ក្រសួងបរិស្ថានបន្តចែកធុងសំរាម ជាង២ពាន់ ដើម្បីជំរុញភាពស្អាត កាត់បន្ថយសំណល់ និងការបំពុលបរិស្ថាន
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងបរិស្ថានបន្តចែកធុងសំរាម ជាង២ពាន់ ដើម្បីជំរុញភាពស្អាត កាត់បន្ថយសំណល់ និងការបំពុលបរិស្ថាន

 ភ្នំពេញៈ ដើម្បីជំរុញសកម្មភាពឆ្ពោះទៅកម្ពុជាមានភាពស្អាត ក៏ដូចជាកាត់បន្ថយផលប៉ះពាល់នៃសំណល់ចំពោះសុខភាពសាធារណ: ក្រសួងបរិស្ថានបន្តផ្តល់ជូន ធុងសំរាម សរុប ចំនួន ២ ០៦០ធុង ដើម្បីធ្វើការបែងចែកជូននៅទូទាំងខេត្តក្រចេះ និងសម្រាប់ចូលរួមលើកកម្ពស់សោភ័ណភាពនិងអនាម័យបរិស្ថានក្នុងពិធីបុណ្យទន្លេលើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៦ ខាងមុខនៅក្រុងក្រចេះ



ការផ្តល់ជូនធុងសំរាមនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការអប់រំប្រជាពលរដ្ឋឱ្យចេះទុកដាក់ និងញែកសំរាមតាមប្រភេទសំរាម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចមានកន្លែងទុកដាក់សំរាមបានត្រឹមត្រូវ ក្នុងធុងតាមសាលារៀន មណ្ឌលសុខភាព និងវត្តអារាមបានជាដើម។ ធុងសំរាមទាំងនេះត្រូវបានបែងចែកទៅដល់សាលារៀន ចំនួន ៤០២សាលា, វត្តអារាម ចំនួន ២០៧វត្ត និង មូលដ្ឋានសុខាភិបាល ៦១កន្លែង។  

ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ២០២៥កន្លងមកនេះ បានផ្តល់ធុងដាក់សំរាមសម្រាប់ញែកសំណល់ ជាពិសេសសំណល់ប្លាស្ទិក សរុប ១១ ៧៦១ ធុង ដល់សាលារៀន មូលដ្ឋានសុខាភិបាល វត្តអារាម និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។ ក្នុងនោះ ខេត្តចំនួននៅ៦ ទទួលបានធុងទុកដាក់សំរាម ចំនួន ១០ ១៣៤ ធុង ដែលរួមមាន៖ ខេត្តត្បូងឃ្មុំ ចំនួន ៣ ៤០៥ ធុង ពោធិ៍សាត់ចំនួន ២ ៤៥៤ធុង កែប ១៥០ធុង កំពតចំនួន ២ ៣៥៨ធុង ព្រះសីហនុចំនួន ៨២៨ធុង និងខេត្តកោះកុងចំនួន ៩៣៩ធុង។

ទន្ទឹមនឹងនេះ ក្រសួងក៏បានលើកឡើងពីផលប៉ះពាល់នៃសំណល់ចំពោះសុខភាពសាធារណៈផងដែរ ដោយគូសបញ្ជាក់ថា សំណល់គឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ប៉ុន្តែការគ្រប់គ្រងមិនបានត្រឹមត្រូវ គឺជាសត្រូវដ៏ស្រួចស្រាវចំពោះសុខភាពមនុស្ស និងបរិស្ថាន។ នៅពេលសំណល់មិនត្រូវបានប្រមូល កែច្នៃ ឬបោះចោលមិនតាមបច្ចេកទេស វានឹងបង្កជាហានិភ័យធ្ងន់ធ្ងរដល់សហគមន៍។

ហានិភ័យទី១ គឺការបំពុលខ្យល់អាកាស។ ការដុតសំណល់ដោយចំហ ជាពិសេសប្លាស្ទិក កៅស៊ូ ឬវាយនភណ្ឌ បញ្ចេញសារធាតុគីមីពុលទៅក្នុងបរិយាកាស។ ការដកដង្ហើមយកខ្យល់កខ្វក់នេះ បង្កឱ្យមានបញ្ហាសុខភាពភ្លាមៗដូចជា ក្អក រលាកភ្នែក និងឈឺក្បាល ខណៈការប៉ះពាល់រយៈពេលវែងអាចនាំឱ្យកើតជំងឺសួតរ៉ាំរ៉ៃ និងជំងឺកាចសាហាវផ្សេងៗទៀត។

ហានិភ័យទី២ គឺការបំពុលប្រភពទឹក។ សំណល់ដែលបោះចោលនៅទីវាល ឬក្បែរប្រភពទឹក អាចត្រូវបានទឹកភ្លៀងនាំយកសារធាតុពុលទៅក្នុងទន្លេ ស្ទឹង អណ្តូង និងទឹកក្រោមដី។ ការប្រើប្រាស់ទឹកដែលរងការបំពុលនេះ គឺជាប្រភពនៃជំងឺឆ្លងតាមប្រព័ន្ធរំលាយអាហារ ដូចជា រាគរូស អាសន្នរោគ និងជំងឺពោះវៀន ដែលប៉ះពាល់ខ្លាំងបំផុតលើកុមារ។

ហានិភ័យទី៣ គឺការរីករាលដាលនៃភ្នាក់ងារចម្លងជំងឺ។ គំនរសំណល់នៅទីសាធារណៈគឺជាជម្រកដ៏ល្អសម្រាប់សត្វល្អិត និងសត្វកកេរ ដូចជា រុយ មូស និងកណ្តុរ។ សត្វទាំងនេះគឺជាភ្នាក់ងារចម្លងជំងឺគ្រោះថ្នាក់ជាច្រើន រួមមាន គ្រុនឈាម គ្រុនឈីក និងជំងឺឆ្លងដទៃទៀតដែលប៉ះពាល់ដល់ស្ថិរភាពសុខភាពសហគមន៍។

ហានិភ័យចុងក្រោយ គឺការធ្លាក់ចុះនៃគុណភាពជីវិត និងបរិស្ថាន។ ក្រៅពីជំងឺ សំណល់ដែលគ្រប់គ្រងមិនបានល្អ បង្កជាក្លិនស្អុយអសោច និងធ្វើឱ្យដីបាត់បង់គុណភាព។ វាមិនត្រឹមតែបំផ្លាញសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យបរិស្ថានរស់នៅក្លាយជាកន្លែងដែលគ្មានអនាម័យ និងមិនមានសុវត្ថិភាពសម្រាប់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត៕

Post a Comment (0)
Previous Post Next Post