ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការអនុវត្តអនុក្រឹត្យលេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំង ហើយឃាត់ខ្លួនបានជនសង្ស័យសរុប ៥០ នាក់។
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ សណ្ឋាគារ ជីនសា ហូលីដេ, វីឡាភូមិគ្រឹះ, អគារខុនដូរ ស៊ែង យូរ និងផ្ទះជួលនៅសង្កាត់៤ហើយជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៥០ នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦នាក់ ខ្មែរ ៣ នាក់ (ស្រី្ត ១ នាក់) ឥណ្ឌា ៥ នាក់ (ស្រី្ត ២ នាក់) បង់ក្លាដេស ៣ នាក់ប៉ាគីស្ថាន ២ នាក់ និងស្រ្តីជនជាតិភូមា ១ នាក់ រួមទាំងដកហូតបានវត្ថុតាង មានដូចជាកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរដៃមួយចំនួន។
ក្រៅពីការបង្ក្រាបទីតាំងទាំង៤ខាងលើក្រុមការងារបានចុះត្រួតពិនិត្យ នៅកាស៊ីណូហ្គោលដិន ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ ដោយរកឃើញសម្ភារសង្ស័យពាក់ព័ន្ធនឹងការធ្វើសកម្មភាពឆបោកតាមអនឡាញរួមមានកុំព្យូទ័រលើតុចំនួន ១៨៦ គ្រឿង និងទូរសព្ទដៃចំនួន ១៥៤ គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង៥០នាក់ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
ជាមួយគ្នានេះ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។


