អ្នកស្រាវជ្រាវស្នើផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹងត្រឹមតែ​ម៉ាកនិងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អ្នកស្រាវជ្រាវស្នើផ្សាយពាណិជ្ជកម្ម​គ្រឿងស្រវឹងត្រឹមតែ​ម៉ាកនិងឡូហ្គោ ដើម្បីកាត់បន្ថយការទាក់ទាញ

 ក្រុមការងារស្រាវជ្រាននៃរាជបណ្ឌិតសភាកម្ពុជា ស្នើសុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងពិចារណាដាក់ចេញបន្ថែមនូវវិធានការកំហិតការផ្សាយពាណិជ្ជកម្ម ដែលងាយស្រួលក្នុងការពង្រឹងការអនុវត្ត និង​មានប្រសិទ្ធភាពដើម្បីបង្ការកុមារនិងយុវជនពីការទាក់ទាញឲ្យសេពគ្រឿងស្រវឹង។

ក្រុម​អ្នក​ស្រាវជ្រាវ​បានថ្លែង​នៅ​ថា ស្ថិតក្នុងដំណាក់កាលដែលកម្ពុជាមិនទាន់អាចហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងបាន ការផ្សាយពាណិជ្ជកម្មគួរ​មាន​ការ​ដាក់​កំហិត​ច្បាស់​លាស់ ដូចជា​ការ​ត្រូវ​ឲ្យមានត្រឹមម៉ាកនិងឡូហ្គោគ្រឿងស្រវឹង និង​ហាមមិនឲ្យមានការផ្សារភ្ជាប់ជាមួយរង្វាន់ ប្រើតារានិងបុគ្គលមានឥទ្ធិពល និងការផ្សាយតាមប្រព័ន្ធឌីជីថល ជាដើម។​ នេះ​បើ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការចលនាដើម្បីសុខភាពកម្ពុជា។

ក្រុម​អ្នកស្រាវជ្រាវនៅ​រាជបណ្ឌិត្យសភាកម្ពុជា​មើល​ឃើញ​ថា​​ ការ​អនុវត្តប្រកាសលេខ ០៨៤ ប្រក.ពម ស្ដីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការកុមារ និងយុវជនពីការទាក់ទាញឲ្យសេពគ្រឿងស្រវឹងទេ។

អង្គការចលនាដើម្បីសុខភាពកម្ពុជា បាន​កត់​សម្គាល់​ថា ៦៦%នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមទូរទស្សន៍ ចន្លោះម៉ោង ៦ដល់​ម៉ោង ៨​ល្ងាច បានផ្សារភ្ជាប់ជាមួយរង្វាន់ ពាក្យពេចន៍ជំរុញការផឹក សកម្មភាពយុវជនផឹកជុំគ្នា និងរូបភាពតារាកាន់ដបគ្រឿងស្រវឹងជាដើម ដែលបំពានទៅនឹងគោលការណ៍ទី៦ នៃប្រកាស។

សេចក្ដីប្រកាសព័ត៌មាន​លើក​ឡើង​ថា៖ «ជាង៦០%នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ស្ថិតនៅជិតជាងចម្ងាយ២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា ដែលជាការប្រព្រឹត្តផ្ទុយទៅនឹងគោលការណ៍ទី៧ នៃសេចក្ដីប្រកាស»។

អង្គការ​ដដែល​រក​ឃើញ​ថា ជាង៨០%នៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង តាមទម្រង់អេឡិចត្រូនិក ឬឌីជីថល ឬបណ្ដាញទំនាក់ទំនងសង្គម មិនបានរចនាទំព័រចែងអំពីការហាមអនីតិជនចូលទស្សនា ដូចការកំណត់ក្នុងប្រកាសទេ។

បន្ថែម​ពី​លើ​នេះ ជាងពាក់កណ្តាលនៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនបានដាក់សារអប់រំ តាមការចង្អុលបង្ហាញក្នុងគោលការណ៍ទី៩ នៃសេចក្ដីប្រកាស។

យោងតាមក្រសួង​សុខាភិបាល​ ផលប៉ះពាល់នៃការសេពគ្រឿងស្រវឹង រួមមាន ជំងឺជាង២០០មុខ គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការខាតបង់ថវិកា ជាពិសេសផលប៉ះពាល់លើមូលធនមនុស្សរបស់កម្ពុជា៕


Post a Comment (0)
Previous Post Next Post