ក្រុមប្រតិភូវិនិយោគិនកូរ៉េ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើការបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូអគ្គិសនីនៅកម្ពុជា ខណៈទំនោរនៃការប្រើប្រាស់យានជំនិះអគ្គិសនីពីសំណាក់ប្រជាជនខ្មែរបានកើនឡើងជាបន្តបន្ទាប់ ជាពិសសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិនៃការកើនឡើងតម្លៃប្រេងឥន្ធនៈ។
នេះបើតាមខ្លឹមសារនៃជំនួបពិភាក្សារវាងលោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយនឹងគណៈប្រតិភូវិនិយោគិនមកពីសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ក្នុងកិច្ចពិភាក្សាខាងលើគណៈប្រតិភូកូរ៉េបានលើកឡើងថា ក្រុមរបស់ខ្លួនកំពុងចាប់អារម្មណ៍ខ្លាំងចំពោះកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីពីសំណាក់ប្រជាជនកម្ពុជា ហេតុនេះក្រុមរបស់ខ្លួនពិតជាមានបំណងចង់ស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសការបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូអគ្គិសនី។
ជាការឆ្លើយតប លោក យុន ហេង បានសម្តែងការស្វាគមន៍ចំពោះវិនិយោគិនកូរ៉េ ដែលបានសម្លឹងឃើញកម្ពុជាគឺជាគោលដៅវិនិយោគចម្បងរបស់ខ្លួន។ បន្ថែមលើនេះ លោកក៏ប្រាប់គណៈប្រតិភូកូរ៉េអំពីបរិយាកាសវិនិយោគនៅកម្ពុជា និងជាពិសេសការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងជំរុញការវិនិយោគទាំងក្នុង និងក្រៅប្រទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាដោយផ្ទាល់ ខណៈកម្ពុជាបច្ចុប្បន្នត្រូវបានគេដឹងថា ជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគលើគ្រប់វិស័យ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បាននិយាយថា ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់យានយន្តអគ្គិសនីផ្តល់ផលប្រយោជន៍ច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងការចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់ និងសកលលោក។
លោកបានអះអាងថា គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
លោកបានថ្លែងថា៖«រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសម្បូរបែបសម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត។ អាជ្ញាធរអគ្គិសនីកម្ពុជា កាលពីពេលថ្មីៗនេះ បានជំរុញឱ្យអ្នកវិនិយោគដែលកាន់អាជ្ញាបណ្ណផ្ដល់សេវាផ្គត់ផ្គង់អគ្គិសនី សិក្សាលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ព្រមទាំងជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាបន្ថែមទៀត»។
បច្ចុប្បន្ននៅកម្ពុជាក៏មានរោងចក្រដំឡើងយានយន្តអគ្គិសនីជាច្រើន ដូចជា រោងចក្រដំឡើងម៉ូតូ និងម៉ូតូកង់បីអគ្គិសនី Onion ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក ជាមួយកូរ៉េ។ បន្ថែមលើនេះ កម្ពុជាក៏មានរោងចក្រដំឡើងរថយន្តអគ្គិសនីជាច្រើនផងដែរដូចជា ក្រុមហ៊ុន BYD និងក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD ជាដើម។
ទិន្នន័យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៥ នៅកម្ពុជាមានយានយន្តអគ្គិសនីចុះបញ្ជី ១២ ៩៦៨ គ្រឿង ក្នុងនោះមានរថយន្តអគ្គិសនីចំនួន ៩ ០៦៥ គ្រឿង ទោចក្រយានយន្តចំនួន ៣ ២០៣ គ្រឿង និងត្រីចក្រយានយន្តចំនួន ៧០០ គ្រឿង។
ទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ក្នុងឆ្នាំ២០២៥ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ ក្នុងឆ្នាំ២០២៥ មានទឹកប្រាក់សរុប ៩២៣,០៥ លានដុល្លារ កើនឡើង ៩,៨% បើធៀបនឹងឆ្នាំ២០២៤។ ក្នុងចំនួននេះ គឺទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ៣២៦,៧៨ លានដុល្លារ កើនឡើង ២,៣% ចំណែកកូរ៉េនាំចូល ៥៩៦,២៧ លានដុល្លារ កើន ១៤,៤%៕

