ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យ​ប្រជាពលរដ្ឋឆ្លងកាត់ជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកឱ្យ​ប្រជាពលរដ្ឋឆ្លងកាត់ជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦

 ស្ពាន​មិត្តភាព​កម្ពុជា-ចិន មេគង្គ​ក្រចេះ ដែល​ជា​ស្ពាន​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ការ​ធ្វើដំណើរ​ដ៏សំខាន់​ពី​ស្រុក​ចិត្របុរី នៅ​ត្រើយ​ខាងកើត ទៅ​ស្រុក​ព្រែក​ប្រសព្វ​នៅ​ត្រើយ​ខាង​លិច ហើយ​ក៏​ជា​ស្ពាន លើក​កម្ពស់​ដល់​ប្រសិទ្ធភាព​នៃ​វិស័យ​ដឹក​ជញ្ជូន ពិសេស​ការ​ដឹក​ជញ្ជូន​ទិន្នផល​កសិ-ឧស្សាហកម្ម រួម​ទាំង​ការ​តភ្ជាប់​វិស័យ​ទេសចរណ៍​ពី​ខេត្ត​កំពង់ធំ ទៅកាន់​ភូមិ​ភាគឦសាន​នោះ នឹងបើក​ឱ្យ​ប្រជាពល​រដ្ឋ​ឆ្លង​កាត់ ​ចាប់ពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៦​នេះ​ត​ទៅ ដោយ​មិន​មាន​ការ​បិទចរាចរណ៍​ឡើង​វិញ​ទេ។


ការ​បើក​ឱ្យ​ដំណើរ​ការ​នេះ ដោយសារ​​វឌ្ឍនភាព​ការងារ​គម្រោង​សាងសង់​ស្ពាន គិត​ត្រឹមបំណាច់​ខែ​កុម្ភៈ ឆ្នាំ២០២៦​នេះ រួម​មាន ផ្លូវ​តភ្ជាប់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រណប​មួយ​ចំនួន សម្រេចបាន ៩៦,៨៤ភាគ​រយ រីឯ​ស្ពាន​មិត្តភាព​កម្ពុជា-ចិន មេគង្គក្រចេះ សម្រេច​បាន ៩៨,៤៤ភាគ​រយ ហើយ​​ការងារ​ផ្លូវមេ និង​ផ្លូវ​ខ្នែង​ជា​ច្រើន​ខ្សែ សម្រេច​បាន ៩៩,០៩​ភាគ​រយ។


លោក ផន រឹម អ្នកនាំ​ពាក្យ​ក្រសួងសាធារណការ និងដឹក​ជញ្ជូន បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា នៅ​ពេល​នេះ​គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ និង​ផ្លូវ​តភ្ជាប់​សម្រច​បាន​៩៦,៨៤ ភាគរយហើយ ហើយ​គ្រោង​នឹង​បើក​ជូន​ប្រជាពលរដ្ឋ​ឆ្លង​កាត់​ចាប់​ពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ​២០២៦​តទៅ។


លោក​បន្ថែម​ថា ស្ពានមិត្តភាព​កម្ពុជា-ចិន មេគង្គ​ក្រចេះ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តភ្ជាប់ ជាគម្រោង​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់ សម្រាប់​ការ​តភ្ជាប់​ទំនាក់ទំនង និង​ជា​ក្តី​សង្ឃឹម​រវាង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ត្រើយ​ខាងកើត និង​ត្រើយ​ខាង​លិច ទាំង​ការ​តភ្ជាប់​តំបន់​ដាច់ស្រយាល​នៅភូមិ​ភាគឦសាន មក​កាន់​ទីប្រជុំជន​តភ្ជាប់​ពីខេត្ត​ក្រចេះ ទៅ​ខេត្ត​កំពង់ធំ ដែល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយ​ផ្លូវ​ជាតិ​សំខាន់ៗ នៃ​បណ្តា​ខេត្ត​ដទៃ​ទៀត។


អ្នកនាំ​ពាក្យ​ក្រសួងសាធារណការ និងដឹក​ជញ្ជូន លោក ផន រឹម បញ្ជាក់ថា៖​ «ផ្លូវ​ស្ពានមិត្ត​ភាព​កម្ពុជា-ចិន មេគង្គ​ក្រចេះ គឺ​ជា​សរសៃ​ឈាម​នៃ​សេដ្ឋកិច្ច​ជាតិ និង​ជា​អាទិភាព​គន្លឹះទី ២ ក្នុងចំណោម​អាទិភាព​គន្លឹះ​ទាំង ៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) នៃ​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់​កាលទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា»។


គួរ​បញ្ជាក់​ថា ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ​មួយ​ខ្សែ​នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ប្រសិទ្ធ​នាម​ថា “ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន មេគង្គក្រចេះ” តាម​រយៈ​លិខិត​លេខ ៩៨៥ សជណ.អស ចុះថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ២០២៥ របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី។


ស្ពាននេះ ត្រើយ​ខាង​កើត​ស្ថិត​ក្នុង ភូមិ​តាលុស ឃុំបុសលាវ ស្រុកចិត្របុរី និង​ត្រើយ​ខាងលិច ស្ថិតក្នុង​ភូមិ​ថ្មរាប ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែ​កប្រសព្វ ខេត្ត​ក្រចេះ មាន​ប្រវែង​សរុប ១ ៧៦១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្នុងនោះ​គន្លង​ផ្លូវ​រថយន្ត​មាន ២​គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២) និង​បង្កាន់​ដៃ​ស្ពាន​សងខាង ទទឹង (០,៥០ម x ២) មាន​សសរ​ជើង​ស្ពាន​ចំនួន ៣៦​ដើម និងផ្លូវ​នាវា​ចរណ៍​មាន​ទំហំ ១០០ម x ១៥ម ផងដែរ។


គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវ​បាន​ប្រើ​ប្រាស់​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​​ចិន ប្រមាណ​ជាង ១១៤ លាន​ដុល្លារអាមេរិក និង​សាងសង់​ដោយ​ក្រុម​ហ៊ុន​សំណង់សៀង​ហៃ(SCG) និង​ត្រួត​ពិនិត្យ​បច្ចេកទេស​ដោយ​ក្រុម​ហ៊ុនទី​ប្រឹក្សា​បច្ចេកទេស​ក្វាង​ចូវវ៉ាន​អាន(WACC) ហើយ​​បាន​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន កាលពី​​ថ្ងៃ​ទី ២ ខែមករា ឆ្នាំ ២០២៣៕


Post a Comment (0)
Previous Post Next Post