ក្រុមហ៊ុន​ម៉ាឡេស៊ី​​បង្ហាញពី​ឆន្ទះ​ក្នុង​ការ​​ចូល​មក​វិនិយោគផ្ទាល់ និង​នាំចេញ​កសិផលកម្ពុជាមួយ​ចំនួន​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រុមហ៊ុន​ម៉ាឡេស៊ី​​បង្ហាញពី​ឆន្ទះ​ក្នុង​ការ​​ចូល​មក​វិនិយោគផ្ទាល់ និង​នាំចេញ​កសិផលកម្ពុជាមួយ​ចំនួន​

 ក្រុមហ៊ុនមក​ពី​ប្រទេស​​ម៉ាឡេស៊ី QL Resources Berhad បានបង្ហាញ​ពីចំណាប់​អារម្មណ៍​​ក្នុង​ការ​ប្រមូលទិញពោតក្រៀមកម្ពុជាទៅកាន់ទីផ្សារម៉ាឡេស៊ី ព្រមទាំងបង្ហាញពីគោលបំណងក្នុងការវិនិយោគលើកសិដ្ឋានចិញ្ចឹមបសុបក្សីសមាហរណកម្មបែបទំនើប (Integrated Poultry Farming) ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ស្របតាមស្តង់ដារ​អន្តរជាតិ​។


ព័ត៌មាន​នេះ​ត្រូវ​បាន​តំណាងក្រុមហ៊ុន QL Resources Berhad លោក Chia Seong Pow លើក​ឡើង​ក្នុង​ជំនួប​​ពិភាក្សា​ជាមួយ​ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាល​ពី​សប្តាហ៍​កន្លង​មក។ គោល​បំណងនៃ​ជំនួប​នេះ​គឺ​​​ដើម្បីពិភាក្សាពី​កិច្ចសហប្រតិបត្តិការជំរុញវិស័យកសិ-ឧស្សាហកម្ម និងការពង្រីកទីផ្សារនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារក្នុង​តំបន់។ ជំនួប​នេះ​ក៏​មាន​​ការ​ចូល​​រួមពី​លោក Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា​(MBCC)ផងដែរ​។​


ជាកិច្ច​ចាប់​ផ្តើម​នៃ​ជំនួប​នេះ លោក Chia Seong Pow បាន​ប្រាប់​ថា ក្រុមហ៊ុន​របស់​លោក​កំពុង​ចាប់​អារម្មណ៍ក្នុងការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មនៅកម្ពុជា ដើម្បីប្រមូលទិញ និងនាំចេញពោតក្រៀមពីកម្ពុជាទៅកាន់ទីផ្សារម៉ាឡេស៊ី។


លោក​បន្ត​ថា៖​«បន្ថែម​លើ​នេះក្រុមហ៊ុន​ក៏​មាន​បំណងក្នុងការវិនិយោគលើកសិដ្ឋានចិញ្ចឹមបសុបក្សីសមាហរណកម្មបែបទំនើប (Integrated Poultry Farming) ដែលនឹងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ស្របតាមស្តង់ដារឧស្សាហកម្ម ដើម្បីពង្រឹងសមត្ថភាពផលិត​កម្ម​នៅ​កម្ពុជាផងដែរ»។


ជាការឆ្លើយតបលោក ​សំហេង បូរ៉ា បាន​អះអាង​ថា ក្រសួង​ពាណិជ្ជកម្ម​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជួយ​គាំទ្រ និង​សម្របសម្រួលដល់​ក្រុមហ៊ុនចំពោះគម្រោងវិនិយោគ និងការបង្កើតក្រុមហ៊ុនពាណិជ្ជកម្មខាងលើ។ ក្នុង​នាម​ក្រសួង​ពាណិជ្ជកម្ម​លោក​សូម​លើកទឹកចិត្តឱ្យភាគីក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការនាំយកផលិត​ផល​សក្តានុពលរបស់កម្ពុជា ជាពិសេសការជំរុញនាំចេញគ្រាប់ស្វាយចន្ទី ដើម្បីដាក់លក់ក្នុងបណ្តាញទីផ្សារប្រទេសម៉ាឡេស៊ីឱ្យ​បាន​ច្រើន​នា​ពេល​ខាង​មុខ​។​


ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) ឱ្យ​ដឹង​ថា ក្នុង​​ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាងប្រទេសកម្ពុជា និង​ម៉ាឡេស៊ី មាន​ទឹក​ប្រាក់​សរុប ​១,០៨ ពាន់​លាន​ដុល្លារ កើន​ឡើង ២៤,៧% បើ​ធៀប​ឆ្នាំ​២០២៤ ដោយ​ទំនិញម៉ាឡេស៊ីនាំចូល ៩៣៥,៣៣ លាន​ដុល្លារ កើន ៣០,៣% ចំណែក​កម្ពុជា​នាំ​ទៅ​ម៉ាឡេស៊ី ១៤៣,៧៦ លាន​ដុល្លារ ថយចុះ ២,៦%។ ម៉ាឡេស៊ី គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទី​១១ របស់​កម្ពុជា។​​


កាល​ពី​ឆ្នាំ​២០២៥ លោក គិត ម៉េង ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​និយាយ​ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាង​ប្រទេសកម្ពុជា និង​ម៉ាឡេស៊ី គឺមាន​ភាព​រឹងមាំ​ជាយូរមក​ហើយ​ ដោយ​ទំហំ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង ២ បាន​កើន​ឡើង​ជារៀង​រាល់​ឆ្នាំ​។ ម៉ាឡេស៊ីជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ដោយផ្តោតលើ​វិស័យ​សំខាន់​ៗចំនួន​ ៤ រួម​មាន​ ទូរគមនាគមន៍ ធនាគារ សំណង់ និង កម្មន្តសាល។


ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ ឱ្យ​រឹតតែ​ខ្លាំង កាលពី​ឆ្នាំ​២០២៤ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និងទេសាភិបាល​ធនា​​គារ​កណ្ដាល​ម៉ាឡេស៊ី បាន​ចុះ​អនុស្សរណៈ​ការយល់​​យោគ​គ្នា ​(MoU)​ ស្តីពី​កិច្ច​សហ​ប្រតិបត្តិ​ការជំរុញ​ន​វា​នុ​វត្ត​ន៍​ហិ​​រញ្ញ​វត្ថុ និង​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការឱ្យ​កាន់តែ​ជិតស្និទ្ធ ព្រម​ទាំង​លើកកម្ពស់​នវានុវត្តន៍​ហិ​​រញ្ញ​វត្ថុ និង​ការទូទាត់​ឆ្លងដែន ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព។ MoU នេះ​គឺជា​ការបើកផ្លូវ​ឱ្យ​កម្ពុជា​-​ម៉ាឡេស៊ី ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ QR Code​។​


ធនាគារជាតិ​នៃ​កម្ពុជា បាន​បញ្ជាក់ថា​៖ «​ការណ៍​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី អាចធ្វើ​ការ​​ទូទាត់​ដោយ​ស្កេ​ន QR Code នៅ​ប្រទេស​កម្ពុជា ហើយ​ប្រជា​ជនកម្ពុជា​ក៏​អាចធ្វើ​ការទូទាត់​ដោយ​ស្កេ​ន QR Code នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ទៅវិញទៅមក​ផងដែរ ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក​សម្រាប់​ការ​ទូទាត់ ព្រមទាំង​បាន​ជួយ​គាំទ្រ​ដល់​យន្តការ​កិច្ចសហការ​ត្រួត​​ពិនិត្យ​ការទូទាត់​ឆ្លងដែន ដើម្បីឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​។ MoU នេះ​នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​ពា​ណិ​​ជ្ជ​កម្ម និង​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង ​២ ​ផងដែរ​»​៕​


Post a Comment (0)
Previous Post Next Post