ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៩នាក់ ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែង នៅសណ្ឋាគារមួយក្នុងខណ្ឌសែនសុខ កាលពីថ្ងៃទី២២ ខែមីនា ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តបង្ក្រាបបទល្មើសបច្ចេកវិទ្យានៅកម្ពុជា។
ប្រតិបត្តិការនេះ ដឹកនាំដោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងនៅសង្កាត់អូរបែកក្អម ដែលជនសង្ស័យត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ដើម្បីអនុវត្តសកម្មភាពឆបោកក្នុងទម្រង់ «វិនិយោគក្លែងក្លាយ» ផ្តោតលើជនរងគ្រោះនៅប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀត។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនភាគច្រើនជាជនបរទេស ជាពិសេសជនជាតិចិន រួមទាំងមានជនជាតិម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម និងខ្មែរ។
តាមសេចក្តីប្រកាសរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា៖ «នៅជាន់ផ្ទាល់ដី បន្ទប់កាមេរ៉ាសុវត្ថិភាព មានមនុស្ស ៧នាក់ ក្នុងនោះជនជាតិចិន ៦នាក់ និងស្ត្រីវៀតណាម ១នាក់»។
លេខាធិការដ្ឋាន បានបន្ដថា៖ «នៅជាន់ទី២ និងទី៣ មានមនុស្ស ២៦នាក់ ក្នុងនោះជនជាតិចិន ២៥នាក់ និងម៉ាឡេស៊ី ១នាក់ ខណៈនៅជាន់ដំបូល ដែលជាទីតាំងប្រព្រឹត្ត Online Scam មានមនុស្ស ១៦នាក់ រួមមានជនជាតិចិន ១២នាក់ ម៉ាឡេស៊ី ២នាក់ ស្ត្រីមីយ៉ាន់ម៉ា ១នាក់ និងស្ត្រីខ្មែរ ១នាក់»។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រ All In One ចំនួន ៦០គ្រឿង, CPU ចំនួន ៣១គ្រឿង, Laptop ១គ្រឿង, ទូរសព្ទដៃ ៦៨៧គ្រឿង និងស៊ីមកាតម៉ាឡេស៊ី ៤៦ស៊ីម។
លទ្ធផលស៊ើបអង្កេតបឋមបង្ហាញថា ក្រុមនេះទើបតែផ្លាស់ទីតាំងមកពីខេត្តត្បូងឃ្មុំ មុនពេលត្រូវបង្ក្រាប។ អាជ្ញាធរបានបញ្ជាក់ថា ការស៊ើបអង្កេតកំពុងបន្ត ដើម្បីកំណត់អត្តសញ្ញាណមេខ្លោងនៅពីក្រោយបណ្តាញនេះ។
យោងតាម (គ.ប.ឆ.ប.) បានឱ្យដឹងថា លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦ ដោយព្រមានថា អ្នកពាក់ព័ន្ធនឹងត្រូវប្រឈមមុខនឹងវិធានការផ្លូវច្បាប់យ៉ាងតឹងរឹង៕

