កម្ពុជាចង់​ឱ្យ​ជប៉ុន​ជួយ​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​បន្ថែម​ទៀត ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជាចង់​ឱ្យ​ជប៉ុន​ជួយ​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​បន្ថែម​ទៀត ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​​

 កម្ពុជា​​ស្នើ​​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​បន្ត​ជួយ​ស្ថាបនា​ស្ថានីយប្រព្រឹត្តកម្ម​ទឹក​កខ្វក់(ចម្រោះ​)​​នៅក្នុង​រាជធានី​ភ្នំពេញ​បន្ថែម​ទៀតដើម្បី​ជួយ​លើក​កម្ពស់​គុណភាព​ទឹក​ដែល​ប្រើប្រាស់​​រួច មុន​នឹង​បង្ហូរ​ចូល​ទៅ​ក្នុង​ប្រភពទឹក​ផ្សេងៗ ពិសេស​ដង​ទន្លេ ខណៈ​​​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​នេះ​មាន​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​​ តែ​​ ១​ប៉ុណ្ណោះដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​។


ការ​សិក្សា​បាន​បង្ហាញ​ថា ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​ និង​កំណើន​​ប្រជាជន​ ​​បាន​ធ្វើ​ឱ្យ​​បរិមាណ​ទឹកប្រើ​ប្រាស់ និង​ទឹក​​កខ្វក់​​​ក្នុង​​រាជធានីកើន​ឡើងជាបន្ត​បន្ទាប់។ ជាក់​ស្តែង​គ្រាន់​តែ​​តំបន់​នៅ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ(​ចាប់​ពី​មហាវិថី​សហព័ន្ធ​រុស្ស៊ី​សំដៅ​មក​ភាគ​ខាង​ត្បូង) ដែល​បច្ចុប្បន្នមាន​មនុស្ស​រស់នៅ​ជាង ១ លាន​នាក់ គឺ​ក្នុង​​រយៈ​ពេល ២៤ម៉ោងមាន​ទឹកកខ្វក់​ជា​មធ្យម​ប្រហែល​ ២៨ ម៉ឺន​ម៉ែត្រគូប។​ កំណើន​ទឹក​កខ្វក់ កំពុង​ធ្វើ​ឱ្យ​ប៉ះ​ពាល់យ៉ាង​​ខ្លាំង​ទៅ​ដល់​បរិស្ថាន និង​សុខុមាល​ភាព​ជីវិត​មនុស្ស-សត្វ។ ​ 


អនុប្រធានមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន​ រាជធានីភ្នំពេញ លោក ជូ គឹមទ្រី បានប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​កាល​​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​​ ថា ​នៅ​មុន​ពេល​មាន​ការ​ជួយ​ពី​សំណាក់​​​ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​(JICA) ប្រចាំ​នៅ​កម្ពុជា គឺ​ទឹក​កខ្វក់​ទាំង​អស់​ដែល​ចេញ​​ពី​​លំនៅឋាន អគារ​​ការិយាល័យ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​លក់​ដូរ​ទំនិញ ... និង​កន្លែង​សាធារណៈផ្សេង​ៗក្នុង​​រាជធានីភ្នំពេញ ​ត្រូវ​បាន​​បង្ហូរ​​ទៅ​​​​តំបន់​ដីសើម បឹង ឬ​ទឹក​ទន្លេ​​ដោយ​ផ្ទាល់​តែ​ម្តង គឺ​មិន​មាន​ការ​ចម្រោះ​អ្វី​ទាំង​អស់​។


លោក​បន្ត​ថា ដោយ​​ឃើញ​ពី​ផល​​អវិជ្ជមាន​ទៅ​​ដល់​បរិស្ថាន និង​ជីវិត​​​មនុស្ស​-សត្វ ​ទើប​នៅ​ឆ្នាំ​២០១៤-២០១៦ ក្រុមការ​ងារជំនាញ​​របស់​ JICA បាន​ចាប់​ផ្តើម​ធ្វើ​ការ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​កែលម្អ​ និង​លើក​កម្ពស់​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុងរាជធានី​ភ្នំពេញ។​ គម្រោងនេះបានបង្កើតនូវ​ផែនការមេសម្រាប់​គ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ ​ក្នុង​រាជធានីភ្នំពេញ​រហូត​ដល់​ឆ្នាំ២០៣៥ តាម​រយៈ​ការ​កាត់បន្តការបំពុល​បរិស្ថាន និងលើកកម្ពស់លក្ខខណ្ឌរស់នៅរបស់ប្រជាជន។


បន្ទាប់​ពី​ចំណាយ​ពេល​​យ៉ាង​យូរ​ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​បង្ហូរ​ទឹក​កខ្វក់​ចូល-ចេញ ស្ថានីយប្រពឹត្តកម្ម​ទឹកកខ្វក់ជើងឯក ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការដោយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំកម្ពុជា លោក Ueno Atsushi កាល​ពី​​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ​២០២៣។


លោក​បាន​ថ្លែង​ថា៖​«​ស្ថានីយប្រពឹត្តកម្ម​ទឹកកខ្វក់ជើងឯក ដែល​​ជា​ជំនួយ​របស់​ JICA គឺ​ជា​ចំណែក​ដ៏​​​​សំខាន់​ក្នុង​ការ​ជួយ​ការ​ពារ​បរិស្ថាន និង​លើក​កម្ពស់សុខមាល​ភាព​នៃ​​ជីវិត​រស់​នៅរបស់​​មនុស្ស​-សត្វ។ ទោះ​យ៉ាង​ណាកម្រិត​សមត្ថភាពរបស់​ស្ថានីយ​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​​តិចតួច​បំផុតពី​អ្វី​ដែល​ជា​តម្រូវ​ការជាក់​ស្តែងនា​ពេល​បច្ចុប្បន្ន​»។​​


​ប្រធាន​ស្ថានីយប្រពឹត្តកម្ម​ទឹកកខ្វក់ជើងឯក លោក សូ វុទ្ធី បាននិយាយ​ថា ក្នុង ១ថ្ងៃ​ស្ថានីយប្រពឹត្តកម្ម​ទឹកកខ្វក់ជើងឯក មាន​សមត្ថ​ភាព​អាច​ចម្រោះ​​​ទឹក​កខ្វក់​បាន​ប្រមាណ ៥ ០០០​ម៉ែត្រគូប ដោយ​ស្ថានីយដំណើរការ ២៤ម៉ោងជា​រៀង​រាល់​ថ្ងៃ​។ សមត្ថភាព​របស់​ស្ថានីយ គឺ​មាន​ត្រឹម​តែ ១,៨% ប៉ុណ្ណោះ​នៃ​បរិមាណ​ទឹក​កខ្វក់​ដែល​ត្រូវ​បញ្ចេញ​​ចោល​ជារៀង​រាល់​ថ្ងៃ​នៅ​​តំបន់​ភាគ​ខាង​ត្បូង ខណៈ​នៅ​តំបន់​ភាគ​ខាង​ជើង គឺមិន​ទាន់​មានស្ថានីយប្រព្រឹត្តកម្ម​ទឹក​កខ្វក់ ឡើយ​​។​ ​ 


លោក​និយាយ​ថា៖​«​យើង​ពិត​ជា​ចង់​ឃើញ​ JICA ផ្តល់​​ជំនួយ​បច្ចេក​ទេស និង​ថវិកាគាំទ្រ​សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​បន្ថែម​ទៀត ព្រោះ​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​ធម្មជាតិដោយ​មិន​ឆ្លង​កាត់​ការ​ចម្រោះ​ជាមុន គឺ​នឹង​ផ្តល់​ផល​អវិជ្ជមាន​ច្រើន​សម្រាប់​បរិស្ថាន និង​ការ​រស់​នៅ​របស់​ជីវចម្រុះ​ផ្សេងៗ រួម​ទាំង​មនុស្ស​ផងដែរ​។​


បើ​តាម​លោក សូ វុទ្ធី វិធីសាស្រ្ត​ដែល​បាន​កំណត់​សម្រាប់​ចម្រោះ​ទឹក​កខ្វក់​នៅ​​ស្ថានីយប្រពឹត្តកម្ម​ទឹកកខ្វក់ជើងឯក គឺបច្ចេក​វិទ្យា​ប្រព្រឹត្តកម្ម Pre-Treated Trickling Filter System (PTF) ដែល​មាន​ដូចជា ការ​បង្ហូរ​ទឹកកខ្វក់ចូលអាងស្តុក, ការ​ប្រើ​អេប៉ុងបណ្តែត​ដើម្បី​ចម្រោះទឹក, ការ​ញែក​ចេញ​ធាតុ​រាវ និង​រឹង ... ការ​ដាក់​សារធាតុគីមី ជា​ដើម​៕


Post a Comment (0)
Previous Post Next Post