អភិបាលខេត្ដ​អះអាងថា រតនគិរីគ្មាន​ Scam Online ខណៈ​អាជ្ញាធរ​កម្ពុជា​កំពុង​បង្ក្រាប​ទូទាំងប្រទេស​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

អភិបាលខេត្ដ​អះអាងថា រតនគិរីគ្មាន​ Scam Online ខណៈ​អាជ្ញាធរ​កម្ពុជា​កំពុង​បង្ក្រាប​ទូទាំងប្រទេស​

 ខេត្ដ​រតនគិរី៖ អភិបាលខេត្ត​រតនគិរី លោក ញឹម សំអឿន បាន​អះអាងថា ខេត្តរតនគិរី​មិនមាន​សកម្មភាព Scam Online ឡើយ ខណៈ​អាជ្ញាធរ​កម្ពុជា​កំពុង​បន្ត​យុទ្ធនាការ​បង្ក្រាប​បណ្ដាញ​ឆបោក​តាម​អន​ឡាញ​ទូទាំងប្រទេស​។​


ការអះអាង​នេះ​ធ្វើឡើង ខណៈ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បានឱ្យដឹងថា អាជ្ញាធរ​បាន​បង្ក្រាប​ទីតាំង​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឆបោក​តាម​អន​ឡាញ​ប្រហែល ២៥០ កន្លែង ចាប់តាំងពី​ខែកក្កដា ឆ្នាំ​២០២៥​មក​។


ក្នុងចំណោម​នោះ ទីតាំង​ជិត ២០០ កន្លែង​ត្រូវបាន​បិទ ខណៈ​ជនសង្ស័យ​ជាង ៣,៤០០ នាក់ ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវបាន​ចាប់ខ្លួន​ក្នុង​រយៈពេល​ប្រមាណ ៤ ខែ​។​


មន្ត្រី​បាន​បញ្ជាក់ថា ករណី​ផ្លូវច្បាប់​ចំនួន ៧៩ ករណី ត្រូវបាន​បើក​ស៊ើបអង្កេត ដែល​ពាក់ព័ន្ធ​នឹង​មេខ្លោង និង​បក្ខពួក​សង្ស័យ​ចំនួន ៦៩៧ នាក់ ខណៈ​ជនបរទេស​ប្រមាណ ១១,០០០ នាក់ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព Scam ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​។


ប្រតិបត្តិ​ការបង្ក្រាប​ទាំងនេះ​ត្រូវបាន​អនុវត្ត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១៧ ផ្សេងទៀត រួមមាន​ខេត្ត​ព្រះសីហនុ កណ្តាល និង​ក្រុង​ប៉ោយប៉ែត​ជាដើម ដែល​អាជ្ញាធរ​បាន​រកឃើញ​សកម្មភាព​បណ្ដាញ​ឆបោក​តាម​អន​ឡាញ​។


​ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក ញឹម សំអឿន បាន​អះអាង​យ៉ាងច្បាស់​ថា ខេត្តរតនគិរី​មិនមាន​សកម្មភាព Scam Online ឡើយ​។​


លោក​បាន​បញ្ជាក់ថា​៖ «Scam online នេះ​ក្នុង​ខេត្តរតនគិរី​មិនមាន​ទេ​។ ខ្ញុំ​មិនឱ្យ​មាន​ជាដាច់ខាត​។ ខេត្តរតនគិរី​អត់​អី​ពិបាក​ទេ មិន​ដូច​ភ្នំពេញ ដែលមាន​កន្លែង​ស្មុគស្មាញ​ច្រើន​។ នៅទីនេះ បើ​មានផ្ទះ​សំណាក់​ណា មាន​ជនបរទេស ៤-៥ នាក់​ឡើងទៅ យើង​ដឹង​ពី​ពួកគេ​ថា តើ​ជា​ទេសចរ ឬ​ក្រុម scam online គឺ​ខុសគ្នា​ដាច់ស្រឡះ រួមទាំង​អ្នកវិនិយោគ​»​។​


អភិបាលខេត្ត​រតនគិរី​ក៏បាន​បញ្ជាក់ថា ខេត្ត​មិន​អនុញ្ញាត​ឱ្យមាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ផងដែរ រួមមាន​ល្បែង​ជល់​មាន់ បៀរ និង​អាប៉ោង​ជាដើម​។​


លោក​បាន​លើកឡើងថា ប្រជាពលរដ្ឋ​តែង​និយាយថា ល្បែងស៊ីសង​នាំឱ្យមាន​អន្តរាយ បាត់បង់​ប្រាក់​កាក់ ខាតបង់​ពេលវេលា និង​អាច​បង្កឱ្យមាន​អំពើហិង្សា​ផងដែរ ដូច្នេះ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យមាន​សកម្មភាព​ទាំង​នេះឡើយ​។​


យ៉ាងណាក៏ដោយ លោក​បានបញ្ជាក់​បន្ថែម​ថា ល្បែង​អន​ឡាញ និង ឆបោកអនឡាញ​ Scam Online មាន​លក្ខណៈ​ខុសគ្នា ខណៈ​ល្បែង​អន​ឡាញ​ដែល​អ្នកលេង​អាច​ប្រតិបត្តិការ​តាម​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន គឺ​ពិបាក​ក្នុងការ​បង្ក្រាប​៕


Post a Comment (0)
Previous Post Next Post