នគរបាលកំពុងតាមចាប់អ្នកបើកបរម្នាក់ ដែលបានបុកស្លាប់មនុស្ស៥នាក់ រួមទាំងក្មេងពីរនាក់ក្នុងខេត្តបាត់ដំបង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

នគរបាលកំពុងតាមចាប់អ្នកបើកបរម្នាក់ ដែលបានបុកស្លាប់មនុស្ស៥នាក់ រួមទាំងក្មេងពីរនាក់ក្នុងខេត្តបាត់ដំបង

 បាត់ដំបងៈ នគរបាលខេត្តបាត់ដំបងបាននិងកំពុងតែស្វែងរកចាប់ខ្លួនអ្នកបើកបរម្នាក់ ក្រោយពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់នៅកន្លែងកើតហេតុ និងរបួសធ្ងន់ធ្ងរក្មេងប្រុសម្នាក់ កាលពីថ្ងៃទី២៧ ខែមីនា វេលាម៉ោងជាង១០យប់ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៤៦-២៤៧ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី។

នគរបាលជាតិបានឱ្យដឹងនៅថ្ងៃសៅរ៍ ទី២៨ ខែមីនានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ១គ្រឿងម៉ាក MERCEDES BENZ AMG GT53 ពាក់ផ្លាកលេខកម្ពុជា C.S.6168 អ្នកបើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ពីទិសខាងភ្នំពេញ ឆ្ពោះទៅទិសខាងបាត់ដំបង។ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន ២គ្រឿង លើគន្លងផ្លូវម៉ូតូ ក្នុងទិសដៅស្របគ្នា។ អ្នកបើកបរបានរត់គេចខ្លួនបាត់ក្រោយពីបង្កគ្រោះថ្នាក់នេះ។

ម៉ូតូទី១ អ្នកបើកបរដោយស្រ្តីឈ្មោះ ប៉ុក ស៊ីណាប់ អាយុ៣២ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបងបានស្លាប់ និងអ្នករួមដំណើរចំនួន ២នាក់ទៀត រួមមានក្មេងស្រីឈ្មោះ ម៉េន ម៉ីនាង អាយុ១០ឆ្នាំ ស្លាប់ និង ក្មេងប្រុសឈ្មោះ ម៉េន សុខមាន អាយុ៧ឆ្នាំ រងរបួសធ្ងន់ និងត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។

ចំណែកឯម៉ូតូទី២ ម៉ាកHonda dream បើកបរដោយបុរសឈ្មោះ សួន ធានី អាយុ៥០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ស្លាប់ និងអ្នករួមដំណើរចំនួន ២នាក់ ដែលរួមមានស្រ្តី ឈ្មោះវុន ស្រីជា អាយុ៤៣បានស្លាប់ និង ក្មេងប្រុសឈ្មោះចាន់ ចាវ អាយុ៧ឆ្នាំបានស្លាប់។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ដឹងថា រថយន្តបើកបរក្នុងយ៉ាងល្បឿនលឿន ហើយពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកពីក្រោយម៉ូតូទាំង២គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ពេញទំហឹង។

នាបច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកអ្នកបើកបរនោះ និងបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

នគរបាលជាតិក៏បានឱ្យដឹងផងដែរថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងនៅប្រទេសនៅថ្ងៃទី២៨ មីនានេះបានកើតឡើងចំនួន ៤លើក ដែលបណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ៤នាក់៕



Post a Comment (0)
Previous Post Next Post