ខេត្ដបន្ទាយមានជ័យ៖ ក្នុងតង់តូចមួយនៅជំរំវត្តកណ្ដោល អ្នកស្រី ឈូ ទូច អាយុ ៥៦ឆ្នាំ អង្គុយគិតដល់ផ្ទះដែលទើបសាងសង់បានមិនដល់ខែមួយផង ប៉ុន្តែឥឡូវនេះក្លាយជាអតីតកាល។ បីខែហើយដែលអ្នកស្រីរស់នៅជាជនភៀសសឹក បីខែនៃការខ្វះខាត និងការអាលោះអាល័យ។
អ្នកស្រីប្រាប់ថា ការផ្លាស់ពីតង់ដែលរងកម្ដៅថ្ងៃ និងទឹកលិច មកកាន់ជម្រករឹងមាំថ្មី ធ្វើឱ្យមានអារម្មណ៍ធូរស្រាលខ្លះ។ ប៉ុន្តែជិតដល់បុណ្យចូលឆ្នាំថ្មី ដែលជាពេលគ្រួសារជួបជុំ និងរៀបចំផ្ទះវិញ អ្វីៗត្រឡប់ខុសពីធម្មតាទាំងស្រុង។
អ្នកស្រី ទូច បានរំឭកថា៖ «ធ្លាប់តែរស់នៅសប្បាយ ហើយឥឡូវមកនៅបែបនេះ មិនដឹងជាគិតមេច។ និយាយមិនចង់ចេញ ដូចថា អស់គ្មានសល់អីរលីង។ ចេះតែស៊ូៗតទៅទៀត»។
អ្វីដែលអ្នកស្រីអាលោះអាល័យក្រៅពីទឹកដីខ្មែរ គឺផ្ទះដែលទើបកសាងរួចត្រឹមតែមួយខែ ដោយប្រើកម្លាំងញើសឈាមស្ទើរតែមួយជីវិត។
អ្នកស្រី បានបញ្ជាក់ថា៖ «មួយជីវិតហើយ ទាំងគ្រួសារដើរធ្វើតែខ្ញុំគេ សន្សំទម្រាំបានលុយបន្ដិចបន្ដួចទិញដី ធ្វើផ្ទះ។ ដល់ពេលធ្វើមិនទាន់បានប៉ុន្មានផង ក៏ឥឡូវអស់រលីង។ ខ្ញុំសង្ឃឹមថា ឆ្នំានេះនឹងអាចរស់នៅក្នុងផ្ទះ ក្នុងស្រុកស្រួលបួលនឹងគេ។ តែដល់ទីបំផុត ខំតាំងពីក្មេងរហូតដល់អាយុជិត៦០ឆ្នាំហើយ អស់សង្ឃឹមរលីងហើយ»។
គ្រួសាររបស់អ្នកស្រីភាគច្រើននៅប្រទេសថៃ ជាកម្មករ កំពុងព្យាយាមសងបំណុល មិនទាន់អាចត្រឡប់មកវិញបាន។
នៅទីជម្រកថ្មី ក្នុងភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក អ្នកស្រីគ្រោងដាំបន្លែ ដើម្បីរស់នៅបន្ត ទោះជាមិនដឹងអនាគតច្បាស់លាស់ក៏ដោយ។
នៅជិតគ្នា លោក លៀម គីមសេង ដែលបានភៀសខ្លួនជាមួយគ្រួសារ បាននិយាយថា លោកនឹងបន្តធ្វើការងារកសិកម្មដូចមុន ដើម្បីរកចំណូល។ ប៉ុន្តែគោលដៅសំខាន់នៅតែដូចគ្នា គឺត្រឡប់ទៅផ្ទះវិញ។
សម្រាប់កុមារី អ៊ុន ស្រីល័ក្ខ អាយុ ១០ឆ្នាំ ក្តីប្រាថ្នាសាមញ្ញគឺ «ចង់ទៅផ្ទះវិញ និងទៅសាលារៀនវិញ»។
ការចាកចេញរបស់ពលរដ្ឋភៀសសឹកទាំងពីរភូមិនេះត្រូវបានធ្វើឡើងតាមរយៈការចាប់ឆ្នោត រួមទាំងលេខផ្ទះបណ្ដោះអាសន្នរបស់ពួកគេ។ រូបថត ហុង រស្មី
អ្នកស្រី រឹម ឌីឃឹម ជាអ្នកលក់អីវ៉ាន់ចាប់ហួយ បានបាត់បង់ទាំងទ្រព្យសម្បត្តិ និងមុខរបរ បន្ទាប់ពីទិញទំនិញសម្រាប់លក់មុនបុណ្យ។
អ្នកស្រីនិយាយថា៖ «ខ្ញុំទើបទិញអីវ៉ាន់បាន៣ថ្ងៃ ស្រាប់តែផ្ទុះសង្គ្រាម អីវ៉ាន់រលាយទាំងអស់»។
ទោះមានឱកាសយកទ្រព្យភៀសខ្លួន អ្នកស្រីជ្រើសជួយអ្នកជិតខាង ជាពិសេសស្ត្រីមានផ្ទៃពោះ។
ដូនចាស់បីចៅកំពុងតែដេកលង់លក់ត្រៀមចាកចេញពីជំរំវត្ដកណ្ដោលទៅកាន់ជម្រកថ្មី។ រូបថត ហុង រស្មី
អ្នកស្រី ឌីឃឹម បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំមិនអាចយកអីវ៉ាន់ ហើយចោលមនុស្សបានទេ»។
តាមអាជ្ញាធរ ជនភៀសសឹកជាង ៨០០គ្រួសារ ត្រូវបានរៀបចំឱ្យស្នាក់នៅជម្រកបណ្ដោះអាសន្នជំហានដំបូង នៅស្រុកស្វាយចេក ខណៈផ្ទះជាង ៣០០ខ្នងត្រូវបានសាងសង់រួច ហើយគ្រោងបញ្ចប់ដល់ ៣,០០០ខ្នង មុនចូលឆ្នាំថ្មី។ ជម្រកទាំងនេះមានទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាព ដើម្បីសម្រួលជីវភាពបណ្ដោះអាសន្ន។
ពលរដ្ឋភៀសសឹកនៅវត្ដកណ្ដោលអង្គុយជជែករំឭកអនុស្សាវរិយមុនពេលចាកទៅកាន់ជម្រកថ្មីបណ្ដោះអាសន្នរៀងៗខ្លួន។ រូបថត ហុង រស្មី
លោក ឃ្លោក នួយ អភិបាលរងខេត្ដបន្ទាយមានជ័យ បាននិយាយថា៖ «ការចាប់ឆ្នោតជំហានទី២ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។ ចំពោះផ្ទះអតីតយុទ្ធដែលបងប្អូនភៀសសឹកត្រូវទៅស្នាក់នៅបណ្តោះអាសន្ន មានផ្ទៃដីទំហំ ២០គុណ ៣០ម៉ែត្រ ព្រមទាំងមានបន្ទប់ទឹកប្រើប្រាស់ផងដែរ»។
លោកបានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជនភៀសសឹក រាជរដ្ឋាភិបាលជួយសម្រួលថ្លៃទឹក ថ្លៃភ្លើង ជូនបងប្អូនរយៈពេលពេញមួយឆ្នាំ (ដោយកំណត់មួយខ្នងផ្ទះប្រើប្រាស់តែ៣០គីឡូវ៉ាត់ ក្នុងមួយខែ)។
អ្នកស្រី ឈូ ទូច អាយុ ៥៦ឆ្នាំ (រូបឆ្វេង) និងដូនចាស់ជិតខាងតង់នៅវត្ដកណ្ដោលអង្គុយគិតដល់ផ្ទះដែលទើបសាងសង់បានមិនដល់ខែមួយផង។ រូបថត ហុង រស្មី
ក្នុងបរិបទនេះ អាជ្ញាធរ និងអង្គការយុវជនក៏កំពុងព្យាយាមនាំយកអារម្មណ៍បុណ្យចូលឆ្នាំទៅកាន់តំបន់ជម្រកផងដែរ។
កម្មវិធីសង្ក្រាន្តរយៈពេល៣ថ្ងៃ នឹងត្រូវរៀបចំនៅតាមទីតាំងជម្រកក្នុងខេត្តសៀមរាប បន្ទាយមានជ័យ និងព្រះវិហារ ចាប់ពីថ្ងៃទី២៩ ដល់ ៣១ មីនា មុនព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ធំៗនៅរាជធានីភ្នំពេញក្នុងខែមេសា។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ក្រុមការងាររួមមានតំណាងវិស័យឯកជន សិល្បករ និងក្រុមកំប្លែង នឹងចុះទៅជួបប្រជាពលរដ្ឋដែលបានភៀសខ្លួន ដើម្បីចែករំលែកសេចក្ដីសប្បាយ និងការលើកទឹកចិត្ត។
ពលរដ្ឋមកពីជំរំវត្ដកណ្ដោលបានធ្វើដំណើរមកដល់ជម្រកបណ្ដោះអាសន្នថ្មីនៅស្រុកស្វាយចេក ដែលធំទូលាយ និងផាសុកភាព។ រូបថត ហុង រស្មី
គិតត្រឹមថ្ងៃទី២២ ខែមិនា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន ១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៦៣២០នាក់ទៀត (ស្ត្រី ១៨៨០៥នាក់ និងកុមារ១២២៩២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។
ការរៀបចំព្រឹត្តិការណ៍បុណ្យក្នុងស្ថានភាពបែបនេះ ក៏បានបង្កការជជែកពិភាក្សាជាសាធារណៈផងដែរ ដោយមានមតិមួយចំនួនបារម្ភថា អាចបំភ្លេចភាពតានតឹងតាមព្រំដែន ដែលទាហាននៅតែត្រៀមខ្លួន និងប្រជាពលរដ្ឋមិនទាន់អាចត្រឡប់ទៅផ្ទះបាន។
ជាការឆ្លើយតប លោក ហ៊ុន ម៉ានី បានអះអាងថា កម្មវិធីនឹងរួមបញ្ចូលយ៉ាងមានន័យ ទាំងទាហាន និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីធានាថា ពួកគេមិនត្រូវបានភ្លេចឡើយ។
ផ្ទះបណ្តោះអាសន្ន ត្រូវបានសាងសងរួចប្រមាណ ៣០០ខ្នងផ្ទះ ហើយតាមការគ្រោងទុក នឹងបញ្ចប់ការសាងសង់ផ្ទះ ៣០០០ខ្នង ឱ្យឆាប់រួចរាល់មុនចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។ រូបថត សហការី
ថវិកាដែលប្រមូលបានពីការលក់ផលិតផលរបស់សហភាពយុវជន រួមទាំងវត្ថុអនុស្សាវរីយ៍ និងខ្សែសោរដែលមានរូបទាហានជួរមុខ ព្រមទាំងការចូលរួមពីវិស័យឯកជន នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រទាំងទាហាន និងគ្រួសារជនភៀសសឹក។ បន្ថែមពីនេះ ក្រមាចំនួន ១០,០០០ នឹងត្រូវចែកជូនផងដែរ។
យ៉ាងណាមិញ អាជ្ញាធរបញ្ជាក់ថា នេះគ្រាន់តែជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ។ រាជរដ្ឋាភិបាលនៅតែបន្តទាមទារការពារបូរណភាពទឹកដី និងដោះស្រាយវិវាទតាមវិធីសន្តិភាព។
បច្ចុប្បន្ន តំបន់បឹងត្រកួននៅតែមានភាពតានតឹង ទោះមានបទឈប់បាញ់ក៏ដោយ។ អាជ្ញាធរបញ្ជាក់ថា ដីប្រមាណ ២៩២ ហិកតា និងផ្ទះជាង ១,៣៦៥ ខ្នង នៅតែស្ថិតក្រោមការកាន់កាប់ ខណៈប្រជាពលរដ្ឋជាង ៦,០០០ នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីភូមិ។














