណ្ហភាពនឹងកាន់តែក្តៅហួតហែង និងកាត់បន្ថយសំណើមដី។ កសិករត្រូវបានលើកទឹកចិត្តឱ្យតាមដានស្ថានភាពដីយ៉ាងដិតដល់ ស្រោចស្រពនៅពេលព្រឹកព្រលឹម ឬពេលល្ងាចដើម្បីកាត់បន្ថយការបាត់បង់ទឹក និងដាក់ជីកំប៉ុសតាមដែលអាចធ្វើទៅបាន ដើម្បីជួយរក្សាសំណើម និងការពារដំណាំ។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្តីជូនដំណឹងដោយអំពាវនាវឱ្យមានការអនុវត្តវិធានការសន្សំសំចៃទឹកផងដែរ៕

