WB៖ ​ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បី​ជួយ​​កម្ពុជា​សម្រេចចក្ខុវិស័យឆ្នាំ២០៥០
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

WB៖ ​ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការដើម្បី​ជួយ​​កម្ពុជា​សម្រេចចក្ខុវិស័យឆ្នាំ២០៥០

 តំណាង​​ធនាគារពិភពលោក(WB) បាន​និយាយ​​ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ តាម​រយៈ​ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធអន្តរជាតិថ្មីៗ ដើម្បីជួយ​កម្ពុជា​ឱ្យ​ឆ្ពោះទៅសម្រេចបាន​ចក្ខុវិស័យក្នុង​ការ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​​ឆ្នាំ២០៥០។


នេះ​ជា​ការ​អះអាង​​​​របស់​​លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នា​ជំនួប​ពិភាក្សា​ជាមួយ​​​ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ​ទីស្តីការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ២០២៦។​


នៅក្នុង​ដំណើរបេសកកម្មមក​កាន់​​ប្រទេស​កម្ពុជា លោក Carlos Felipe Jaramillo បានប្រាប់​ថ្នាក់​ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ថា ធនាគារ​ពិភពលោក​មាន​ការ​ប្តេជ្ញាចិត្តខ្ពស់​​ក្នុងការបន្តកិច្ច​សហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជាដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈ​ក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩ (Country Partnership Framework - CPF 2025-2029)។ កិច្ច​សហប្រតិបត្តិការ​នេះ​កំពុង​ផ្តោតលើ ១.ការអភិវឌ្ឍមូលធនមនុស្ស, ២.ការពង្រីកភាពប្រកួតប្រជែងសម្រាប់ការងារល្អប្រសើរ និង ៣.ការពង្រឹងភាពធន់សម្រាប់ប្រជាជនងាយរងគ្រោះ។


លោក​បាន​​បន្ថែម​ថា ឯកសារ CPF 2025-2029 ត្រូវបានអនុម័តជាផ្លូវការពីក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគារពិភពលោក ក្រោម​កិច្ចសហការរៀបចំយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា​ ព្រមទាំងបណ្តាភាគីពាក់ព័ន្ធដទៃទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, និងតម្រូវការជាអាទិភាពរបស់កម្ពុជា។


លោក​បាន​និយាយ​ថា៖​«​ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធអន្តរជាតិ ដើម្បីគាំទ្រកម្ពុជាក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រ​ដល់កម្ពុជាក្នុងការអភិវឌ្ឍលើរាល់ការដ្ឋានការងារអាទិភាពដែលជាកត្តាចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»។


បន្ថែមលើនេះ លោក Carlos Felipe Jaramillo ក៏បានលើក​ឡើង​អំពីក្របខ័ណ្ឌកញ្ចប់ថវិកា «International Development Association (IDA21)» ដោយធនាគារពិភពលោក​នឹងបន្តការជួយគាំទ្រកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងរក្សាទំហំហិរញ្ញប្បទាន​ដែលមាន និងកៀរគរហិរញ្ញប្បទានពីប្រភពផ្សេងៗបន្ថែមទៀត។


ជាការ​ឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងក្តីសោមនស្សរីករាយ និងបាន​ថ្លែង​អំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ​ដែលធនាគារពិភពលោកតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​កម្ពុជា។ បន្ថែម​លើ​នេះ លោក​ក៏ប្រាប់​គណៈ​ប្រតិភូ​ធនាគារ​ពិភពលោក​​អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា និង​បញ្ហាប្រឈមសំខាន់​ៗ​ដែលកម្ពុជាកំពុងជួបប្រទះ​ដូចជា ផល​អវិជ្ជមាន​ដែល​បណ្តាល​មក​ពី​ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ផលប៉ះពាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ, និង​ការកើនឡើងតម្លៃប្រេងដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ជាដើម។


ជាមួយ​គ្នា​នេះ លោកឧបនាយករដ្ឋមន្ត្រី​ក៏បានរំលេច​ឡើង​អំពី​ទិសដៅការងារក្នុងវិស័យអាទិភាព​មួយ​ចំនួន​ដែល​រាជរដ្ឋាភិបាលកម្ពុជា​​កំពុង​ធ្វើមាន​ដូចជា៖ វិស័យអភិវឌ្ឍន៍ជំនាញ និងអប់រំ, វិស័យដឹកជញ្ជូន, និងវិស័យអាទិភាពផ្សេងៗទៀតដែលធ្វើឱ្យប្រសើរឡើង​នូវបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម​ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង​ផលិត​ភាព និងពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងដើម្បីអាចទាញយកប្រយោជន៍ជា​អតិបរមា​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​នា​ពេល​កន្លង​មក​៕​


Post a Comment (0)
Previous Post Next Post