រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យមន្រ្តីបរិស្ថានទប់ស្កាត់បទល្មើសដោយគ្មានការលើកលែង បន្ទាប់ពីចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានមួយរូប
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យមន្រ្តីបរិស្ថានទប់ស្កាត់បទល្មើសដោយគ្មានការលើកលែង បន្ទាប់ពីចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានមួយរូប

 ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានបញ្ជាឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងនៅពីក្រោយនៃបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។


ការបញ្ជាជាមួយនឹងការព្រមាននេះធ្វើឡើងនៅចំពោះមុខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងអ្នកពាក់ព័ន្ធជាច្រើនរូប នៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃអង្គារ ទី២៤ ខែមីនានេះ បន្ទាប់ពីលោករដ្ឋមន្រ្តីបានចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមួយរូបចំពោះការខ្វះភាពទទួលខុសត្រូវ លើការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិ។


ក្រសួងបរិស្ថានបានឱ្យដឹងថា លោករដ្ឋមន្រ្តី សុផល្លែត បានបន្តដាក់ចេញវិធានការយ៉ាងម៉ឹងម៉ាត់ជាមួយមន្ទីរបរិស្ថានទាំងអស់ ឱ្យធ្វើការគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព និងបានព្រមានចាត់វិធានការច្បាប់«យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង» ចំពោះអ្នកពាក់ព័ន្ធ និងបុគ្គល ដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ និងឈូសឆាយ កាប់ រុករានយកដីព្រៃឈើខុសច្បាប់។


លោក សុផល្លែតបានបញ្ជាថា៖«មន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិ ត្រូវបន្តកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ ធ្វើការចុះពិនិត្យ និងទប់ស្កាត់បទល្មើស គ្រប់ប្រភេទនៅតាមតំបន់ការពារធម្មជាតិ ហើយប្រសិនបើមានការឃាត់ចាប់គ្រឿងចក្រ និងសម្ភារដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស គឺត្រូវរកអ្នកនៅពីក្រោយខ្នងនៃការជួល ឬប្រព្រឹត្តល្មើសធនធានធម្មជាតិ ឱ្យឃើញ ដើម្បីយកមកកាត់ទោសតាមច្បាប់»។


លោករដ្ឋមន្រ្តីបានបន្តដូច្នេះថា៖«ដូចគ្នាដែរ មន្រ្តីក្រសួងបរិស្ថាន ត្រូវពិនិត្យលើការគ្រប់គ្រងសម្ភារដកហូត ដូចជាឈើ ដែលជនល្មើសបានកាប់ និងឈូសឆាយ ត្រូវរៀបចំនិតិវិធីរក្សាទុក បម្រើប្រយោជន៍សហគមន៍និងសង្គមជាតិ។ ការពង្រឹងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ជួយទប់ស្កាត់បទល្មើសធនធានធម្មជាតិ»។ មន្រ្តីក្រសួងបរិស្ថាន មានតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ជាតិ និងមាតុភូមិ ដែលមិនត្រូវពាក់ព័ន្ធជាមួយនឹងបទល្មើសធនធានធម្មជាតិ ដែលផ្ទុយនឹងច្បាប់នោះឡើយ។


លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានចេញលិខិតព្រមានមួយចំពោះលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៩ ខែមីនា និងទើបតែត្រូវបានសារព័ត៌មានផ្សព្វផ្សាយនាពេលថ្មីៗនេះ។ ការចេញលិខិតព្រមាននេះ គឺយោងទៅតាមរបាយការណ៍ស្តីពីកិច្ចប្រជុំស្រាយបំភ្លឺរបស់លោកប្រធាន ខេត្តមណ្ឌលគិរី ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។


លិខិតព្រមានបានសរសេរថា៖«សូមធ្វើការព្រមានចំពោះ លោក ឌិន ប៊ុនធឿន ជាអនុប្រធាន មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅលើចំណុចអវិជ្ជមានខ្វះភាពទទួលខុសត្រូវ មានកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ លើការអនុវត្តតួនាទីភារកិច្ច។ ក្រសួងបរិស្ថាន សូមធ្វើការព្រមាន លោក ឌិន ប៊ុនធឿន ត្រូវបញ្ឈប់នូវរាល់អំពើ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ ដែលកើតឡើងពីការប្រព្រឹត្តដោយការធ្វេស ប្រហែស ការខ្ជីខ្ជា និងការបំពានច្បាប់ក្នុងកាតព្វកិច្ចបំពេញការងារ»។


ក្រសួងបរិស្ថានសង្ឃឹមថា លោក ឌិន ប៊ុនធឿន នឹងធ្វើការកែតម្រូវនូវកំហុងឆ្គងក្នុងវិជ្ជាជីវៈលើការ អនុវត្តតួនាទីភារកិច្ច។ ប៉ុន្តែ«ក្នុងករណីមិនអនុវត្តតាមការព្រមាននេះ និងមានការប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែមទៀត ក្រសួងនឹងមានវិធានការស្របតាមនីតិវិធីច្បាប់»៕


Post a Comment (0)
Previous Post Next Post