ក្រសួង​ដាក់ឲ្យប្រើប្រាស់​ផ្លូវការ​ប្រព័ន្ធ​ទិន្នន័យ​ពេទ្យ​ទូទាំងប្រទេស​និង​ប្រព័ន្ធ​តាមដាន​ប្រវត្តិការផ្ដល់ថ្នាំ​បង្ការ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួង​ដាក់ឲ្យប្រើប្រាស់​ផ្លូវការ​ប្រព័ន្ធ​ទិន្នន័យ​ពេទ្យ​ទូទាំងប្រទេស​និង​ប្រព័ន្ធ​តាមដាន​ប្រវត្តិការផ្ដល់ថ្នាំ​បង្ការ

 ក្រសួង​ពីរ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​​​​បង្ហាញទីតាំង​ពេទ្យឯកជន​ដែល​មាន​បញ្ជាក់​ប្រភេទ​សេវា និង​សុពលភាព និងប្រព័ន្ធ​​តាមដាន ​​ថា​តើ​បុគ្គល​ម្នាក់​ធ្លាប់​បាន​ទទួល​​វ៉ាក់សាំង​ប្រភេទ​អ្វី​ខ្លះ ខណៈដែល​រដ្ឋាភិបាល​កំពុង​ជំរុញ​ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន។


ប្រព័ន្ធ​ដែល​ត្រូវ​បាន​ដាក់​ឲ្យប្រើប្រាស់​ផ្លូវការ​នៅ​ថ្ងៃទី១២ ខែមីនា គឺ​ប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) និង​ប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) ដែល​ដាក់ឲ្យដំណើរការ​ក្រោម​អធិបតីភាព​របស់​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង​មានអ្នក​ចូលរួម​ជាង ៣៣០០​នាក់ ទាំងផ្ទាល់​និង​តាម​ Zoom។


ប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) ត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង ដូចជា មើលទីតាំងនៃមូលដ្ឋានសុខាភិបាលឯកជនទូទាំងប្រទេសកម្ពុជា, ស្វែងយល់ពីទំហំ និងប្រភេទនៃមូលដ្ឋានសុខាភិបាលឯកជននីមួយៗ ដូចជា​​ចំនួននិងប្រភេទបុគ្គលិក និងប្រភេទសេវា, និង តាមដានស្ថានភាព និងភាពស្របច្បាប់របស់មូលដ្ឋានសុខាភិបាលឯកជន។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម។


ប្រព័ន្ធ HFMIS នេះ ក៏​អាច​មានព័ត៌មាន​បច្ចុប្បន្នភាពទិន្នន័យមូលដ្ឋានសុខាភិបាលទាំង​អស់, បញ្ជាក់​ពី​សុពលភាព​នៃ​អាជ្ញាបណ្ណ​ពេទ្យ​ឯកជន, ប្រភេទមូលដ្ឋានសុខាភិបាល និង​​បញ្ជីឈ្មោះមូលដ្ឋានសុខាភិបាល ដែល​មាន​ភ្ជាប់​​នៅលើ Google Map។


ចំណែក​ប្រព័ន្ធ EIR មានមុខងារសំខាន់ៗ ដូចជា បង្កើតគណនីនៃការចាក់ថ្នាំបង្ការជូនប្រជាពលរដ្ឋ និងអាចស្វែងរកព័ត៌មាននៃការចាក់ថ្នាំបង្ការបានយ៉ាងងាយស្រួលនិងឆាប់រហ័ស, កត់ត្រាប្រវត្តិនៃការទទួលថ្នាំបង្ការរបស់ទារក កុមារ និងប្រជាពលរដ្ឋទូទៅ និងកាលវិភាគដែលនឹងត្រូវទទួលថ្នាំបង្ការបន្ទាប់, និង​ តាមដាននិងផ្ទៀងផ្ទាត់ប្រវត្តិនៃការទទួលថ្នាំបង្ការគ្រប់ប្រភេទដោយស្វ័យប្រវត្តិ ដើម្បីជំនួសឱ្យការកត់ត្រាក្នុងទម្រង់ជាក្រដាស។


បន្ថែម​ពី​លើ​នេះ ប្រព័ន្ធ​នឹង​ជួយ​ឲ្យ​​អ្នកផ្ដល់​សេវា​​​និង​អ្នក​ប្រើប្រាស់​អាចចូលទៅពិនិត្យមើល និងទាញយករបាយការណ៍ប្រចាំខែអំពីទិន្នន័យអ្នកទទួលថ្នាំបង្ការ ដើម្បីជាមូលដ្ឋានក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។


EIR កត់ត្រាប្រវត្តិនៃការចាក់ថ្នាំបង្ការដោយដៃនិងប្រើក្រដាស ទៅជាការកត់ត្រាតាមប្រព័ន្ធឌីជីថលដោយស្វ័យប្រវត្តិ ដែលរួម​បញ្ចូល​ កាលវិភាគផ្តល់ថ្នាំបង្ការសម្រាប់ទារកអាយុក្រោម ២ឆ្នាំ (Routine Vaccination), ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន (HPV Vaccines) សម្រាប់កុមារីអាយុ ៩ឆ្នាំ, ការផ្តល់វ៉ាក់សាំងតេតាណូស និងខាន់ស្លាក់សម្រាប់ស្ត្រីក្នុងវ័យបន្តពូជអាយុចាប់ពី១៥ឆ្នាំ ដល់ ៤៤ឆ្នាំ និង វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋទូទៅ ដូចជាវ៉ាក់សាំងកូវីដ-១៩ ជាដើម។


ប្រព័ន្ធ EIR មាន​ដើម​កំណើត​ចេញ​ពី​ប្រព័ន្ធចាក់វ៉ាក់សាំង (vaccine.gov.kh) ដែល​ត្រូវ​បានបង្កើត​ឡើង​កាល​ពី​សម័យ​កូវីដ១៩។ ដោយសារ​តែ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធអេឡិចត្រូនិកសម្រាប់​ចុះបញ្ជីផ្តល់ថ្នាំបង្ការកូវីដ១៩ ទើប​ប្រព័ន្ធ​នេះ​ត្រូវបាន​អភិវឌ្ឍ​បន្ថែម​សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​លើ​ការ​តាមដាន​ការ​ផ្ដល់​និង​ប្រើប្រាស់​វ៉ាក់សាំង​យ៉ាង​ទូលំទូលាយ។


គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រព័ន្ធ EIR ត្រូវបានប្រើប្រាស់រួច​ហើយ​នៅមូលដ្ឋានសុខាភិបាលចំនួន ១,៤៤៣ ទីតាំង បុគ្គលិកប្រើប្រាស់ចំនួន ២,៦៥៤ នាក់ ទិន្នន័យប្រជាពលរដ្ឋបានចុះក្នុងប្រព័ន្ធចំនួន ១៧៤,៦៨៨ នាក់ និងកំណត់ត្រាវ៉ាក់សាំងចំនួន ១,១០០,១៤៩។


ក្រសួងទាំងពីរ​បញ្ជាក់​​ថា៖ «ក្រោយពីដាក់ឱ្យដំណើរការសាកល្បងអស់រយៈពេលជាងមួយឆ្នាំកន្លងមក ប្រព័ន្ធ EIR ទទួលបានការសាទរជាច្រើន ដែលឈានដល់ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព នៅទូទាំងប្រទេស។


ក្រសួង​បន្ត​ថា៖ «១ជាមួយគ្នានេះ ប្រជាពលរដ្ឋទូទៅក៏អាចពិនិត្យមើលប្រវត្តិនៃការទទួលថ្នាំបង្ការនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព ឬប៉ុស្ដិ៍សុខភាពរបស់រដ្ឋ តាមរយៈកម្មវិធី MyHealth ដែលជាកូនកម្មវិធី (Mini-App) នៅក្នុងកម្មវិធី DGSuperApp ផងដែរ»៕


Post a Comment (0)
Previous Post Next Post