លោក ប្រាក់ សុខុន បំពេញ​ទស្សនកិច្ច​នៅក្រៅប្រទេស​ដើម្បី​​បន្តលាតត្រដាង​ការបំពាន​របស់​ថៃ​លើ​កម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោក ប្រាក់ សុខុន បំពេញ​ទស្សនកិច្ច​នៅក្រៅប្រទេស​ដើម្បី​​បន្តលាតត្រដាង​ការបំពាន​របស់​ថៃ​លើ​កម្ពុជា

 លោក​ ប្រាក់ សុខុន បន្ត​បេសកកម្ម​នាំយក​ស្ថានភាព​ព្រំដែន​កម្ពុជា​ថៃ ទៅ​បង្ហាញ​ដល់​មិត្ត​អន្តរជាតិ បន្ថែម​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ទាំង​នោះ។ អ្នកវិភាគ​យល់​ថា ទស្សនកិច្ច​របស់​លោក​ពិត​ជាមាន​សារៈសំខាន់​ នៅ​ចំពោះ​មុខ​ស្ថានភាព​ព្រំដែន​​បច្ចុប្បន្ន។


លោក​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស នៅថ្ងៃទី១១ ខែមីនា​នេះ បានជួប​ជាមួយ​លោក វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ដោយ​ក្នុង​ជំនួប​នេះ​ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។


យោង​តាម​ក្រសួង​ការបរទេស រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ក៏​បាន​​ផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។


បន្ទាប់ពី​សិង្ហបុរី លោក ប្រាក់ សុខុន នឹង​បន្ត​ដំណើរ​ទៅ​ប្រទេស​នូវែលសេឡង់ និង​អូស្ត្រាលី ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៦ មីនា ក្នុង​គោលបំណង​ដូចគ្នា​នេះ។ នេះ​បើ​តាមក្រសួងការបរទេស។


លោក ប្រាក់ សុខុន កាលពីពេលថ្មីៗ​នេះ បាន​ថ្លែង​នៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដោយ​លោក​បាន​បង្ហាញ​ពី​ស្ថានភាព​ពិត​នៃ​ជម្លោះ​កម្ពុជា​-ថៃ ជា​ពិសេស​ការ​បន្ត​កាន់​កាប់​ទឹកដី​កម្ពុជា យ៉ាងហោចណាស់ ១៤​ទីតាំង​ដោយ​យោធាថៃ និង​សកម្មភាព​មិន​នៅ​ស្ងៀម​ផ្សេងៗ​ទៀត​របស់​ថៃ។


លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែងថា ទស្សនកិច្ច​របស់​លោក ប្រាក់ សុខុន នាពេល​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ពីព្រោះ ក្រៅ​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការទូត​ ​ជាមួយ​ប្រទេស​ជាមិត្ត ទស្សនកិច្ច​នេះ​នឹង​លាត​ត្រដាង​បន្ថែម​ទៀត​ដល់​អន្តរជាតិ​អំពី​ស្ថានភាព​ព្រំដែន។


លោកថ្លែង​ថា៖ «តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​អាច​ពន្យល់ដល់​​សមភាគី​របស់​លោក​ឲ្យ​បាន​យល់​ពី​ស្ថានភាពជាក់ស្ដែងនៃ​ជម្លោះព្រំដែនរវាង​កម្ពុជា​-ថៃ នោះ​គឺ​ការ​រំលោភបំពាន​ដែនអធិបតេយ្យភាព​របស់​ថៃ​លើ​កម្ពុជា»៕


Post a Comment (0)
Previous Post Next Post