កម្ពុជាកំពុងខិតខំ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ជាមួយ​ដៃ​គូគន្លឹះសំខាន់​ៗ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជាកំពុងខិតខំ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ជាមួយ​ដៃ​គូគន្លឹះសំខាន់​ៗ​

 លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយ​ថា កម្ពុជាកំពុងលើកកម្ពស់ពាណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូសំខាន់ៗ​​ជាពិសេស​​សហរដ្ឋអាមេរិក និងប្រទេស​ចិន ខណៈ​បច្ចុប្បន្ន​​​​កម្ពុជាក៏កំពុងចរចា​ដើម្បីចូលជាសមាជិក​ក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ក្នុងគោលបំណងធ្វើពិពិធកម្មក្នុងការនាំចេញ។


ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​បើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹកថ្ងៃទី៤ ខែមីនា ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម»។


កិច្ច​ប្រជុំ​កំពូលធុរកិច្ច​អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ មាន​ការ​ចូល​រួមពី​ឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋ​ទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជា និងអាស៊ាន និង​​អ្នកជំនាញពីគ្រប់វិស័យ​។


លោកនាយក​រដ្ឋមន្ត្រី​​លើកឡើងថា ជាមួយនឹងបរិបទ​សកល​នា​ពេលនេះ គឺ​រាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ​បានសម្រួចយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​ខ្លួន​ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែង ការ​ធ្វើ​ពិពិធកម្ម និងភាពរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ​ឱ្យ​បោះ​ជំហាន​ទៅមុខ​កាន់​តែ​លឿន​។


លោក​​ថ្លែង​ថា៖​«​កម្ពុជា​មាន​សេដ្ឋកិច្ច​បើក​ចំហរ និង​ជាសមាជិកសកម្ម​នៃ​ WTO(អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​)។ កម្ពុជា​បាន​ធ្វើ​សមាហរណកម្ម​ស៊ីជម្រៅ​ទៅ​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល។ កម្ពុជាបាន​និង​កំពុង​លើក​កម្ពស់​ពាណិជ្ជកម្ម​ប្រកបដោយ​ភាព​សកម្ម និង​បុរេសកម្ម​ដោយមាន​ដៃគូគន្លឹះ​ដូចជា អាមេរិក និង​ចិន»។


លោក​បន្ត​ថា៖​«​លើស​ពី​នេះ​ទៀត​កម្ពុជា​ក៏​បាននិង​កំពុង​ជំរុញ​ការ​ចរចាដើម្បី​ចូល​ទៅក្នុង​​កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុង​គោល​បំណង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ បង្កើន​ភាព​ប្រកួត​ប្រជែង​ និង​ធ្វើ​ឱ្យ​សមាហរណកម្ម​កាន់​តែ​ស៊ីជម្រៅ​ទៅ​ក្នុង​សេដ្ឋកិច្ចសកល​​»។​


លោក ហ៊ុន ម៉ាណែត បានបញ្ជាក់​​ថា ដើម្បីទាញយកប្រយោជន៍ក្នុងតំបន់ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានអនុវត្តនូវកម្មវិធីពិសេសដោយជំរុញការវិនិយោគនៅ​ក្នុង​ខេត្តទាំង ៤ នៅក្នុងភូមិភាគឦសាន ឆ្នាំ២០២៥-២០២៨ បន្ថែមលើកម្មវិធី ពិសេស ក្នុងការវិនិយោគលើខេត្តព្រះសីហនុផងដែរ។


ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា និង​ជា​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង បាន​និយាយ​ថា ក្នុងបរិបទដែលការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចធំៗកាន់តែតានតឹង និងមានឥទ្ធិពលកាន់តែខ្លាំងលើស្ថិរភាពតំបន់ អាស៊ានត្រូវការពង្រឹងស្ថិរភាពទីផ្សារ រក្សាតុល្យភាពទំនាក់ទំនងពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប្រកបដោយតម្លាភាព ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលភូមិសាស្ត្រនយោបាយ។ កម្ពុជា​កំពុង​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ដើម្បី​​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​កាន់​តែ​រីក​ចម្រើន​។


លោក​លើក​ឡើង​ថា៖«យើងរៀបចំកិច្ចប្រជុំកំពូលនេះ នៅដំណាក់កាលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោក។ យើងកំពុងមើលឃើញសម័យកាលនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំង​រវាងមហាអំណាចធំៗ ដែលអាស៊ានកំពុងតែធ្វើដំណើរឆ្លងកាត់រលកសម្ពាធ ដែលកើតចេញពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។ ភារកិច្ចរួមរបស់យើង គឺរក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព ជាកម្លាំងជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ និងធានាថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅតែត្រូវបានគ្រប់គ្រងដោយភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក»៕​


Post a Comment (0)
Previous Post Next Post