សមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam មួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ និងខ្មែរម្នាក់ជាអ្នកបើកបរនិងយាមទីតាំង។
ក្នុងប្រតិបត្តិការកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ សមត្ថកិច្ចបានដកហូតសម្ភារៈប្រើប្រាស់សម្រាប់សកម្មភាពល្មើសច្បាប់មួយចំនួនធំ រួមមាន: ទូរសព្ទដៃ ៥៩គ្រឿង រួមទាំងឯកសណ្ឋាននគរបាលឥណ្ឌូណេស៊ី ចំនួន ៤អាវ ស័ក្តិ និងលោហ្គោមួយចំនួន និងមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ៥៩កញ្ចប់តូច និង ១កញ្ចប់ធំ។
យោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជនសង្ស័យបានឆ្លើយថា ពួកគេពិតជាបានដំណើរការទីតាំងឆបោកតាមប្រព័ន្ធអនឡាញពិតប្រាកដមែន ដោយមានឈ្មោះ សុខ នី ជនជាតិខ្មែរជាអ្នកបើកទីតាំង និងឈ្មោះ ហៃ ជនជាតិចិនដែលបច្ចុប្បន្នកំពុងគេចខ្លួន ជាអ្នកចាត់ការ។
ជនសង្ស័យ និងម្ចាស់ទីតាំង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត៕

