ស្នងការខេត្តមណ្ឌលគិរី បញ្ជាកម្លាំងជំនាញបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្ស ១២នាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ស្នងការខេត្តមណ្ឌលគិរី បញ្ជាកម្លាំងជំនាញបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនមនុស្ស ១២នាក់

 ខេត្តមណ្ឌលគិរី ៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី កម្លាំងជំនាញបានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅវេលាម៉ោង ១០:១២ នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដោយឃាត់មនុស្សបាន១២នាក់។

យោងតាមរបាយការណ៍ដែលទេីបទទួលបាននាសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ (ប្រុស) ព្រមទាំងដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន ៨គ្រឿង, ម៉ូតូកង់បី (PassApp) ១គ្រឿង, អង្រុត ៤, កន្ត្រក ១ និងមាន់ជល់ (ងាប់) ចំនួន ១២ក្បាល។

ប្រភពដដែលបានបន្តថា ក្រោយការសាកសួរ និងអនុវត្តតាមនីតិវិធី ចំពោះអ្នកលេងចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ រួមជាមួយការប្រគល់មធ្យោបាយធ្វើ ដំណើរជូនទៅម្ចាស់វិញផងដែរ។

ចំពោះម្ចាស់ទីតាំងឈ្មោះ ង្វៀង វ៉ាន់ដឹក ជនជាតិវៀតណាម ភេទប្រុស អាយុ ៦៣ឆ្នាំ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

យុទ្ធនាការបង្ក្រាបនេះ គឺជាផ្នែកមួយនៃការរឹតបន្តឹងគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ដើម្បីធានានូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕






Post a Comment (0)
Previous Post Next Post