លោក ហង់ជួន ណារ៉ុន ៖ ការគាំពារ និងអភិវឌ្ឍកុមារតូច ដើរតួនាទីសំខាន់ក្នុងការ​ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុង​​ការ​អភិវឌ្ឍធនធានមនុស្ស
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

លោក ហង់ជួន ណារ៉ុន ៖ ការគាំពារ និងអភិវឌ្ឍកុមារតូច ដើរតួនាទីសំខាន់ក្នុងការ​ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុង​​ការ​អភិវឌ្ឍធនធានមនុស្ស

 លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការ​ជាតិ​គាំពារ និងអភិវឌ្ឍកុមារតូច បាន​​អះអាង​​ថា ការ​គាំពារ និង​អភិវឌ្ឍកុមារតូច បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​នូវ​មូល​ដ្ឋាន​គ្រឹះដ៏​រឹងមាំ និង​មិន​អាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដោយ​ផ្តើម​ចេញ​ពី​ការ​គាំទ្រ​ការ​អនុវត្ត តាម​បែប​ពហុវិស័យ​បញ្ចូល​គ្នា។


          លោក​​រដ្ឋមន្រ្តី​​​ថ្លែង​បែបនេះ នៅពេល​លោក​​​ចូល​រួម​ជា​​អធិបតី​​ក្នុង​ពិធី​បើក​សិក្ខាសាលាថ្នាក់ជាតិ​ផ្សព្វផ្សាយ​អនុក្រឹត្យ ស្តីពី «ការគ្រប់គ្រងទារកដ្ឋាន» កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែមីនា នេះ ហើយ​​លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំកម្ពុជា និង​​ភាគី​ពាក់​ព័ន្ធ​​ផ្សេង​​ទៀត ក៏​បាន​ចូលរួម​ក្នុង​​កម្មវិធីនេះ​ដែរ។


លោក ហង់ជួន ណារ៉ុន បាន​ឱ្យដឹង​ថា ធនាគារពិភពលោកប្រចាំនៅ​កម្ពុជា គឺ​ជាដៃគូដ៏សំខាន់របស់ក្រសួងអប់រំ ក្នុងការជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំអនុក្រឹត្យស្តីពី «ការគ្រប់គ្រងទារកដ្ឋាន» រហូតទទួលបានការឯកភាពពីរាជរដ្ឋាភិបាល និងបានដាក់ឱ្យអនុវត្តជាផ្លូវការនាពេលនេះ ក្រោមការខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុង​ការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ផ្ទាល់ដល់កុមារតូចៗ ដែលនឹងក្លាយខ្លួនជាអ្នកបន្តវេនដ៏មានសក្តានុពលរបស់ប្រទេសជាតិ។


រដ្ឋមន្រ្តី​រូបនេះ បានបញ្ជាក់ថា៖ «ក្នុងបរិបទនេះ ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់នូ​វ​មូល​ដ្ឋានគ្រឹះដ៏​រឹងមាំ និង​មិន​អាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ដោយ​ផ្តើម​ចេញ​ពី​ការ​គាំទ្រការ​អនុវត្ត​តាម​បែប​ពហុវិស័យ​បញ្ចូល​គ្នា។ ជាក់ស្តែង ការស្រាវជ្រាវ​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា កុមារ​ដែល​បាន​ទទួល​សេវាថែ​ទាំគាំពារ​ប្រកប​ដោយ​វិជ្ជមាន និងឆ្លង​​កាត់​ថ្នាក់មត្តេយ្យសិក្សា តែងតែ​បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សា​ដោយ​ជោគជ័យ ដោយ​ពុំមាន​ការ​ត្រួត​ថ្នាក់ និង​បោះបង់​ការ​សិក្សាឡើយ»។ 


ការស្រាវជ្រាវផ្សេងទៀតក៏បានបង្ហាញដែរថា ជំនាញ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ដំបូងដល់​កុមារ​នៅ​វ័យ​ជាទារក និង​វ័យ​ចូល​មត្តេយ្យ​សិក្សា គឺ​ជា​កត្តា​កំណត់​នូវ​ភាព​ជោគជ័យ ឬបរាជ័យ​ក្នុង​ការ​សិក្សា​នៅ​សាលារៀន និង​ការ​សិក្សានៅ​កម្រិត​បន្តបន្ទាប់ ហើយ​​រាជរដ្ឋាភិបាលកម្ពុជា បាន​ឯកភាព​ដាក់​ចេញ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រងទារកដ្ឋាន ដែល​មាន​វិសាលភាព​អនុវត្តចំពោះ​ទារក​ដ្ឋាន​សហគមន៍ ទារក​ដ្ឋាន​សហគ្រាស និង​ទារក​ដ្ឋាន​ឯកជន​នៅក្នុងប្រទេស​កម្ពុជា។ 


លោក ហង់ជួន ណារ៉ុន បាន​បន្ថែម​ទៀត​ថា ការផ្តល់​សេវាទារកដ្ឋាន​ក្នុង​យុគសម័យ​ទំនើបនេះ មិនមែន​គ្រាន់​តែ​ជា​ការ​មើល​ថែ​ទាំ​កុមារ​តូច​ធម្មតា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ប្រព័ន្ធ​ផ្តល់​សេវាអប់រំ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត ដែល​រួម​បញ្ចូល​នូវ​បំណិន​គ្រប់​ជ្រុងជ្រោយ​តាម​រយៈ​សកម្មភាការ​រៀន​តាម​រយៈ​ការ​លេង ដែល​ផ្តល់​ឱកាស​កុមារ​បាន​រៀន​សូត្រ​ទាន់​ពេល​វេលា, ការ​អប់រំ​សង្គម និង​អារម្មណ៍ (SEL), ការ​ថែទាំ​ប្រកប​ដោយ​ការ​ឆ្លើយតប, ផ្តល់​សេវា​ដោយ​យក​ចិត្ត​ទុក​ដាក់​លើសុវត្ថិភាព និង​សន្តិសុខ​ដល់​កុមារ និង​​យក​ចិត្តទុក​ដាក់​ខ្ពស់​លើ​ផ្នែក​សុខភាព អាហារូបត្ថម្ភ និង​អនាម័យ។


ឆ្លើយតបនឹងតម្រូវការប្រកប​ដោយ​វិជ្ជមាន​របស់កុមារនេះ លោក ហង់ជួន ណារ៉ុន បានសង្កត់​ធ្ងន់​ថា៖ «យើង​ត្រូវ​រួមគ្នា​បែប​ពហុវិស័យ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​មាតាបិតា រួមគ្នា​វិនិយោគ​លើកុមារតូច តាម​រយៈ​ការ​បង្កើត​ទារកដ្ឋានសហគមន៍ ទារកដ្ឋានសហគ្រាស ទារកដ្ឋានឯកជន និង​បណ្តុះបណ្តាល​អ្នក​ជំនាញ​បច្ចេកទេស​ត្រឹម​ត្រូវ​សម្រាប់​គ្រប់គ្រង និង​មើលថែទាំកុមារ​នៅ​តាម​ទារកដ្ឋាន​ស្រប​តាម​បទដ្ឋានបច្ចេកទេស»។


ចំពោះបទដ្ឋានទាំងនោះរួមមាន ការផ្តល់​អាហារ​ប្រកប​ដោយ​អនាម័យ​និង​សុខភាព ផ្តល់កន្លែង​គេង មាន​សម្ភារៈ​សម្រាប់​កុមារ​លេង កន្លែង​លេង​ក្នុង​និង​ក្រៅ​បន្ទប់​ស្របតាម​លក្ខណៈបច្ចេកទេស​ត្រឹមត្រូវ ដែល​អាច​ឱ្យ​មាតាបិតាមានឱកាសប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត និង​បំពេញការងារ​ប្រចាំ​ថ្ងៃ​បាន​ពេញ​លេញ បង្កើនជីវភាពរស់នៅ​ក្នុង​គ្រួសារ​កាន់​តែល្អប្រសើរ។


«ហេតុនេះ​ការ​យក​ចិត្តទុកដាក់​ផ្តល់សេវាទារកដ្ឋាន មិនមែន​គ្រាន់​តែ​ជា​កន្លែង​មើល​ថែ​ធម្មតានោះទេ ថែម​ទាំង​ជា​កន្លែង​បណ្តុះបណ្តាល​កុមារ​ឱ្យមាន​មូលដ្ឋាន​បំណិន​រឹងមាំ មាន​ទំនុក​ចិត្ត និង​ភាពធន ដែល​អាច​សម្របខ្លួន​ទៅនឹង​បរិយាកាស​សិក្សា​ថ្មីៗ និង​អភិវឌ្ឍ​ខ្លួន​ដោយ​ឯករាជ្យ»។ លោក ណារ៉ុន បានបន្ថែម។


លោក​រដ្ឋមន្រ្តី បានបន្ថែម​ថា៖ «ខ្ញុំ​ជឿជាក់ថា ស្មារតី​នៃ​​កិច្ច​​សហការ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់របស់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ នឹង​ក្លាយ​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​ការ​អនុវត្ត «អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​ទារកដ្ឋាន» ទទួល​បាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​បុព្វហេតុ​​នៃ​​ការ​​រីកចម្រើន​​របស់​​កុមារ​គ្រប់រូប​នៅ​កម្ពុជា»៕


Post a Comment (0)
Previous Post Next Post