កម្មករចំនួន ១៩នាក់ នៅរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ក្នុងខេត្តកណ្តាល ដួលសន្លប់ ដោយមិនទាន់ដឹងមូលហេតុ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្មករចំនួន ១៩នាក់ នៅរោងចក្រស៊ី ហាវ ហ៊ែនប៊ែក ក្នុងខេត្តកណ្តាល ដួលសន្លប់ ដោយមិនទាន់ដឹងមូលហេតុ

 កណ្តាលៈ មន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣ ខែមីនានេះ បានចុះទៅពិនិត្យនៅរោងចក្រ ស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌី នៅផ្លូវជាតិលេខ៦ ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បន្ទាប់ពីទទួលបានការរាយការណ៍ថា មានកម្មករនិយោជិតយ៉ាងហោចណាស់ ១៩នាក់ក្នុងរោងចក្រនេះបានដួលសន្លប់កាលពីរសៀលម៉ោង៣ នាថ្ងៃអង្គារ ទី៣ ខែមីនានេះ។


អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស៊ុន មេសាបានឱ្យដឹងថា មន្ត្រីជំនាញនៃនាយកដ្ឋានពេទ្យការងារ មន្ទីរខេត្តកណ្តាល និងជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យភ្លាមៗដើម្បីអង្កេតរកមូលហេតុដែលធ្វើឱ្យមានការដួលសន្លប់ក្នុងពេលបំពេញការងារ ដោយក្នុងនោះ ក៏បានទាំងសាកសួរភាគីរោងចក្រ និងកម្មករ។


បើតាមលោកស៊ុន មេសា បច្ចុប្បន្ននេះ កម្មករត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមុខកំពូល និងមន្ទីរពេទ្យគុយវែត។ រោងចក្រស៊ី ហាវ ហ៊ែនប៊ែក ខូអិលធីឌីនេះជារោងចក្រផលិតកាបូប ខ្សែក្រវ៉ាត់ និងសំភារៈបន្ទាប់បន្សំ។


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជូនដំណឹងលម្អិតពីលទ្ធផលនៃការអង្កេតនេះ ប៉ុន្តែយ៉ាងណាលោកថា ការចុះពិនិត្យភ្លាមៗគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ចំពោះសុខសុវត្ថិភាពរបស់កម្មករនិយោជិត។


កម្មករចំនួន ២១នាក់ នៅក្នុងរោងចក្រ ខេមបូ យូនីសូល (Cambo Unisoll LTD) ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានដួលសន្លប់ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ដែលក្នុងនោះ ម្នាក់បានស្លាប់ ដោយសារតែសម្ពាធឈាមបានឡើងខ្លាំង ដែលធ្វើឱ្យដាច់សរសៃឈាមក្នុងខួរក្បាល បន្ទាប់ពីបានមើលព័ត៌មានគ្រោះថ្នាក់ចរាចរណ៍របស់កម្មករធ្វើការជាមួយគ្នា។ អ្នកប្រើប្រាស់បណ្តាញ​សង្គមមួយចំនួនបានយកបញ្ហាមរណភាពរបស់កម្មកររូបនេះធ្វើការកេង​ចំណេញសម្រាប់ផល​ប្រយោ​ជន៍​​ផ្ទាល់​ខ្លួន។



ក្រសួងការងារបានឱ្យដឹងថា ថ្នាក់ដឹកនាំសហជីពធំៗនៅកម្ពុជា បានស្នើដល់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណជន កុំយកបញ្ហា​មរណភាព​របស់​កម្ម​ការិ​នីម្នាក់នៅរោងចក្រ ខេមបូ យូនីសូល ទៅកេងចំណេញបម្រើឱ្យផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីចៀស​វាង​ការ​យល់​ច្រឡំ​ពីសា​ធារណៈ​ជន។


លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា(NLC) បានកត់សម្គាល់ឃើញថា ក្រុមអ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គមមួយ​ចំនួន​ពិតជា​បានចែករំលែក និងបញ្ចេញមតិមិនសមរម្យនៅលើបណ្ដាញសង្គម ដើម្បីចង់បានការចាប់អារម្មណ៍ពីអ្នកមើល អ្នកចែករំលែក និងអ្នកបញ្ចេញមតិនានា ប៉ុន្ដែពួកគាត់មិនទទួលបានព័ត៌មានពិតប្រាកដនោះទេ។


លោកបន្តថា ការបញ្ចេញមតិដែលផ្ទុយពីការពិត គឺជាការមិនឱ្យតម្លៃទៅលើជនរងគ្រោះដែលបានទទួលមរណភាព និងជាការកេង​ចំណេញ​យក​ផលប្រយោជន៍ពីជនរងគ្រោះដោយមិនសមហេតុផល។ ជនគ្រោះ ត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈតាមរយៈបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.) ដើម្បីផ្ដល់អត្ថប្រយោជន៍នានាជូនដល់ជនរងគ្រោះទៅតាមច្បាប់។


លោកបញ្ជាក់ថា៖«ខ្ញុំក៏បានឃើញមានបងប្អូនយើងអ្នកប្រើប្រាស់បណ្ដាញសង្គម យករូបភាព ឬក៏ចែករំលែកព័ត៌មាន ដោយបន្ថែមបន្ថយខ្លឹមសារមិនត្រឹមត្រូវ ដែលធ្វើឱ្យមានការយល់ច្រឡំពីសាធារណៈជន។ រឿងនេះ ខ្ញុំក៏បានឃើញខាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានពន្យល់ បកស្រាយពីការពិតរួចហើយដែរ។ ដូចនេះ សូមបងប្អូនជឿជាក់ទៅលើមន្រ្តីជំនាញក្រសួង ហើយឈប់ចែករំលែងព័ត៌មានមិនពិតបន្តទៀត»។


ចំណែកឯ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា ការលើកឡើងតាមរយៈបណ្ដាញសង្គមជុំវិញករណីនេះ គឺជារឿងមិន​សម​ហេតុផល និងមិនអាចទទួលយកបានទេ។ ករណីនេះធ្វើឱ្យប៉ះពាល់ដល់វិស័យការងារ និងបង្កការភ័យខ្លាចដល់បងប្អូនកម្មករ កម្មការិនី​ដែល​កំពុងបម្រើការងារនៅតាមរោងចក្រផ្សេងៗទៀត។


លោកបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម កុំបន្តចែករំលែកព័ត៌មានមិនពិត និងមិនមានប្រភពច្បាស់លាស់ ដើម្បីចៀស​វាងកា​រ​យល់ច្រឡំដល់សាធារណៈជន។ លោកបានស្នើកុំឱ្យយកករណីដ៏ក្រៀមក្រំរបស់កម្មករនៅក្នុងរោងចក្រខេត្តកណ្តាលនេះ ធ្វើជាអាជីវកម្ម និង​ទាញ​យកប្រជាប្រិយភាពផ្ទាល់ខ្លួន។


លោក ហ្វា សាលី ថ្លែងដូច្នេះថា៖«ខ្ញុំសូមបដិសេធមតិលើកឡើងថា ព្រោះអាហារបីពេល ប្រឹងធ្វើ​ការ​រហូតដល់ស្លាប់ អ្នកខ្លះថា ពិបាកសុំច្បាប់ ទើបធ្វើឱ្យគាត់ស្លាប់ ខ្លះថា អាចមកពីឆក់ខ្សែភ្លើង ឬការបង្ខំឱ្យធ្វើការរហូត​ដល់ដាច់ខ្យល់ជាដើម។ ការ​លើក​ឡើងទាំងអស់នេះ គឺជារឿងមិនពិត គឺវាហាក់ដូចជា ប្រទេសយើង គ្មានក្រសួងការងារ គ្មានសហជីព និងគ្មាន​មន្រ្តីជំនាញ​ធ្វើការ​ងា​រត្រឹម​ត្រូវ​។ ដូចនេះ ការបញ្ចេញមតិនេះ មិនអាចទទួលយកបានទេ ហើយសូមកុំលើកឡើងហួសពីការពិត»៕



Post a Comment (0)
Previous Post Next Post