ក្រសួងជំនាញពីរនិងអង្គការពាក់ព័ន្ធបានរកឃើញការបង្កកំណើតរបស់ផ្កាថ្មជាលើកដំបូងនៅកោះសង្សារ និងជាលើក៣ នៅប្រជុំកោះរ៉ុង ដែលផ្ដល់ក្ដីសង្ឃឹមក្នុងការអភិរក្សផ្កាថ្មក្នុងរយៈពេលវែង។
សេចក្ដីប្រកាសព័ត៌មានរួម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អង្គការសត្វព្រៃ និងរុក្ខជាតិ អង្គការគាំពារធនធានសមុទ្រ ព្រមទាំងមូលនិធិសង្សារ បានរកឃើញ ការបង្កកំណើតរបស់ផ្កាថ្មក្នុងពេលចុះអង្កេតនិងសិក្សាអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹកនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមីនា។ ការងារនេះក៏មានការចូលរួមពី Bubbles Up Dive Centre និង Khmer Dive Group ផងដែរ។
សេចក្ដីប្រកាសព័ត៌មានថ្លែងថា៖ «ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានធ្វើការមុជទឹកនៅពេលយប់ និងតាមដានផ្កាថ្មប៉ប្រះទឹកយ៉ាងយកចិត្តទុកដាក់ ដើម្បីកត់ត្រាសកម្មភាពការបង្កកំណើត និងកត់ត្រាបរិស្ថានជុំវិញ ដើម្បីវាយតម្លៃសុខភាព ផ្កាថ្ម។ ការស្រាវជ្រាវនេះ បានផ្តល់ជាមូលដ្ឋានទិន្នន័យវិទ្យាសាស្ត្រសំខាន់ៗ ដែលជួយឱ្យអ្នកស្រាវជ្រាវបានយល់អំពី វដ្តបន្តពូជរបស់ផ្កាថ្ម ការតាមដានការរស់ឡើងវិញនៃផ្កាថ្ម និងកំណត់កត្តាដែលរួមចំណែកដល់ការគ្រប់គ្រងផ្កាថ្ម ប៉ប្រះទឹកប្រកបដោយប្រសិទ្ធភាព»។
សេចក្ដីប្រកាសព័ត៌មានបន្តថា ទិន្នន័យដែលប្រមូលបាន គឺជាភស្តុតាងមូលដ្ឋានជាយុទ្ធសាស្ត្រក្នុងការអភិ រក្សផ្កាថ្មប៉ប្រះទឹករយៈពេលវែង សម្រាប់ជាប្រយោជន៍ដល់ទាំងជីវៈចម្រុះដែលពឹងផ្អែកលើផ្កាថ្មប៉ប្រះទឹកដែលមានសុខភាពល្អសម្រាប់ជាអាហារ និងជាប្រយោជន៍សម្រាប់សហគមន៍ឆ្នេរសមុទ្រដើម្បីជីវភាពរស់នៅ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងថា៖ «ភាពជោគជ័យនៃការរកឃើញការបង្កកំណើតរបស់ផ្កាថ្មនេះ បានបង្ហាញពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងគ្រប់គ្រងជាបន្តបន្ទាប់នៅក្នុងតំបន់ការពារសមុទ្ររបស់ប្រទេសកម្ពុជា។ ការសហការរវាងរាជរដ្ឋាភិបាល អង្គការដៃគូ និងសហគមន៍ មូលដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការការពារធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី ឱ្យមាន ចីរភាពសម្រាប់មនុស្សគ្រប់ជំនាន់»។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា លទ្ធផលដែលបានបង្ហាញ៣ឆ្នាំជាប់ៗគ្នានេះ ជាសក្ខីភាពបង្ហាញថា សមុទ្ររបស់កម្ពុជាកំពុងមានសុខភាពល្អ ហើយនេះក៏ជា សក្ខីភាពមិនអាចប្រកែកបាននៃជោគជ័យក្នុងការអនុវត្តវិធានការការពារធនធានជលផលរបស់កម្ពុជា។
លោកថ្លែងថា៖ «យើងមិនមែនគ្រាន់តែមានគោលនយោបាយលើក្រដាសនោះទេ តែយើងមានលទ្ធផលជាក់ស្តែងនៅក្នុងសមុទ្រ។ ទោះជាយ៉ាង នេះក្ដីយើងមិនត្រូវស្កប់ស្កល់នឹងលទ្ធផលថ្ងៃនេះត្រឹមប៉ុណ្ណោះទេ យើងនឹងខិតខំបន្តដើម្បីរក្សាលទ្ធផលនេះនៅឆ្នាំក្រោយៗទៀត»។
ក្រុមការងារស្រាវជ្រាវនឹងយកទិន្នន័យដែលប្រមូលបាន ទៅសិក្សាស្រាវជ្រាវបន្ថែមដើម្បីរួមចំណែកដល់ការពង្រឹងការគ្រប់គ្រងធនធានសមុទ្រ និង ធានាថាជីវៈចម្រុះសមុទ្រនៅក្នុងប្រទេសកម្ពុជាឱ្យបន្តកើនឡើង។
កញ្ញា Jun Cheng ប្រធានគ្រប់គ្រងជាន់ខ្ពស់នៃកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រប្រចាំអង្គការសត្វព្រៃ និង រុក្ខជាតិប្រចាំកម្ពុជា បានថ្លែងថា ការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម រយៈពេលបីឆ្នាំជាប់ៗគ្នា គឺជាសញ្ញាដ៏ល្អមួយដែលបង្ហាញថា ផ្កាថ្មប៉ប្រះទឹកនៅក្នុងប្រទេសកម្ពុជានៅតែមានភាពធន់គួរឱ្យកត់សម្គាល់។
កញ្ញាថ្លែងថា៖ «ការរកឃើញទាំងនេះបង្ហាញពីសារៈសំខាន់នៃការបន្តសិក្សាស្រាវជ្រាវព្រឹត្តិការណ៍នេះ និងកិច្ចសហការយ៉ាងរឹងមាំរវាងរាជរដ្ឋាភិបាលអង្គការ និងដៃគូក្នុងស្រុក ដើម្បីធានាបាននូវការការពាររយៈពេលវែងនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏មានតម្លៃទាំងនេះ»៕

