ប្រាក់ចំណេញ​​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​ ក្នុង​ឆ្នាំ២០២៥ កើន​​ជាង ៣៥%
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ប្រាក់ចំណេញ​​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​ ក្នុង​ឆ្នាំ២០២៥ កើន​​ជាង ៣៥%

 កំណើនបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់កាល​ពី​​ឆ្នាំ​២០២៥ បាន​ជួយ​ឱ្យកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ​​(កសស) រក​ប្រាក់​ចំណេញ​​បាន​ប្រមាណជិត ៤៣ លាន​ដុល្លារ កើន​ឡើង​ជាង ៣៥% បើ​ធៀប​នឹង​ឆ្នាំ​២០២៤។​ ជាមួយ​នឹង​កំណើនចរាចរណ៍​នាវាឆ្លងកាត់​ បច្ចុប្បន្ន​ការ​អភិវឌ្ឍ និង​ពង្រីក​សមត្ថភាព​នៅ​ទីនោះ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ផងដែរ។​ ​


របាយការណ៍​ហិរញ្ញវត្ថុរបស់ កសស ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា បង្ហាញ​ថា ​ក្នុង​ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុប ៦២១ ៤៥៨ ៥៤៦ ពាន់រៀល (ប្រហែល ១៥៥,៣៦ លាន​ដុល្លារអាមេរិក​) កើន​ឡើង ៣៥,៣៣% បើ​ធៀប​នឹង​ឆ្នាំ​២០២៤។ បន្ទាប់​ពី​ដក​​​ការ​ចំណាយ​ប្រតិបត្តិការ​ផ្សេងៗ និង​ប្រាក់​បង់​​ពន្ធ បាន​ធ្វើ​ឱ្យ ​កសស នៅ​សល់​​ប្រាក់​ចំណេញ​សរុប ១៧១ ៩៧៨ ៩៤៧ ពាន់​លាន​រៀល​(៤២,៩៩ លាន​ដុល្លារអាមេរិក) កើន​ឡើង ៣៥,៧% ធៀប​នឹង​ឆ្នាំ​២០២៤ ដែល​មាន​ប្រមាណ ១២៦ ៧៣៣ ៦២៩ ពាន់​លាន​រៀល​(៣១,៦៨ លានដុល្លារ)។


របាយការណ៍​​បញ្ជាក់ថា៖​«​មូលហេតុចម្បងនៃការកើនឡើងចំណូល ចំណេញប្រតិបត្តិការ និងចំណេញសុទ្ធ គឺ​បណ្ដាលមកពីបរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើងបើប្រៀបធៀបទៅនឹងឆ្នាំ២០២៤»។


ជា​ទូទៅ​ប្រភព​ចំណូល​សំខាន់ៗ​របស់កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ រួមមាន ចំណូល​ពី​ការលើក​ដាក់ពីនាវា​ទៅ​ទីលាន, ចំណូលលើកដាក់លើ​ទីលាន, ចំណូល​ពី​សេវាកម្ម​នាវាចរ, ចំណូល​ស្តុក ឃ្លាំង និង​ទីលាន, ចំណូល​ដឹកជញ្ជូន, ចំណូលនាវាទេសចរណ៍, ចំណូល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស, ចំណូល​ជួល​ទីតាំង, និង​ចំណូល​ផ្សេងៗទៀត។​


ប្រធាន​អគ្គនាយក​កំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈន់ កាល​ពី​ដើម​ឆ្នាំ​២០២៦ បាន​និយាយ​ថា កម្ពុជា​មាន​មោទន​ភាព​ដែល​មាន​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​​ដើរតួនាទីជាច្រកទ្វារនាំទំនិញចេញ-ចូលដ៏សំខាន់ និងឯករាជ្យ ដែល​អាចជួយដោះស្រាយបញ្ហាប្រឈម ជំរុញ​កំណើនសេដ្ឋកិច្ចជាតិ និង​កំពុងអភិវឌ្ឍខ្លួនជាបណ្តើរៗស្របតាមចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទិក ដែលមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់តំបន់ទន្លេមេគង្គ និងលើសពីនេះទៀត ជាទស្សនវិស័យដ៏ឈ្លាសវៃបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា និងទទួល​បាន​ការ​គាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ។


លោក​​បញ្ជាក់​ថា៖​«​កសស ប្តេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យនាឆ្នាំ២០៥០ ក្នុងការប្រែ​ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ តាមរយៈការពង្រឹងគុណភាពសេវាកម្ម ការប្រើប្រាស់បរិវត្តកម្មឌីជីថល និងជំរុញ​ការតភ្ជាប់»៕


Post a Comment (0)
Previous Post Next Post