ក្រុម​ AOT ចុះ​មើល​បន្លាលួស និង ទូរកុងតឺន័រ​ថៃ នៅ​ភូមិ​ព្រៃចាន់ ឃុំអូរបីជាន់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រុម​ AOT ចុះ​មើល​បន្លាលួស និង ទូរកុងតឺន័រ​ថៃ នៅ​ភូមិ​ព្រៃចាន់ ឃុំអូរបីជាន់

 ក្រសួងការពារជាតិ​កម្ពុជា បានសម្របសម្រួលជូនប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំ​កម្ពុជាចំនួន ១២ប្រទេស ចុះទៅពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី៤ ខែមីនា​នេះ។​


នៅ​ទីតាំង​នេះ ក្រុម AOT បាន​ចុះទៅ​ទីតាំង​ដែល​​ទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ ពួក​គេ​ក៏​បាន​ពិនិត្យ​​ស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលបានចូលជាធរមានចាប់តាំងពីវេលាម៉ោង ១២:០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។ នេះ​បើ​តាម​លោកស្រី ម៉ាលី សុជាតា អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ។


លោកស្រី​ថ្លែង​ថា កម្ពុជា​តែងតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន ចំ​ពោះ​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។


លោក ឆាំង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា យល់​ឃើញ​ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បាននិងកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែង ហើយដំណើរទស្សនកិច្ចរបស់ពួកគេកាលពីពេលថ្មីៗនេះ ទៅកាន់តំបន់ប្រាសាទព្រះវិហារ ពិតជាស័ក្តិសមទទួលបានការកោតសរសើរ។


តាមរយៈការសហការជាមួយក្រុមការងារទំនាក់ទំនងកម្ពុជា ក្រុម AOT ដែលបច្ចុប្បន្នដឹកនាំដោយប្រទេសហ្វីលីពីន បានចុះទៅកាន់តំបន់ប្រាសាទព្រះវិហារនិង​តំបន់​ដទទៃ​ទៀត ដើម្បីសង្កេតមើលការខូចខាតនៅក្នុងតំបន់នេះ ដែលបណ្តាលមកពីជម្លោះព្រំដែនកាលពីពេលថ្មីៗនេះ។


លោក​ថ្លែង​ថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែស្ថិតក្នុងស្ថានភាពផុយស្រួយនៅឡើយ ដូច្នេះហើយ ដំណើរទស្សនកិច្ចរបស់ក្រុម AOT ទៅកាន់តំបន់នេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់ក្រុមនេះចំពោះបេសកកម្ម។


លោក ឆាំង យុ ថ្លែង​ថា៖ «នៅក្នុងសង្គ្រាម ប្រហែលជាគ្មានវីរបុរសណាដែលអស្ចារ្យជាងអ្នកដែលបានប្តេជ្ញាចិត្តខ្ពស់បំផុតចំពោះសន្តិភាពនោះឡើយ។ ដូច្នេះ នៅថ្ងៃនេះ យើងសូមទទួលស្គាល់ និងកោតសរសើរចំពោះតួនាទីរបស់ក្រុម AOT ក្នុងការថែរក្សាសន្តិភាព និងការចូលរួមចំណែកដល់ស្ថិរភាពនាពេលអនាគតនៅក្នុងតំបន់ជម្លោះទាំងនេះ ក៏ដូចជាសម្រាប់តំបន់ និងពិភពលោកទាំងមូល»៕


Post a Comment (0)
Previous Post Next Post