ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសេចក្តីប្រកាសព័ត៌មាន ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌ខ្មែរ» ដោយបញ្ជាក់ថា មរតកវប្បធម៌ខ្មែរដ៏សម្បូរបែបទាំងរូបី និងអរូបី រាប់បញ្ចូលទាំងសម្លៀកបំពាក់ប្រពៃណី និងសិល្បៈវប្បធម៌ផ្សេងៗ សុទ្ធតែផ្សារភ្ជាប់យ៉ាងច្បាស់លាស់ជាមួយភស្តុតាងប្រវត្តិសាស្ត្រ និងបុរាណវិទ្យា ជាពិសេស «ស្បៃ» ឬ «ឈុតស្បៃ» ដែលផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន។
ការចេញសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌នេះ គឺឆ្លើយតបទៅនឹងមតិយោបល់មួយចំនួន ដែលកំពុងផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់ប្រទេសថៃ និងសេចក្តីថ្លែងការណ៍របស់អ្នកនយោបាយថៃមួយចំនួន ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងការជំទាស់ចំពោះការផ្សព្វផ្សាយបង្ហាញវប្បធម៌ខ្មែរ ដោយថ្មីៗនេះ មានប្រជាជនថៃ និងអ្នកនយោបាយថៃវង្វេងប្រវត្តិសាស្រ្តមួយចំនួនបានអះអាងថា «ឈុតស្បៃ» ជាវប្បធម៌របស់ថៃ ទាំងគ្មានមូលដ្ឋាន។
ក្រសួងវប្បធម៌ បានបញ្ជាក់ថា៖ «ស្បៃ ជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ ប្រើសម្រាប់ពានាក្នុងឈុតសម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ក្នុងកិច្ច “ព្រះថោងតោងស្បៃ” គឺផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃអរិយធម៌ខ្មែរតាំងពីសម័យហ្វូណន ដែលប្រជាជនខ្មែរបានរក្សាទុក និងគោរពអនុវត្តគ្រប់ៗជំនាន់រហូតមកទល់បច្ចុប្បន្ន និងបានក្លាយជាផ្នែកមួយដ៏សំខាន់នៃប្រពៃណីទំនៀមទម្លាប់របស់ជាតិខ្មែរ ហើយក៏នៅតែបន្តជានិច្ចនិរន្តរ៍ តាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត»។
យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា សូមរក្សាភាពស្ងប់ស្ងាត់ រក្សាការពារភាពថ្លៃថ្នូរជាកិត្តិយសរបស់កម្ពុជា និងការទទួលខុសត្រូវចំពោះការឆ្លើយតបណាមួយ ដើម្បីរក្សានូវសីលធម៌ខ្ពស់ផ្នែកវប្បធម៌។
«ក្នុងនាមប្រជាជនរបស់ប្រទេស ដែលមានអរិយធម៌យូរអង្វែង និងគោរពសេចក្ដីថ្លៃថ្នូរផ្នែកវប្បធម៌ ប្រជាជនយើងត្រូវបន្តឈរលើសេចក្តីពិតនៃប្រវត្តិសាស្ត្រជាមូលដ្ឋាន ផ្អែកលើភាពរឹងមាំនៃវប្បធម៌ដ៏សម្បូរបែបដែលជាមរតកដូនតាខ្មែររាប់ពាន់ឆ្នាំមកហើយ និងទំនុកចិត្តរបស់ប្រជាជនយើងទៅលើច្បាប់អន្តរជាតិជាគោល»។ ក្រសួងវប្បធម៌ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាស។
ជាមួយគ្នានេះ ក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមទៀតថា៖ «បេតិកភណ្ឌវប្បធម៌ មិនគួរត្រូវបានយកមកប្រើប្រាស់ជាឧបករណ៍ចំណេញនយោបាយ បញ្ឆេះសង្គម និងបង្កើនភាពរើសអើងពូជសាសន៍ឡើយ ផ្ទុយទៅវិញវប្បធម៌ គឺជាស្ពានពង្រឹង ការយល់ពីគ្នាទៅវិញទៅមក និងការរីកចម្រើនទាំងអស់គ្នា»។
ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់ស្ថាប័នវប្បធម៌ ស្ថាប័នអប់រំ និងអាជ្ញាធរសាធារណៈនៅក្នុងប្រទេសសមាជិកអាស៊ាន បន្តរួមគ្នាលើកកម្ពស់ ការយល់ដឹងប្រវត្តិសាស្ត្រដែលត្រឹមត្រូវ និងការគោរពអត្តសញ្ញាណវប្បធម៌គ្នាទៅវិញទៅមក ដែលជាស្មារតីរួមនៃសហគមន៍អាស៊ាន។
ក្រសួងវប្បធម៌ បានសង្កត់ធ្ងន់ថា៖ «ព្រះរាជាណាចក្រកម្ពុជា តែងតែប្តេជ្ញាចិត្តក្នុងការការពារមរតកវប្បធម៌របស់ខ្លួន ស្របជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ ការគោរពដល់តម្លៃប្រទេសដទៃ និងគោរពចំពោះភាពចម្រុះវប្បធម៌រួមរបស់អាស៊ីអាគ្នេយ៍ និងពិភពលោក»៕

