ក្រុមជនត្រូវចោទជាមេខ្លោងចំនួន៧នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស ក្រោយពួកគេត្រូវបានចាប់ខ្លួនពីអគារស្តាស៊ីធី នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចំនួន ៧ បញ្ជាឲ្យឃុំខ្លួនជនត្រូវចោទចំនួន៧នាក់ រួមមានឈ្មោះ XI BING, CHEN LANG, XIA CHAO, NAN LIANG, FAN LEI ដែលទាំង៥នាក់គឺជាជនជាតិចិន, ទី៦ ឈ្មោះ KIRAN KUMA RBAYAK ជនជាតិនេប៉ាល់ និងទី៧ ឈ្មោះ MOHD SAKIB ជនជាតិឥណ្ឌា។
យោងតាមដីកាសម្រេច ពួកគេត្រូវបានចោទប្រកាន់ពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តជាក្រុមមានការចាត់តាំង ដែលចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងពីម្សិលមិញថា កម្ពុជានឹងបង្ក្រាប និងសម្អាតបទល្មើសឆបោកឲ្យអស់ពីកម្ពុជាដើម្បីស្ដារកេរ្តិ៍ឈ្មោះព្រះរាជាចក្រនេះមកវិញ។ លោកថា ក្រោយពេលសម្អាតបានហើយ កម្ពុជានឹងទប់ស្កាត់កុំឲ្យបទល្មើសនេះត្រឡប់មកវិញ ដោយពេលនេះ កម្ពុជាកំពុងតែធ្វើច្បាប់ប្រឆាំងនឹងការឆបោកតាមអនឡាញ ដែលនឹងផ្ដន្ទាទោសសូម្បីតែម្ចាស់ផ្ទះជួលដែលជួលឲ្យក្រុមឧក្រិដ្ឋជន៕

