លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមិនត្រឹមតែបង្ក្រាបបទល្មើសឆបោកតាមអនឡាញទេ គឺបោសសម្អាតតែម្ដង ហើយថាការឆបោកតាមអនឡាញដែលលោកចាត់ទុកថាជាសេដ្ឋកិច្ចពណ៌ខ្មៅនេះមិនមានចំណែកដល់ចំណូលនៃថវិកាជាតិទេ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ហ៊ុន ម៉ាណែតថ្លែងថា ការសម្អាតបទល្មើសនេះគឺដើម្បីស្ដារកេរ្តិ៍ឈ្មោះកម្ពុជា ដែលប៉ះពាល់ពីអំពើឆបោកតាមអនឡាញ ហើយការបង្ក្រាបនេះត្រូវការធ្វើឡើងដោយកិច្ចសហការ មិនមែនយកគ្រាប់បែកទៅទម្លាក់នោះទេ។
លោកថ្លែងថា៖ «ពាក្យថាបង្ក្រាប គឺយោងទៅបង្ក្រាប ប៉ុន្តែនេះ គឺយើងបង្ក្រាបហើយសម្អាតបោសឲ្យស្អាត កុំឲ្យប្រទេសយើងនៅមានជាប់ប្រឡាក់ជាប់រឿង online scam ដែលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមរបស់យើង។ លទ្ធផលយ៉ាងណា បងប្អូនអាចអង្គុយសង្ស័យ ខ្ញុំអត់បន្ទោសទេ អង្គុយគិត ប៉ុន្តែនៅពេលមានលទ្ធផលជាក់ស្ដែង យើងនឹងបង្ហាញតែម្ដង»។
លោក ហ៊ុន ម៉ាណែត ថ្លែងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងធ្វើច្បាប់ប្រឆាំងនឹងការឆបោកតាមអនឡាញ ដែលមានសុពលភាពទូលំទូលាយ សូម្បីតែអ្នកជួលផ្ទះឲ្យជនល្មើសក៏ត្រូវទទួលខុសត្រូវដែរ ដោយមិនអាចនិយាយថា «ខ្ញុំអត់ដឹង» នោះទេ។
លោកចាត់ទុកថា online scam និងសកម្មភាពពាក់ព័ន្ធគឺជាសេដ្ឋកិច្ចពណ៌ខ្មៅ ហើយអ្នកដែលបានផលចំណេញមិនផ្ទាល់ដូចជាអ្នកបើកបរ អ្នកជួលផ្ទះគឺប្រៀបដូចសេដ្ឋកិច្ចពណ៌ប្រផេះ។ ចំណែកសេដ្ឋកិច្ចនៅកម្ពុជាទូទៅដែលមិនពាក់ព័ន្ធនឹងការឆបោកគឺជាសេដ្ឋកិច្ចពណ៌ស ដូចជាទេសចរណ៍ជាដើម។
លោក ហ៊ុន ម៉ាណែត ក៏បានច្រានចោលការចោទប្រកាន់ថា សេដ្ឋកិច្ចពណ៌ខ្មៅ ឬ ការឆបោកតាមអនឡាញ តំណាងឲ្យសេដ្ឋកិច្ចកម្ពុជា ៦០ភាគរយ។ លោកថា ការលើកឡើងនេះមិនពិតទេ។
លោកថា៖ «ចំណូលពីសេដ្ឋកិច្ចពណ៌ខ្មៅនេះ មិនបានចូលមកក្នុងសេដ្ឋកិច្ចកម្ពុជា វាអាចចូលទៅក្នុងការជួលផ្ទះ ការទិញដី ឬប្រាក់ខែអ្នកបើកឡានខ្លះ ប៉ុន្តែមិនបានចូលមកក្នុងនាជាបដិភាគនៃផលិតផលសរុប GDP របស់កម្ពុជា ខ្ញុំសូមបញ្ជាក់»។
លោកបញ្ជាក់ថា ចំណូលនៃថវិកាជាតិរបស់កម្ពុជា គឺបានពីសេដ្ឋកិច្ចពណ៌ស ដូចជាពាណិជ្ជកម្ម និងការវិនិយោគនានា។
លោកថា កម្ពុជានឹងដើរលើទស្សនៈ «ធ្វើដើម្បីលាងសម្អាត លើកកម្ពស់កិត្តិយសជាតិយើងនៅលើឆាកអន្តរជាតិ» និងឆន្ទ «ធ្វើដើម្បីខ្មែរ»៕

