អង្ករក្រអូបប្រណីតផ្កាម្លិះ(premium fragrant jasmine rice )ចំនួន ៤០០ តោននឹងត្រូវនាំចេញជាបន្តបន្ទាប់ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី បន្ទាប់ពីក្រុមហ៊ុន អេមរុរ៉ាយស៍(Amru Rice) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអូស្រ្តាលី Green Group ដែលជាក្រុមហ៊ុនបោះដុំផលិតផលចំណីអាហារដ៏ធំជាងគេ និងមានឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសអូស្ត្រាលី។
កិច្ចព្រមព្រៀងដែលបានចាប់ផ្តើមចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៦ នេះ ត្រូវបានរំពឹងថានឹងក្លាយជាកិច្ចព្រមព្រៀងរយៈពេលវែង ដែលនឹងនាំយកអង្ករកម្ពុជាទៅកាន់ផ្សារទំនើបធំៗក្នុងប្រទេសអូស្ត្រាលី។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ដេរិក យីប និងលោក សុង សារ៉ន សហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ កាលពីថ្ងៃទី៦ ខែមីនា បានធ្វើដំណើរទៅកាន់រោងចក្រកែច្នៃអង្ករអេមរុរ៉ាយស៍ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើជាសាក្សីក្នុងការបញ្ជូនអង្ករចំនួន ២ ទូកុងតឺន័រឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលីក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
ការគាំទ្ររបស់អូស្ត្រាលី ធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះកើតឡើងបាន។ តាមរយៈកិច្ចផ្តួចផ្តើមក្រោមការគាំទ្ររបស់អូស្ត្រាលី ដែលមានគោលដៅជាក់លាក់ ក្នុងន័យពង្រីកការនាំចេញផលិតផលកសិ-ចំណីអាហារដែលមានតម្លៃបន្ថែមរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន អេមរុរ៉ាយស៍ បានចូលរួមក្នុងដំណើរទស្សនកិច្ចជំរុញពាណិជ្ជកម្មនៅប្រទេសអូស្ត្រាលី ហើយបានទទួលកិច្ចសហការ និងការគាំទ្រជាបន្តបន្ទាប់ក្រោមជំនួយរបស់អូស្រ្តាលី តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ក្នុងការជួយបង្កើតទំនាក់ទំនងពាណិជ្ជកម្មសម្រាប់កិច្ចព្រមព្រៀងមួយនេះ។
លោក ដេរិក យីប បាននិយាយថា៖«ខ្ញុំសូមអបអរដល់ក្រុមហ៊ុន អេមរុរ៉ាយស៍ ក្នុងការទទួលបាននូវភាពជាដៃគូរយៈពេលវែងនេះ។ កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងអូស្ត្រាលី និងកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍សម្រាប់ប្រទេសទាំង ២។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ឱ្យអតិថិជនអូស្ត្រាលីនូវជម្រើសកាន់តែច្រើនជាមួយនឹងផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ដែលគេអាចស្វែងរកបាននៅតាមផ្សារទំនើបក្នុងប្រទេសអូស្ត្រាលី។ យើងកំពុងជួយអ្នកនាំចេញកម្ពុជាឱ្យចូលទៅកាន់ទីផ្សារលំដាប់ខ្ពស់ និងជំរុញកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយបរិយាបន្ននៅកម្ពុជា»។
អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ លោក សុង សារ៉ន បានលើកឡើងថា៖«ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Green Group គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រីកទីផ្សាររបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ ទៅកាន់ប្រទេសអូស្ត្រាលី។ យើងមានមោទនភាពក្នុងការផ្គត់ផ្គង់អង្ករក្រអូបប្រណីតផ្កាម្លិះកម្ពុជា ដែលមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើកសិកម្មប្រកបដោយនិរន្តភាព និងការកែច្នៃដែលផ្តល់តម្លៃបន្ថែម»។
កិច្ចព្រមព្រៀងនេះ រួមចំណែកបន្ថែមទៀតទៅលើការកើនឡើងពាណិជ្ជកម្មរវាងអូស្ត្រាលី-កម្ពុជាដែលមានស្រាប់។ ក្នុងឆ្នាំ២០២៥ ទំហំទឹកប្រាក់ពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានឈានដល់ ១,២ ពាន់លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ប្រមាណ ៨៥០លានដុល្លារអាមេរិក គឺជាការនាំចេញរបស់កម្ពុជាទៅប្រទេសអូស្ត្រាលី។
នៅឆ្នាំ២០២៤ ក្រុមហ៊ុន Green Group បានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុនអូស្រ្តាលីនេះ ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន អេមរុរ៉ាយស៍ លើការធ្វើពាណិជ្ជកម្មផលិតផលកសិ-ចំណីអាហារកម្ពុជា រួមទាំងអង្ករនៅក្នុងពិធីមួយនៅទីក្រុងស៊ីដនី ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។
លោក Nelson Green នាយកគ្រប់គ្រងក្រុមហ៊ុន Green Group បានអះអាងថា៖«ដើម្បីទទួលបានជោគជ័យក្នុងការទទួលយកផលិតផលចំណីអាហារទៅកាន់ទីផ្សារណាមួយ វាចាំបាច់ណាស់ដែលអ្នកនាំចេញ និងអ្នកនាំចូលត្រូវធ្វើការជាមួយគ្នាជាក្រុម។ ទំនាក់ទំនងរវាងក្រុមហ៊ុន អេមរុរ៉ាយស៍ និងក្រុមហ៊ុន Green Group គឺជាឧទាហរណ៍មួយនៃភាពជោគជ័យនេះ។ ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី ចំពោះការគាំទ្រជាបន្តបន្ទាប់ និងការចាប់អារម្មណ៍ចំពោះគម្រោងនេះ»។
អូស្ត្រាលី បានគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ តាមរយៈការស្រាវជ្រាវអំពីពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការប្រើប្រាស់បច្ចេកវិទ្យា និងធាតុចូលកសិកម្មផងដែរ។ ភាពជាដៃគូនេះបានបន្តរហូតមកដល់បច្ចុប្បន្ន ដោយផ្តោតលើការពង្រឹងសមត្ថភាពកែច្នៃផលិផលកសិកម្មក្នុងប្រទេស ការពង្រីកទីផ្សារនាំចេញ និងការលើកកម្ពស់ការអនុវត្តផលិតកម្មប្រកបដោយនិរន្តរភាព។
នៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករក្នុងបរិមាណខ្ពស់បំផុតចំនួន ៩៤០ ០០០តោន ដែលទទួលបានទឹកប្រាក់ចំនួន ៦០២លានដុល្លារអាមេរិក។ ទីផ្សារអង្ករអូស្ត្រាលីត្រូវបានព្យាករណ៍ថា នឹងកើនឡើងពីចន្លោះ ៥,៧ពាន់លានដុល្លារអាមេរិក (ក្នុងឆ្នាំ២០២៤) ដល់ ៧,១ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣៣។ ការកើនឡើងនេះ គឺដោយសារកំណើននៃតម្រូវការប្រភេទអង្ករប្រណិត អង្ករសរីរាង្គ និងអង្ករពិសេស ដែលទាំងនេះ គឺសុទ្ធតែជាចំណុចខ្លាំងរបស់អ្នកផលិត និងនាំចេញកម្ពុជា ដូចជាក្រុមហ៊ុនអេមរុរ៉ាយស៍ ជាដើម៕

