ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិ​ចំនួន ៣ គ្រោង​នឹង​រៀបចំ​នៅ​កម្ពុជា នា​ពេល​ខាង​មុខ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិ​ចំនួន ៣ គ្រោង​នឹង​រៀបចំ​នៅ​កម្ពុជា នា​ពេល​ខាង​មុខ

 ប្រតិភូធុរកិច្ច​​ម៉ាឡេស៊ី បាន​ស្នើ​ឱ្យ​ក្រសួង​ទេសចរណ៍​កម្ពុជាជួយគាំទ្រលើ​ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា ចំនួន ៣ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​ ខណៈ​ក្នុង​ឆ្នាំ២០២៥ ​ចំនួន​ភ្ញៀវ​ទេសចរអន្តរជាតិ​ដែល​ធ្វើ​ដំណើរមក​កម្ពុជា​បាន​ធ្លាក់​ចុះ​ជិត ២០%។​​


សំណើនេះ​ត្រូវ​បានលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូធុរកិច្ចម៉ាឡេស៊ី លើក​ឡើង​ក្នុង​ជំនួប​ជា​មួយ​​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ហួត ហាក់ នៅទីស្តីការក្រសួងទេសចរណ៍ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៦។


ក្នុងជំនួបនេះ លោក Michael Cheow បានបង្ហាញ​ក្តី​រីករាយ​ដែល​បាន​​ជួបពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​​​ក្រសួង​ទេសចរណ៍កម្ពុជា ដោយ​លោក​​បាន​​ស្នើសុំឱ្យ​ភាគី​កម្ពុជាជួយ​​គាំទ្រ និងផ្តល់អនុសាសន៍លើគម្រោង «The Kingdom’s Grand Prix & Gala» ដែលប្រតិភូធុរកិច្ចម៉ាឡេស៊ី គ្រោងរៀបចំព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង​មុខ។


លោក Michael Cheow បាន​លើក​ឡើង​ថា មានព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា ចំនួន ៣ ដែលប្រតិភូធុរកិច្ច​ម៉ាឡេស៊ីគ្រោង​​រៀបចំ​នៅ​កម្ពុជា រួមមាន ​១. មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក​ដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា, ២. ការប្រណាំងទូកល្បឿនលឿនអាជីពដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងពីបរិស្ថាន, និង ៣. ការប្រណាំងរថយន្តកម្រិត GT (Grand Touring)​ ដែលជាព្រឹត្តិការណ៍ប្រណាំង​រថយន្តដ៏ឆ្នើមបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា​ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។


លោក Cheow បាន​និយាយ​ថា៖​«​ខ្ញុំ​មាន​ជំនឿយ៉ាងមុតមាំថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើត​ការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា​ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ»។


ជាកិច្ចឆ្លើយតប លោក ហួត ហាក់ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនេះ ដោយលោកបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍​ចំពោះព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ។ លោក​រំពឹង​ថា ព្រឹត្តិការណ៍​នេះ​នឹងក្លាយជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ និងផលប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងចំពោះប្រជាពលរដ្ឋកម្ពុជា។


បន្ថែម​​លើ​នេះ លោករដ្ឋមន្ត្រីក៏ស្នើឱ្យ​ប្រតិភូធុរជនម៉ាឡេស៊ី ជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជាទៅកាន់ប្រជាជនម៉ាឡេស៊ីផងដែរ​។


លោក​ ហួត ហាក់ បាន​និយាយ​ថា​៖​«​កម្ពុជា​នៅតែជាគោលដៅទេសចរណ៍សុខសុវត្ថិភាព និង​ពោរពេញដោយសក្តានុពលខ្ពស់សម្រាប់ការវិនិយោគវិស័យទេសចរណ៍»។ 


​​ក្រសួង​ទេសចរណ៍​​បាន​ឱ្យ​ដឹង​ថា វិបត្តិ​នយោបាយ និង​សេដ្ឋកិច្កច​សកល ព្រម​ទាំង​ការ​បង្ក​សង្គ្រាម​ឈ្លាន​​ពាន​នៅ​ព្រំដែន​ពី​សំណាក់​យោធា​ថៃ បាន​ធ្វើ​ឱ្យ​​ចំនួន​ភ្ញៀវ​ទេសចរបរទេស​ដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ធ្លាក់​ចុះ​មួយ​កម្រិត​។ ជាក់​ស្តែង​ក្នុងឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរអន្តរជាតិ​សរុប ៥,៥៧ លាននាក់ ថយចុះ ១៦,៩% បើ​ធៀប​នឹង​ឆ្នាំ២០២៤។ ក្នុង​នោះ​ជន​ជាតិ​ម៉ាឡេស៊ី មាន​ចំនួន ៩៦ ២៦៨នាក់ កើនឡើង ២,១%។


របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា(NBC) បានប៉ាន់ប្រមាណថា ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ចំណូល​ពី​ទេសចរណ៍អន្តរជាតិសរុប​ប្រហែល​ ៣,៧ ពាន់លានដុល្លារ កើនឡើង​ ៣% បើ​ធៀបនឹងឆ្នាំ​២០២៤៕​


Post a Comment (0)
Previous Post Next Post