ជន​ជាតិចិន ៥០០នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ជន​ជាតិចិន ៥០០នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ

 ជនជាតិចំនួន ៥០០នាក់​ទៀត ត្រូវ​បាន​បណ្តេញចេញ​ពី​ប្រទេស​កម្ពុជា ពាក់​ព័ន្ធនឹង​ករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។ នេះបើតាម​ការ​ឱ្យ​ដឹង​របស់​អគ្គនាយក​អន្តោ​ប្រវេសន៍ នៅព្រឹក​ថ្ងៃទី​១៦ ខែមីនា​នេះ ហើយកាលពី​ថ្ងៃទី​១៤ ខែមីនា កម្ពុជា​ ក៏បានបណ្តេញ​ជនជាតិ​ចិន ចេញ​ពីប្រទេសចំនួន ៣៣៥នាក់ផងដែរ។


ចំណាត់ការ​នេះ គឺ​អនុវត្តតាម​អនុសាសន៍​​​របស់​​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ហើយ​​លោក​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហការ​ជាមួយស្ថានទូតចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិ​ចិន​សរុប​ចំនួន ៥០០នាក់ (ស្រី១៣នាក់) ចេញពីប្រទេស​កម្ពុជា កាល​ពី​យប់ថ្ងៃទី១៥ ឈានចូល​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ២០២៦។


ជនជាតិ​ចិន​ទាំង​៥០០នាក់នេះ គឺ​ពាក់​ព័ន្ធនឹង​ករណីឆបោក​តាម​ប្រព័ន្ធ​អនឡាញ និងករណីលួចស្នាក់​នៅ ធ្វើការងារ​ខុស​ច្បាប់​នៅ​កម្ពុជា ហើយអ្នកទាំងអស់នេះ ​ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​រយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាស​អន្តរជាតិ​តេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសកងកេង (ខេត្តព្រះសីហនុ)។


ដោយឡែក កាល​ពីទី១៤ ខែមីនា​កន្លង​មកនេះ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ក៏​បាន​សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា ​​បណ្តេញ​ជន​ជាតិចិនសរុបចំនួន ៣៣៥នាក់ (ស្រី៤នាក់) ចេញពីប្រទេស​កម្ពុជា ពាក់​ព័ន្ធករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ និង​ករណី​លួចស្នាក់​នៅ ធ្វើការងារ​ខុស​ច្បាប់​ផងដែរ ដោយ​អ្នកទាំង​នោះ ត្រូវ​បាន​បណ្ដេញ​ចេញ​តាម​រយៈយន្តហោះពិសេស នៅ​ប៉ុស្តិ៍នគរបាលច្រកទ្វារ​អាកាស​អន្តរជាតិតេជោ។


ការបណ្ដេញ​ជន​ជាតិ​បរទេស​ខាង​លើ​នេះ គឺ​​អនុវត្តតាម​វិធាន​ការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បោស​សំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានា​ការពារ​សុវត្ថិភាព​ជូន​ប្រជាពល​រដ្ឋ​ទាំង​ក្នុង​តំបន់ និង​សកល​លោក ដោយ​គ្មាន​ការលើក​លែង​នោះ​ឡើយ ចំពោះ​មេខ្លោង​នៅ​ពី​ក្រោយ ក៏​ដូច​ជាការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ ដែលត្រូវមេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​មានសេរីភាព និង​អាច​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ៕


Post a Comment (0)
Previous Post Next Post