វិទ្យាស្ថានលំដាប់ពិភពលោករបស់សិង្ហបុរី ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET និងបើកឱកាសការងារដល់ពលករ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

វិទ្យាស្ថានលំដាប់ពិភពលោករបស់សិង្ហបុរី ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET និងបើកឱកាសការងារដល់ពលករ

 ភ្នំពេញៈ វិទ្យាស្ថាន ITE Education Services (ITEES) ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាព ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល ក្រោយពីវិទ្យាននេះបានជួយបណ្តុះបណ្តាលមន្ត្រី និងគ្រូបង្គោលកម្ពុជារាប់ពាន់នាក់រួចមកហើយ។


MoU ស្តីពី «កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)» នេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ និងលោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITEES នៅក្នុងជំនួបពិភាក្សាការងារមួយនារសៀលថ្ងៃអង្គារ ទី២៤ ខែមីនា នាទីស្តីការក្រសួង។ 


ក្រសួងការងារបានឱ្យដឹងថា ការចុះកិច្ចព្រមព្រៀងជាថ្មីនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធ TVET កម្ពុជា ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ, ភាពជាអ្នកដឹកនាំ, សមត្ថភាព, ការសិក្សាអប់រំ និងគុណភាព TVET ក៏ដូចជាការផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ TVET ដើម្បីធានាថា យុវជនកម្ពុជាដែលបញ្ចប់ការសិក្សានឹងមានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេស គឺឱកាសការងារនៅសិង្ហបុរី។


លោករដ្ឋមន្រ្តីបានមានប្រសាសន៍ ក្នុងឱកាសនោះថា MoU នេះកើតចេញពីលទ្ធផលនៃកិច្ចប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងក្រសួង និង វិទ្យាស្ថាន ITEES ដោយមានការគាំទ្រយ៉ាងរឹងមាំពីស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងផ្អែកលើមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ។ លោករដ្ឋមន្រ្តីបានសម្តែងមោទកភាព ដែល ITEES បានសម្រេចជ្រើសរើសក្រសួងការងារ ជា«ដៃគូ» ក្នុងវិស័យជំនាញ និងសេវាអប់រំដ៏មានសារៈសំខាន់នេះ ដែលនឹងជួយលើកកម្ពស់វិស័យ TVET និងការអភិវឌ្ឍជំនាញនៅកម្ពុជាឲ្យឈានឡើងកម្រិតខ្ពស់ថែមទៀត។


លោករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបើកចំហ ចំពោះអ្នកផ្តល់សេវាអប់រំបរទេស ដែលមិនត្រឹមតែប្រទេសសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលថ្មីៗនេះ កម្ពុជាក៏បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីផងដែរ។ 


លោករដ្ឋមន្រ្តី ហេង សួរ បញ្ជាក់ថា៖«ភាពជាដៃគូជាថ្មីនេះនឹងបន្តរួមចំណែកដល់ការបំប្លែងប្រព័ន្ធ TVET កម្ពុជា និងគាំទ្រចក្ខុវិស័យរួមគ្នា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានផលិតភាព និងមានសមត្ថភាពប្រកួតប្រជែង តាមរយៈ ITEES ដែលត្រូវបានស្គាល់ជាសកលសម្រាប់ប្រព័ន្ធ TVET ដ៏រឹងមាំ និងមានភាពធន់»។




Post a Comment (0)
Previous Post Next Post